លោក អូបាម៉ា៖ សហភាព​អឺរ៉ុប​ដែល​រួបរួម​គ្នា​​ពិត​ជា​ចាំបាច់​ សម្រាប់​ពិភពលោក

លោក អូបាម៉ា៖ សហភាព​អឺរ៉ុប​ដែល​រួបរួម​គ្នា​​ពិត​ជា​ចាំបាច់​ សម្រាប់​ពិភពលោក

ប្រធា​នា​ធិបតី​ស.រ.អា លោក​ Barack Obama ថ្លែង​នៅ​ Hannover Messe ដែល​ជា​ពិរពណ៌ពាណិជ្ជកម្ម​ឧស្សាហកម្ម​បច្ចេកវិទ្យា​ធំបំ​ផុត​ក្នុង​ពិភពលោក​ក្នុង​រដ្ឋធានី​ Hannover ភាគ​ខាង​ជើង​ប្រទេស​អាល្លឺម៉ង់កាលពី​ថ្ងៃ​ទី​២៥​ មេសា ២០១៦។

ប្រធានាធិបតី​អាមេរិក​លោក បារ៉ាក់ អូបាម៉ា​ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា លោក​នឹង​យល់​ព្រមការ​បញ្ជូន​កងកម្លាំង​ពិសេស​រហូត​ដល់​២៥០​នាក់​ទៀត ទៅ​កាន់​ប្រទេស​ស៊ីរី​ដើម្បី​ពង្រឹង​កម្លាំង​ប្រឆាំង​នឹងក្រុម​រដ្ឋ​ឥស្លាម​ ប៉ុន្តែ​លោក​ប្រធានាធិបតី​អាមេរិក​រូប​នេះ ក៏​បាន​អំពាវនាវ​ដល់​សម្ព័ន្ធមិត្ត​អឺរ៉ុប​ឲ្យ​ទទួល​យក​ «បន្ទុក​មួយ​ចំណែក​ដែរ»។

ក្នុង​ពេល​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ លោក អូបាម៉ា មាន​ប្រសាសន៍​ថា កងកម្លាំង​ពិសេស​របស់​អាមេរិក​ទាំង​នេះ «នឹង​មិន​ដឹកនាំ​ការ​ប្រយុទ្ធ​ក្នុង​សមរភូមិ​ផ្ទាល់​ទេ ប៉ុន្តែ​ពួកគេ​នឹង​ដើរ​តួនាទី​ដ៏​សំខាន់» ក្នុង​ដំណើរ​ការ​ ដែល​គេ​បាន​ធ្វើ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមក​នេះ​ដើម្បី​នឹងប្រឆាំង​កងកម្លាំង​របស់​ក្រុម​រដ្ឋ​ឥស្លាម។

​លោក​ប្រធានាធិបតី​អាមេរិក បាន​បន្ត​ថា​សហរដ្ឋ​អាមេរិក​មិន​អាច​ឈ្នះ​សមរភូមិ​ តែ​ម្នាក់​ឯង​បាន​ទេ តែ​ផ្ទុយ​ទៅ​វិញ​សហរដ្ឋ​អាមេរិក​នឹង​ពឹង​លើ «សហភាព​អឺរ៉ុប​ដ៏​ខ្លាំង​មួយ ដើម្បី​ទទួល​យក​បន្ទុក​មួយ​ចំណែក» សម្រាប់​សន្តិសុខ​រួម​គ្នា។

លោក​ថ្លែង​ថា «សាមគ្គីភាព​និង​វិបុលភាព​របស់​អឺរ៉ុប​បាន​ចាក់​ឫសគល់​ជាមួយ​នឹង​វិបុលភាព​ផ្ទាល់​របស់​យើង ដូច្នេះ​សហភាព​អឺរ៉ុប​ដែល​រួបរួម​គ្នាស្អិត​រមួត គឺ​ជា​ភាព​ចាំបាច់​សម្រាប់​ពិភពលោក»។

នៅ​ថ្ងៃ​ច័ន្ទ​នេះ​ដែរ លោក អូបាម៉ា នឹង​ជួប​ជាមួយ​មេដឹកនាំ​មក​ពី បារាំង អង់គ្លេស អាល្លឺម៉ង់ និង​អ៊ីតាលី ដើម្បី​ពិភាក្សា​ថាតើ​ប្រទេស​ទាំង​នេះ អាច​រួមចំណែក​អ្វី​បាន​ខ្លះ ខាង​កងកម្លាំង និង​ការ​ឧបត្ថម្ភ​ខាង​ហិរញ្ញវត្ថុ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម៕