ពលរដ្ឋ​ក្នុង​រដ្ឋ​ញូវយ៉ក​បោះ​ឆ្នោត​ប្រធានាធិបតី​បឋម

ពលរដ្ឋ​ក្នុង​រដ្ឋ​ញូវយ៉ក​បោះ​ឆ្នោត​ប្រធានាធិបតី​បឋម

ពលរដ្ឋ​ក្នុង​ក្រុង​ញូវយ៉ក​បោះ​ឆ្នោត​បឋម​នៅ​ស្ថានីយ៍​បោះ​ឆ្នោត​ក្នុង​តំបន់​ Brooklyn កាល​ពីថ្ងៃអង្គារ​ ទី១៩ ខែមេសា ឆ្នាំ២០១៦។

កាល​ពី​ថ្ងៃ​អង្គារ​ ក្រុម​អ្នកបោះឆ្នោត​នៅ​ក្នុង​រដ្ឋ​ញូវយ៉ក​ បាន​ទៅ​កាន់​ស្ថានីយ៍​បោះឆ្នោត​ដើម្បី​បោះឆ្នោត​ប្រធានាធិបតី​បឋម​។ ​ការ​ស្ទង់មតិ​នៅ​មុន​ការ​បោះឆ្នោត​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា​ លោកស្រី​ ហ៊ីលឡារី​ គ្លីនតុន​ (Hillary Clinton) ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​និង​លោក ​ដូណាល់​ ត្រាំ​ (Donald Trump)​ ខាង​គណបក្ស​សាធារណរដ្ឋ​នាំ​មុខ​ខ្លាំង​លើស​ពួក​អ្នកប្រជែង​របស់​គាត់​។​

ជ័យជម្នះ​ដាច់​ណាត់​របស់លោកស្រីគ្លីនតុន​ ដែល​ជា​អតីត​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា.​ អាច​ជំរុញ​លោក​ស្រី​ឱ្យ​ក្លាយ​ទៅ​ជាស្ត្រី​ទីមួយ​ដែល​នឹង​ទទួល​ការ​តែង​តាំង​ជា​បេក្ខនារី​ប្រធានាធិបតី​របស់​គណបក្ស​ធំមួយ។ ​ជ័យជម្នះរបស់​លោក​ ត្រាំ ដែល​ជា​មហា​សេដ្ឋី​អចលន​ទ្រព្យ​មាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ដែល​មិន​ធ្លាប់​កាន់​តំណែង​តាម​រយៈ​ការ​បោះឆ្នោត​សោះ​នោះ​ នឹង​រក្សា​ក្តី​សង្ឃឹម​របស់​លោក​ក្នុង​ការ​ទទួល​ការ​តែងតាំង​ជា​បេក្ខជន​របស់​គណបក្ស​សាធារណរដ្ឋ​នៅ​មុន​មហា​សន្និបាត​របស់​គណបក្ស​ក្នុង​ខែ​កក្កដា​ ដែល​ជា​សន្និបាត​ដើម្បី​តែង​តាំង​បេក្ខជន​ប្រធានាធិបតី។​

ទាំង​លោកស្រី​គ្លីនតុល​ ទាំង​លោក​ ត្រាំ​ មាន​ចំណង​ទាក់ទង​ខ្លាំង​ជាមួយ​រដ្ឋ​ញូវយ៉ក។ លោកស្រី​គ្លីនតុន​ បាន​ធ្វើ​រដ្ឋញូវយ៉ក​ឱ្យ​ទៅ​ជា​រដ្ឋ​ដែល​លោក​ស្រី​មាន​លំនៅដ្ឋាន​នៅ​ទី​នោះ​ ហើយ​លោក​ស្រី​បាន​ឈ្នះឆ្នោត​ពីរ​ដង​ក្នុង​ការ​ប្រកួត​ប្រជែង​ដើម្បី​កាន់​តំណែង​ជា​សមាជិកា​ព្រឹទ្ធសភា​ស.រ.អា.​ប្រចាំ​រដ្ឋនេះ។ ចំណែក​ឯ​លោក​ ត្រាំ ​វិញ​បាន​អភិវឌ្ឍ​អចលន​ទ្រព្យ​ជា​ច្រើន​នៅ​ក្នុង​បូរី​ ញូវយ៉កហើយ​លោក​រស់​នៅក្នុង​អាគារ​ខ្ពស់​ប្រណីត​មួយ​ដែល​ដាក់​ឈ្មោះ​លោក​ផ្ទាល់។

ការ​ស្ទង់​មតិ​នយោបាយ​ថ្មីៗ​បំផុត​បានបង្ហាញ​ថា​ លោកស្រី​គ្លីនតុន​ ដែល​ជា​ភរិយា​លោក​អតីត​ប្រធានាធិបតីប៊ីល​ គ្លីនតុន​ (Bill​ Clinton) មាន​ការ​គាំទ្រ​មាន​តួ​លេខ​ពីរ​ខ្ទង់​លើស​លោក​ ប៊ែនី សាន់ឌ័រ​ (Bernie Sanders) សមាជិក​ព្រឹទ្ធ​សភា​ស.រ.អា.​ប្រចាំ​រដ្ឋ​វើម៉ុន (Vermont) ដែល​ជា​គូ​ប្រជែង​តែ​ម្នាក់​គត់​របស់​លោក​ស្រី​និង​ដែល​បាន​វាយ​ប្រហារ​ដល់​ចំណង​ទាក់ទង​ខាង​ហិរញ្ញ​វត្ថុ​របស់​លោកស្រី​ជាមួយ​ប្រធាន​ក្រុមហ៊ុន​ធំៗនៅ​វ៉ល​ស្ទ្រីត (Wall Street)។​

​ការ​ស្ទង់មតិ​នៅ​មុន​ការ​បោះឆ្នោត​ក្នុង​រដ្ឋ​ញូវយ៉ក​បង្ហាញ​ថា​ លោក ត្រាំ​ មាន​ការ​គាំទ្រ​ប្រមាណ​៥០​ភាគ​រយ​ក្នុង​បណ្តា​ពួក​អ្នក​បោះឆ្នោត​ខាង​គណបក្ស​សាធារណរដ្ឋ​ដោយ​លោក​នឹង​មានជ័យជម្នះ​លើ​លោក​ ថិដ ឃ្រូស (Ted Cruz) សមាជិក​ព្រឹទ្ធ​សភា​ស.រ.អា.​ប្រចាំ​រដ្ឋតិច​សាស់​ (Texas) និង​លោក​ចន​ ខាស៊ិស​ (John Kasich) ដែល​ជា​អភិបាល​រដ្ឋអូហៃយ៉ូ (Ohio)៕