៣០​ឆ្នាំ​ក្រោយ​មក​​ រ៉េអាក់ទ័រ​ Chernobyl នៅ​តែ​លេច​ធ្លាយ​វិទ្យុ​សកម្ម

៣០​ឆ្នាំ​ក្រោយ​មក​​ រ៉េអាក់ទ័រ​ Chernobyl នៅ​តែ​លេច​ធ្លាយ​វិទ្យុ​សកម្ម

រូប​ឯក​សារ៖ ម៉ាស៊ីន​រ៉េអាក់ទ័រ​លេខ​៤ នៃ​បរមាណូ​ Chernobyl ត្រូវ​បាន​ហ៊ុំព័ទ្ធ​របង​ក្រោយ​ពេល​លេច​ធ្លាយ​វិទ្យុសកម្ម​នៅ​ឆ្នាំ​១៩៨៨។

ថ្ងៃ​អង្គារ​ម្សិល​មិញជា​កំណត់​ខួប​ឆ្នាំ​ទី​៣០​ នៃ​មហន្តរាយ​បរមាណូ​ Chernobyl ដែល​នៅ​ពេល​នោះ​ ការ​ផ្ទុះ​មួយ​នៅ​ឯ​រោងចក្រ​ថាមពល​មួយ​នៅ​ជិត​ក្រុង​Chernobyl ​បាន​ធ្វើ​ឱ្យ​មាន​ផលប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដល់​តំបន់​ធំធេង​មួយ​ហើយ​បាន​បញ្ជូន​ពពក​វិទ្យុសកម្ម​ទៅ​ទូទាំង​ពិភព​លោក។

នៅ​ក្នុង​មហន្តរាយ​នោះ មនុស្ស​ពីរ​នាក់​បាន​ស្លាប់​ជា​បន្ទាន់ ចំណែក​ឯមនុស្ស​២៩​នាក់​ទៀត​បានស្លាប់​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​បន្ទាប់​មក។​ គេ​បានស្ទង់​ប្រមាណ​ថា​ មាន​មនុស្ស​រាប់​ពាន់​នាក់​ទៀត​បាន​បាត់​បង់ជីវិត​ដោយសារ​ជំងឺ​មហារីក​និង​ជំងឺ​ឯទៀតៗ​ក្នុង​រយៈពេល​ច្រើន​ឆ្នាំ​បន្ទាប់​មក។​

មាន​សារធាតុ​អ៊ុយរ៉ាញ៉ូម​ ជាង​២០០​តោន​នៅ​តែ​ឋិត​នៅ​ឡើយ​នៅ​ក្នុង​កន្លែង​ ម៉ាស៊ីន​រ៉េអាក់ទ័រនោះ ​ដែល​នាំ​ឱ្យ​មានការ​ព្រួយ​បារម្ភ​ថា​ ការ​លេច​វិទ្យុ​សកម្ម​ថ្មី​ទៀត​អាច​កើត​មាន​ឡើង​នៅ​ក្នុង​កន្លែង​នោះ​ដែល​បាន​ត្រូវ​ចាត់​ទុក​ថា​គ្មាន​សុវត្ថិភាព​យ៉ាង​ហោច​ណាស់​រហូត​ដល់​សតវត្សរ៍​ក្រោយ។​

កាលពី​ថ្ងៃ​ចន្ទ​ បណ្តា​ប្រទេស​និង​អង្គការ​ផ្តល់​ជំនួយ​អន្តរជាតិ​បាន​សន្យា​ថា​នឹង​ផ្តល់​ជំនួយ​បន្ថែម​៩៩លាន​ដុល្លារ​ទៀត​ដើម្បី​កសាង​បញ្ចប់​កន្លែង​ស្តុក​ប្រេង​ឥន្ធនៈ​មាន​សុវត្ថិភាព​ជាង​មុន​សម្រាប់​ក្រុង​ Chernobyl។

នៅ​ពេល​នេះ​ម៉ាស៊ីន​រ៉េអាក់ទ័រ​ នេះ​ជា​កន្លែង​សាង​សង​ធំមួយ​ដែល​មាន​ប្រដាប់​ស្ទូច​លេច​ត្រដែត​នៅ​លើ​សំណង់​សេសសល់​នៃ​រោង​ចក្រ​អគ្គិសនី​ប្រើ​កម្លាំង​បរមាណូ​នេះ។

កម្រិត​វិទ្យុ​សកម្ម​នៅតែ​បណ្តាល​ឱ្យ​មាន​ការ​បញ្ចេញ​សញ្ញា​ប្រកាស​គ្រោះ​ថ្នាក់​ក្នុង​ពេល​បី​ទសវត្សរ៍​ក្រោយ​ការផ្ទុះនៅ​ទី​នោះ។

គេ​បាន​បន្ទោស​ការ​ភាន់​ច្រឡំ​របស់​មនុស្ស​និង​ការ​រចនា​រ៉េអាក់ទ័រ​មិន​ល្អ​ ថា​ជា​បុព្វហេតុ​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​នោះ​នៅ​ក្នុង​តំបន់​ដែល​ធ្លាប់​ជា​សហភាព​សូវៀត​។​នៅ​ក្នុង​ការ​ធ្វើ​តេស្ត​សាក​ល្បង​បិទ​ប្រតិបត្តិការ​មួយ​កាល​ពីព្រឹក​ថ្ងៃ​ទី​២៦​ខែ​មេសា​ឆ្នាំ​១៩៨៦​ ការ​ផ្ទុះ​ចំហាយ​ទឹក​បាន​ធ្វើ​ឱ្យ​របើក​ដំបូល​រ៉េអាក់ទ័រ​ លេខ​៤។ ​ផ្ទាំង​ធ្យូង​ថ្ម​ផុយ​មាន​កម្តៅ​ខ្លាំង​បំផុត​បាន​ធ្លាក់​លើ​កន្លែង​នោះ​ហើយ​សារធាតុ​វិទ្យុ​សកម្ម​តូចៗ​ជា​ច្រើន​បាន​ត្រូវ​បញ្ចេញ​ទៅ​ក្នុង​អាកាស៕