លោក​ Ted Cruz រង​ការ​ស្តី​បន្ទោស​អំពី​រឿង​មតិ​មាក់​ងាយ​តម្លៃ​អ្នក​បុរី​ញូវយ៉ក

លោក​ Ted Cruz រង​ការ​ស្តី​បន្ទោស​អំពី​រឿង​មតិ​មាក់​ងាយ​តម្លៃ​អ្នក​បុរី​ញូវយ៉ក

លោក Ted Cruz ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ក្នុង​ព្រឹត្តិការណ៍​យុទ្ធនាការ​នៅ​ក្នុង​ក្រុង San Diego រដ្ឋ California កាលពី​ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦។នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​នឹង​ឈាន​ដល់​ការ​បោះឆ្នោត​បឋម​នៅ​ក្នុង​រដ្ឋ​ញូវយ៉ក ​ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​នោះ​ លោក​ Ted Cruz កំពុង​រៀន​សូត្រ​មេរៀន​ថ្មី​ស្តី​ពី​តម្លៃ​នៃ​វប្បធម៌​អ្នក​ទីក្រុង​ញូវយ៉ក។​
ញូវយ៉ក—

នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​នឹង​ឈាន​ដល់​ការ​បោះឆ្នោត​បឋម​នៅ​ក្នុង​រដ្ឋ​ញូវយ៉ក ​ដើម្បី​ជ្រើសរើស​ប្រធានាធិបតី​នោះ​ លោក​ Ted Cruz កំពុង​រៀន​សូត្រ​មេរៀន​ថ្មី​ស្តី​ពី​តម្លៃ​នៃ​វប្បធម៌​អ្នក​ទីក្រុង​ញូវយ៉ក។​ សមាជិក​ព្រឹទ្ធសភា​មក​ពី​រដ្ឋ​ Texas រូប​នេះ​ ហាក់​ដូច​ជា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឱកាស​នៃ​ការ​ធ្វើ​យុទ្ធនាការ​របស់​លោក​ដើម្បី​ទទួល​បាន​ជ័យជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​បឋម​ថ្ងៃ​អង្គារ​ខាង​មុខ​នេះ​ ដោយ​សារ​តែ​លោក​បាន​វាយ​ប្រហារ​ដោយ​ផ្ទាល់​ទៅ​លើ​លោក​ Donald Trump បេក្ខជន​នាំ​មុខ​នៃ​គណបក្ស​សាធារណរដ្ឋ​នៅ​ដើម​ឆ្នាំ​នេះ​ ហើយ​ការណ៍​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​បាន​មាក់ងាយ​ដល់ទីក្រុង​ញូវយ៉ក​នេះ​ទាំង​មូល។​ ​ គូ​បដិបក្ខ​មក​ពីគណបក្ស​សាធារណរដ្ឋ​ដូច​គ្នា​របស់​លោក​នឹង​មិន​ឲ្យ​លោក​រួច​ខ្លួន​ស្រួលៗ​នោះ​ទេ។​

សម្រាប់​សមាជិក​ព្រឹទ្ធសភា​លោក​ Ted Cruz ប៉ុន្មាន​ថ្ងៃ​មុន​ឈាន​ដល់​ការ​បោះឆ្នោត​បឋម​នៅ​រដ្ឋ​ញូវយ៉ក​គឺ​ជា​សុបិន្ត​ដ៏​អាក្រក់​មួយ។​

អ្នក​ក្រុង​ញូវយ៉ក​ខ្លះស្រែក​ថា៖

«ប្រសិន​បើ​អ្នក​ប្រឆាំង​នឹង​ជន​អន្តោប្រវេសន៍​នោះ​ អ្នក​មិន​ត្រូវ​បាន​ស្វាគមន៍​នៅ​ទី​នេះ​នោះ​ទេ»។​

«ចេញ​ពី​សង្កាត់​ Bronx នេះ​ទៅ»។​

នៅ​សង្កាត់​ទាំង​៥ នៃ​ទីក្រុង​ញូវយ៉ក​ អ្នក​រស់​នៅ​ទីនោះ​បាន​ឲ្យ​លោក​ Cruz ស្គាល់​រសជាតិ​នៃ​តម្លៃ​របស់​ពួកគេ។​

អ្នកស្រី​ Bella អ្នករស់​នៅ​សង្កាត់​ Brooklyn ថ្លែង​ថា៖
«លោក​ Cruz ត្រូវ​តែ​ត្រឡប់​ទៅ​ផ្ទះ​របស់​លោក​វិញ។​ មើល​មុខ​របស់​គាត់​ទៅ»។​

នៅ​ពេល​ដែល​ថ្នាក់​ដឹកនាំ​ទីក្រុង​និង​រដ្ឋ​ញូវយ៉ក​បាន​ទាមទារ​ឲ្យ​លោក​ Cruz ដែល​ជា​សមាជិក​ព្រឹទ្ធសភា​រដ្ឋ​ Texas សុំ​ទោស​ចំពោះ​ពាក្យ​សម្តីរបស់​លោក​ដែល​បាន​លើក​ឡើង​កាល​ពី​ខែ​មករា​ ដែល​លោក​បាន​ធ្វើ​ការ​រិះគន់​ទៅ​លើ​ពាណិជ្ជករ​លោក​ Donald Trump ​ ដែល​បាន​គាំទ្រ​តម្លៃ​របស់​អ្នក​ក្រុង​ញូវយ៉ក ថា​ជា​‍‍«តម្លៃ​សង្គម​សេរី​និយម‍» ​មួយ​នោះ​ លោក​សមាជិក​ព្រឹទ្ធសភា​រដ្ឋ​តិចសាស់​ Ted Cruz ​យល់​ស្រប​ធ្វើ​ការ​សុំ​ទោស​ដោយ​មាន​លក្ខខណ្ឌ។​

លោក​ Ted Cruz បេក្ខជន​មក​ពី​គណបក្ស​សាធារណរដ្ឋ​ថ្លែង​ថា៖

«ខ្ញុំ​សូម​អភ័យ​ទោស​ចំពោះ​ពលរដ្ឋ​ញូវយ៉ក​ដែល​គាំទ្រ​ជីវិត​រស់​នៅ ​(ប្រឆាំង​ការ​រំលូត​កូន) ដែល​គាំទ្រ​ការ​រៀប​អាពាហ៍ពិពាហ៍​ (ប្រឆាំង​អាពាហ៍ពិពាហ៍​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា) និង​អ្នក​គាំទ្រវិសោធនកម្ម​លើក​ទី២ (គាំទ្រ​សិទ្ធិ​កាន់​អាវុធ)​ ដែល​អភិបាល​រដ្ឋ​ញូវយ៉ក​គឺ​លោក​ Cuomo បាន​ប្រាប់​ថា​ មិន​មាន​កន្លែង​សម្រាប់​ពួក​គេ​នៅ​ក្នុង​រដ្ឋញូវយ៉ក​នោះ​ពីព្រោះ​ថា​ អ្នក​រស់​នៅ​ញូវយ៉ក គឺ​មិន​ដូច្នោះ​នោះ​ទេ»។

ប៉ុន្តែ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ណា​មួយ​ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ពី​មូលដ្ឋាន​អភិរក្ស​និយម​នៅ​រដ្ឋ​ញូវយ៉ក ប្រហែល​មិន​បាន​ផល​នោះ​ទេ។​ ទោះបី​ជា​លោក​ Cruz ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី​២​ ក្នុង​ចំណោម​បេក្ខជន​គណបក្ស​សាធារណរដ្ឋ​ក៏​ដោយ​ ពិន្ទុ​របស់​លោក​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​រដ្ឋ​ចុង​ក្រោយ​នេះ​គឺ​តិច​ជាង​លោក​ Trump ៣៥ពិន្ទុ​ ហើយ​លោក​ Trump បានចាប់​យក​ឱកាសវាយ​ប្រហារ​ចំណុច​នេះ។

លោក​ Donald Trump បេក្ខជន​មក​ពី​គណបក្ស​សាធារណរដ្ឋ​ថ្លែង​ថា៖

«លោក​ Cruz​ មាត់​និយាយ​ថា​តម្លៃ​របស់​អ្នក​ញូវយ៉ក។​ ប៉ុន្តែទឹក​មុខ​របស់​គាត់ពោរពេញ​ទៅ​ដោយ​ការ​ប្រមាថ»។​

អភិបាល​រដ្ឋ​ Ohio លោក​ John Kasich ដែល​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​ ២ និង​នាំ​មុខ​លោក​ Cruz បាន​ចេញ​ការ​ផ្សាយ​ពាណិជ្ជកម្ម​តាម​ទូរទស្សន៍​ថ្មី​មួយ​ហៅ​ថា​ «តម្លៃ»។

 

​ខ្លឹមសារ​ដកស្រង់​ខ្លះ​នៃ​វីដេអូ​នេះ​ឃោសនា​ថា៖

«លោក​ Ted Cruz មើល​ងាយ​ពី​តម្លៃ​អ្នក​ញូវយ៉ក»។

«ខ្ញុំ​គិត​ថា​មនុស្ស​ភាគ​ច្រើន​ស្គាល់​ច្បាស់​ពី​អ្វី​ដែល​ជា​តម្លៃ​របស់​អ្នក​ញូវយ៉ក»។​

«លោក​ Ted Cruz បំបែកបំបាក់​ដើម្បី​ទទួល​សំឡេង​ឆ្នោត។​ លោក​ John Kasich សាមគ្គី​ដើម្បី​សម្រេច​ការងារ»។​

ជា​មធ្យម​ អ្នក​គាំទ្រ​គណបក្ស​សាធារណរដ្ឋ​នៅ​ក្រុង​ញូវយ៉ក​មិន​សូវ​អភិរក្សនិយម​នៅ​ក្នុង​សង្គម​ដូច​ពួក​មក​ពី​រដ្ឋ​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នោះ​ទេ។​

ប៉ុន្តែ​នេះ​មិន​មែន​មាន​ន័យ​ថា​ លោក​ Cruz ​មិន​រក​បាន​ការ​គាំទ្រ​ច្រើន​នោះ​ទេ​ រួម​ទាំង​ពីពី​សំណាក់​សមាជិក​សហគមន៍​ជ្វីហ្វ (Jewish) នៅ​ឆ្នេរ​ Brighton ដែល​មនុស្ស​ជា​ច្រើន​មាន​គំនិត​ដូច​លោក​ទាក់ទិន​នឹង​តម្លៃ​គ្រួសារ។

«លោក​ឈរ​លើ​ជំហរ​នៃ​តម្លៃ​ក្រម​សីលធម៌។​ វា​មាន​សារៈសំខាន់​ក្នុង​ការ​មាន​គ្រួសារ​មួយ​ជា​កោសិកា​សង្គម​រឹងមាំ»។​ 

អ្នក​ដទៃ​ទៀត​គាំទ្រ​គោល​ជំហរ​ដ៏​មុតមាំ​របស់​លោក​ Cruzទាក់ទិន​នឹង​បញ្ហា​អន្តោប្រវេសន៍​នេះ។​

«ប្រសិន​បើ​នរណា​ម្នាក់​គាស់​ចូល​ផ្ទះ​របស់​អ្នក​ អ្នក​នឹង​មិន​ឲ្យ​អ្នក​នោះ​ស្នាក់​នៅ​ផ្ទះ​របស់​អ្នក​ទេ។​ ហើយ​ប្រសិន​បើ​នរណា​ម្នាក់​លួច​ចូល​ប្រទេស​របស់​យើង​ យើង​នឹង​បញ្ជូន​អ្នក​នោះ​ត្រឡប់​ទៅ​វិញ​ផង​ដែរ»។​

ប៉ុន្តែ​លោក​ Cruz ដែល​បាន​ចូលរួម​ធ្វើ​នំ​ Matzo ជាមួយ​សហគមន៍​ជ្វីហ្វ (Jewish) កាល​ពី​សប្តាហ៍​មុន​ ហាក់​ដូច​ជា​អស់​វេលា​ដើម្បី​បញ្ចុះបញ្ចូល​ពលរដ្ឋ​ក្រុង​ញូវយ៉ក​ក្នុង​ការ​ជ្រើសរើស​លោក​ ជា​ជាង​ជ្រើសរើស​យក​លោក​ Trump និង​លោក​ Kasich ហើយ៕

ប្រែសម្រួល​ដោយ ស្រេង​ លក្ខិណា