គេរំពឹង​ថា លោក Trump នឹង​ឈ្នះ​​ការបោះឆ្នោត​បឋម​​ក្នុង​រដ្ឋ​ចំនួន​៥​នៅ​ថ្ងៃ​អង្គារ​នេះ

គេរំពឹង​ថា លោក Trump នឹង​ឈ្នះ​​ការបោះឆ្នោត​បឋម​​ក្នុង​រដ្ឋ​ចំនួន​៥​នៅ​ថ្ងៃ​អង្គារ​នេះ

បេក្ខជន​ប្រធា​នា​ធិបតី​គណ​បក្ស​សាធា​រណ​រដ្ឋ​លោក Donald Trump ថ្លែង​នៅ​ក្នុង​ការ​ឃោ​សនា​មួយ​កាល​ពីថ្ងៃ​ច័ន្ទ ទី ២៥ មេសា​ ២០១៦។

គេ​រំពឹង​ថា លោក Donald Trump នឹង​ឈ្នះ​នៅ​ក្នុង​ការបោះឆ្នោត​បឋម​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋ​ចំនួន​៥​នៅ​ថ្ងៃ​អង្គារ​នេះ ដែល​នឹងបង្កើន​ចំនួន​ប្រតិភូ​ដែល​លោក​ត្រូវ​ការដើម្បី​ទទួល​បាន​ការជ្រើសតាំង​ពី​គណបក្ស​សាធារណរដ្ឋ។

ការបោះឆ្នោត​នៅ​ក្នុង​រដ្ឋ Pennsylvania រដ្ឋ Connecticut រដ្ឋ Delaware រដ្ឋ Maryland និង​រដ្ឋRhode Island នឹង​ត្រូវ​ធ្វើ​ឡើង​បន្ទាប់​ពី​គូ​ប្រជែង​ដែល​នៅ​សល់​របស់​លោក Trump បាន​ប្រកាស​ថា ពួកគេ​នឹង​ឃោសនារារាំង​មិន​ឲ្យលោក​ Trump ទទួល​បាន​ប្រតិភូ​ភាគច្រើន​នោះ​ទេ។

​លោក​ Trump ​បាន​ហៅ​ការខំប្រឹងប្រែង​របស់​លោក Ted Cruz សមាជិក​ព្រឹទ្ធសភា​រដ្ឋ​Texas និង​លោក John Kasich ​អភិបាល​រដ្ឋ Ohio ​ថា​មាន​លក្ខណៈ «​គួរ​ឲ្យ​អាណិត​អាសូរ»។

ខណៈ​ដែល​ការបោះឆ្នោត​មាន​សារៈសំខាន់​ណាស់​នៅ​ក្នុង​ដំណើរការ​ជ្រើសតាំងបេក្ខជន​ប្រធានាធិបតី​ ការបោះឆ្នោត​នៅ​ថ្ងៃ​អង្គារ​នេះ​នឹង​កាន់​តែ​សំខាន់​ ដោយសារ​កាល​ណា​លោក Trump ទទួល​បាន​ចំនួន​ប្រតិភូ​កាន់​តែ​ច្រើន​ លោក​នឹង​មាន​ឱកាស​កាន់​តែ​ច្រើនក្នុង​ការទទួល​បាន​ប្រតិភូ​ចំនួន ១២៣៧។ ប្រសិន​បើ​លោក Trump មិន​ទទួល​បាន​ចំនួន​ប្រតិភូ​តាម​ការគ្រោង​ទុក​ទេ​នោះ លោក Cruz និង​លោក​ Kasich អាច​មាន​ឱកាស​ទទួល​បាន​ការជ្រើសតាំង​ជា​បេក្ខជន​ប្រធានាធិបតី​នៅ​ក្នុង​មហាសន្និបាត​បក្ស​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ។

ចំណែក​ឯ​នៅ​ក្នុង​ការប្រកួត​ប្រជែង​ខាង​គណបក្ស​ប្រជាធិបតេយ្យ​វិញ លោកស្រី Hillary Clinton អតីតរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បាន​នាំមុខគេ​នៅ​ក្នុង​ការស្ទង់មតិ​សាធារណៈក្នុង​រដ្ឋ​ចំនួន​៤​ក្នុង​ចំណោម​រដ្ឋ​ដែល​ត្រូវ​បោះឆ្នោត​ទាំង​៥​នៅ​ថ្ងៃ​អង្គារ​នេះ រីឯ​លោក Bernie Sanders សមាជិក​ព្រឹទ្ធសភា​រដ្ឋ Vermont ​នាំ​មុខ​លោកស្រី​តែ​ក្នុង​រដ្ឋ Rhode Island មួយ​តែ​ប៉ុណ្ណោះ៕