ពលករ​​ខ្មែរ​សម្រុក​ចេញ​ទៅ​ថៃ​ដូច​ទឹក​បាក់​ទំនប់​ តាម​ច្រក​របៀង​

ពលករ​​ខ្មែរ​សម្រុក​ចេញ​ទៅ​ថៃ​ដូច​ទឹក​បាក់​ទំនប់​ តាម​ច្រក​របៀង​



ប៉ោយប៉ែត​ ៖ ​រហូត​​មក​ដល់​ពេល​នេះ ​គេ​​នៅ​តែ​​​​​ឃើញ​​​​​ពលករ​ខ្មែរ​ ​​បន្ត​​សម្រុក​ទៅ​កាន់​ប្រទេស​ថៃ​ដដែល ​ខណៈ​សមត្ថកិច្ច ​និង​អាជ្ញាធរ ​កំពុង​បើក​យុទ្ធនាការ​ចុះ​ចែកចាយ​ទឹក​ជូន​ពលរដ្ឋ​ ដែល​កំពុង​ខ្វះ​ទឹក​នៅ​តាម​បណ្ដា​​ស្រុក​នានា​ក្នុង​ខេត្ត​បន្ទាយមានជ័យ។

ច្រក​របៀង​ជា​ច្រើន​​ចាប់ពី​ស្រុក​ម៉ាឡៃ​រហូត​​​ដល់​ស្រុក​ថ្មពួក​ ​ដែល​ភាគ​ច្រើន​ជា​កម្មសិទ្ធិ​របស់​ប៉ូលិស​ការពារ​ព្រំដែន​គោក​ ​កំពុង​តែ​មមាញឹក​ក្នុង​ការ​​ទទួល​ឲ្យ​ពលករ​ចេញ​ទៅ​ថៃ។

ជុំវិញ​បញ្ហា​នេះ​ មាន​ការ​លើក​ឡើង​ពី​សំណាក់​មហាជន​ថា​ ក្រោយ​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ​រួច​គេ​បាន​សង្កេត​​ឃើញ​​ពលករ​ខ្មែរ​​​​ សម្រុក​ចាកចេញ​ពី​ស្រុក​​កំណើត​ឆ្ពោះ​ទៅ​ប្រទេស​ថៃ​​ ច្រើន​ហួស​ពី​ការ​ស្មាន ហើយ​ច្រក​របៀង​របស់​ប៉ូលិស​ទទួលខុសត្រូវ​នោះ​ បាន​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចេញ​ទៅ​ថៃ​ ហើយ​គេ​យក​លុយ​ក្នុង​ម្នាក់ៗ​២០០០​ទៅ​៣០០០​បាត​ឯណោះ។ ចំពោះ​ការ​ចេញទៅ​ថៃ​ម្ដង​ៗ​គឺ​មាន​ចំនួន​១០០០​ទៅ​១០០០០​ក្នុង​មួយថ្ងៃ​ ហើយ​ចេញ​គ្រប់​ច្រក​តែ​ម្ដង​ នៅ​ពេលណា​ ដែល​ក្រុម​អ្នក​កាសែត​តាម​ទាន់​​​គេ​ប្រើ​រូបភាព​ទប់ស្កាត់​យក​ស្នាដៃ​ ​រួច​ហៅ​អ្នក​កាសែត​ថត​ផ្សព្វផ្សាយ​តែ​ម្ដង។

មហាជន​បន្ត​ទៀត​ថា​ ឥឡូវនេះ​មេ​ស្នងការ​ខេត្ត​ និង​អភិបាលខេត្ត​កំពុង​ជាប់រវល់​ចែក​ទឹក​ជូន​ពលរដ្ឋ​តាម​មូលដ្ឋាន​ ជាហេតុ​​​​ធ្វើ​ឲ្យ​​​មន្ត្រី​ប៉ូលិស​តាម​ច្រក​របៀង​​មាន​ឱកាស​​​យក​លុយ​ពី​ពលករ​លើស​ដើម ​​រួច​អនុញ្ញាត​ឲ្យ​ចេញ​ទៅ​ថៃ​យ៉ាង​រំភើយ​បំផុត។

មហាជន​​​បញ្ជាក់​ថា ​លោក​មេ​ប៉ុស្តិ៍​ខ្លះ ​(​​​សុំ​មិន​បញ្ចេញ​​​ឈ្មោះ​)​ បាន​លួច​លក់​សត្វ​គោមួយ​ក្បាល​ក្បត់​ប្រពន្ធ​បាន​តម្លៃ​៧០០​ដុល្លារ​សម្រាប់​យក​ទៅ​បិទមាត់​ក្រុម​ទូរទស្សន៍​ចំនួន​៧​អង្គភាព​ និង​ក្រុម​អ្នក​កាសែត​មួយ​ចំនួន ​កុំ​ឲ្យ​ផ្សាយ​ពី​សកម្មភាព​ពលករ​​​​​សម្រុក​ចេញ​តាម​ច្រក​របស់​ខ្លួន​នៅ​ក្នុង​ស្រុក​ម៉ាឡៃ៕
ពលករ​​ខ្មែរ​សម្រុក​ចេញ​ទៅ​ថៃ​ដូច​ទឹក​បាក់​ទំនប់​ តាម​ច្រក​របៀង​