ការ​ផ្តល់​មូលនិធិ​សម្រាប់ផ្នែក​សុខាភិបាល​​សាកលលោក​កាន់​តែ​មាន​ភាព​ខ្សត់ខ្សោយ

ការ​ផ្តល់​មូលនិធិ​សម្រាប់ផ្នែក​សុខាភិបាល​​សាកលលោក​កាន់​តែ​មាន​ភាព​ខ្សត់ខ្សោយ

បុគ្គលិក​ផ្នែក​សុខាភិបាល​នៃ​ទីភ្នាក់ងារ UPDF ពិនិត្យ​មើល​កុមារ​ខ្វះ​អាហារូបត្ថម្ភ​ ដែល​​មាន​ជំងឺ​គ្រុនចាញ់​នៅ​ក្រុង​ Bor ប្រទេស​ស៊ូដង់​ខាងត្បូង កាល​ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ​២០១៤។ អ្នក​សេដ្ឋកិច្ច​ផ្នែកសុខាភិបាល​ពិភពលោក​​និយាយថា មូលនិធិ​សម្រាប់​សេវា​ថែទាំ​សុខភាពជុំវិញ​ពិភពលោក​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​កាន់​តែ​ពិបាក​ស្វែងរក​ពី​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃ។​ ការ​ខ្វះខាត​មូលនិធិគឺជា ការ​គម្រាម​កំហែង​ដ៏​ខ្លាំងមួយ​ចំពោះ​ប្រជាជន​ទូទាំង​ពិភពលោក ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​សុខភាព​ដ៏​ប្រល័យ​មួយចំនួន​នៅ​លើ​ពិភពលោក។
វ៉ាស៊ីនតោន—

ប្រជាជន​ដែលកំពុង​តែ​រង​សភាព​ទ្រុឌទ្រោមដោយសារ​ជំងឺ​អេដស៍ ឬ​ស្លាប់​ដោយសារជំងឺ​គ្រុនចាញ់ អាច​នឹង​ក្លាយ​ជា​អ្វី​មួយ​ដែល​កាន់​តែ​មាន​លក្ខណៈ​ធម្មតា​ នៅ​ក្នុង​រយៈពេល២៥​ឆ្នាំ​ខាង​មុខ ដោយសារ​តែ​ការ​ផ្តល់​ជំនួយ​ថវិកា​សម្រាប់​ផ្នែក​សុខាភិបាល​សកលលោក កំពុងតែ​ខ្សត់ខ្សោយ​។

ការ​វាយ​តម្លៃ​ដ៏​អាប់អួរនេះ ត្រូវ​បាន​លើកឡើង​នៅ​ក្នុង​របាយការណ៍​ថ្មី​ចំនួន​ពីរ​ របស់​លោក Joseph Dieleman ដែល​ជា​សេដ្ឋវិទូ នៅ​វិទ្យាស្ថាន​វាយតម្លៃ និង​កំណត់​ស្តង់ដារ​ផ្នែក​ឱសថ (Institute for Medical Metrics and Evaluation) ក្នុង​ក្រុង Seattle​ នៃ​រដ្ឋ​វ៉ាស៊ីនតោន​ ដែល​របាយការណ៍​ទាំងពីរ​នេះត្រូវ​បាន​បោះពុម្ព​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្តី​The Lancet ។

ក្រុម​អ្នក​ជំនាញ​និយាយ​ថា ប្រទេស​ក្រីក្រ​មិន​បាន​ប្រុងប្រយ័ត្ន​ក្នុង​ការ​រក្សា​ថវិកា​ជំនួយ​ដែល​ចាំបាច់​សម្រាប់​ផ្នែក​សុខាភិបាល​សាកលលោក​នោះឡើយ នៅ​ខណៈពេល​ដែលជំនួយ​អន្តរជាតិកំពុង​បន្ត​នៅ​នឹង។

បច្ចុប្បន្ន​ រដ្ឋាភិបាល​ និង​អង្គការ​ដែល​ជា​ម្ចាស់ជំនួយ បាន​ផ្តល់​ថវិកា​ចំនួន​៣៦​ពាន់​លាន​ដុល្លារ​ ទៅ​លើ​ផ្នែក​សុខាភិបាល​ក្នុង​មួយ​ឆ្នាំ។ យោង​តាម​លោក​ Dieleman ​បាន​ឲ្យ​ដឹង​ថា ​ចំនួន​ថវិកា​នេះ​នឹង​បន្ត​កើន​ឡើង​ ប៉ុន្តែ​នៅ​តែ​មិន​អាច​បំពេញ​តាម​តម្រូវការផ្នែក​សុខាភិបាល។​

បញ្ហា​កំណើន​ចំណាយ​នេះ កើត​មាន​ដូចគ្នា​ចំពោះ​ប្រទេស​ដែល​មាន​ចំណូលទាប ដែល​បាន​កើន​ឡើង​ប្រហែល​៤ភាគរយ។

«ប៉ុន្តែ​ជាក់ស្តែង ការ​កើនឡើង​នៃ​ចំណាយ​៤បួន​ភាគរយ​នេះ ស្ថិត​នៅ​ក្នុង​កម្រិត​មួយ​ទាប​រួច​ទៅ​ហើយ។ ទោះ​បី​ជា​វា​ជា​កំណើន​មួយ និងមាន​ន័យ​ថា​ មាន​ការ​ផ្គត់ផ្គង់​ធនធាន​កាន់​តែ​ច្រើន​សម្រាប់​សុខភាព​ ជា​ពិសេស​នៅ​ក្នុង​មជ្ឈដ្ឋាន​ចំណូលទាប​ក្តី​ វា​នៅ​តែ​ជា​គម្លាត​ដ៏​ធំ​មួយ​នៅ​ឡើយ»។

អ្នកស្រាវជ្រាវមួយចំនួន​ បាន​ប្រើប្រាស់​ការ​ស្រាវជ្រាវ​ពី​មុន​ ដែល​ប៉ាន់​ប្រមាណ​នូវ​ការ​ចំណាយ​លើ​ការ​ថែទាំ​សុខភាព​សម្រាប់​មនុស្ស​ម្នាក់ នៅ​ក្នុង​ប្រទេស​ដែល​មាន​ចំណូលទាប គឺ​មាន​ប្រហែល​ ​៨៦ដុល្លារអាមេរិក​ក្នុង​ម្នាក់។

លោក​ Dieleman ​និយាយថា ប្រទេស​ក្រីក្រ​បំផុត អាច​នឹង​ខ្វះខាត​ក្នុង​ការ​ចំណាយ៨៦​ដុល្លារ​សម្រាប់មនុស្ស​ម្នាក់ ក្នុង​គម្រោង​ចំណាយ​ទៅ​លើ​ផ្នែក​សុខាភិបាល​ដែល​តម្រូវ​ចាំបាច់​សម្រាប់សេវា​ផ្នែកនេះ​គ្រោង​នៅ​ឆ្នាំ​២០៤០។

វិបត្តិ​នេះ​អាច​នឹង​ប៉ះពាល់​ដល់​ប្រទេស​ដែល​មាន​ចំណូល​មធ្យម និង​ប្រទេស​ចំណូល​ទាប​ចំនួន៣៥។ ភាគច្រើន​ប្រទេស​ទាំងនេះ​ស្ថិត​នៅ​អនុតំបន់​សាហារ៉ា​នៃ​ទ្វីប​អាហ្វ្រិក​ ដែល​រង​ការ​កើត​មាន​ជំងឺ​ច្រើន​ជាង​គេ។

ការ​វិភាគ​របស់​លោក Dieleman និង​សហការី​ទៅ​លើ​ប្រទេស​ចំនួន១៨៤ បាន​រក​ឃើញ​ថា​ ប្រជាជន​១៥​លាន​នាក់​ ដែល​ប្រើ​ថ្នាំប្រឆាំង​ការរីករាលដាលវីរុស​អេដស៍​ អាច​ទទួលរង​ការប៉ះពាល់ពី​ការ​ខ្វះខាត​ថវិកា​សម្រាប់​ផ្នែក​សុខាភិបាល។

​ជា​ឧទាហរណ៍ លោក​ Dieleman លើក​ឡើង​ថា​ ជំនួយ​ថវិកា​សម្រាប់​ព្យាបាល​ជំងឺ​អេដស៍​ បាន​កើនឡើង​យ៉ាងខ្លាំង​ នៅ​ចន្លោះ​ឆ្នាំ២០០០ និង​២០០៩ គឺ​បាន​កើន​ឡើង​២៤​ភាគរយ​ជា​រៀងរាល់​ឆ្នាំ។​

ដូច្នេះ នេះ​ជា​កំណើន​គួរ​ឲ្យ​កត់សម្គាល់។​ ប៉ុន្តែនា​ពេលថ្មីៗ​នេះ អត្រា​កំណើន​ប្រចាំ​ឆ្នាំ ២៤ ភាគរយ​ បាន​ធ្លាក់​ចុះ​ដល់មួយ​រយ។​ ដូច្នេះ នេះ​ជា​ការ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង ​ទៅ​ផ្នែក​បរិមាណ​ធនធាន​ និងទៅ​លើ​អត្រាដែល​កំពុង​កើន​ឡើង។

យោង​តាម​ការ​ប៉ាន់ប្រមាណ​តាមរយៈ​ការ​ស្រាវជ្រាវ​ថា​ ការចំណាយ​ជា​មធ្យម​លើ​ផ្នែក​សុខាភិបាល​សម្រាប់​មនុស្ស​ម្នាក់​នឹង​មាន​ជា​មធ្យម​ចាប់​ពី១៦៤ដុល្លារ​ ក្នុង​ប្រទេស​ដែល​មាន​ចំណូល​ទាប​ រហូត​ដល់​៩.០០០ដុល្លារ​ សម្រាប់​ប្រទេស​អ្នក​មាន។

ការ​ចំណាយ​ប្រចាំ​ឆ្នាំ​ទៅ​លើ​ផ្នែក​សុខាភិបាល​ត្រូវ​បាន​ព្យាករណ៍​ថា នឹង​មាន​ខ្ពស់​បំផុត​នៅ​សហរដ្ឋអាមេរិក ដែល​មាន​ដល់​ទៅ​ជាង​១៦.០០០​ដុល្លារ​សម្រាប់​មនុស្ស​ម្នាក់។

ក្នុង​រយៈពេល​២៥​ឆ្នាំ​ ចំនួន​ថវិកា​តិច​បំផុត​សម្រាប់​ផ្នែក​សុខាភិបាលនៅ​ប្រទេស​សូម៉ាលី​ អាច​មានត្រឹមតែ​៣៤​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​មនុស្ស​ម្នាក់។

យោង​ទៅ​តាម​ក្រុម​អ្នក​ជំនាញ ដំណោះស្រាយ​មួយ គឺ​ឲ្យ​ប្រទេស​ទាំងឡាយ​បង្កើន​ការ​ប្រមូល​ពន្ធ​ពី​អ្នកមាន​ និង​បន្ថយ​ការ​ផ្តល់អាទិភាព​ទៅ​លើ​កម្មវិធី​មួយ​ចំនួន ដូចជា​ការ​ផ្តល់​ជំនួយថវិកា​ដល់​ការ​ទិញ​ប្រេង។

ការ​វាយតម្លៃ​មួយ​ទៅ​លើ​ការចំណាយ​លើ​ផ្នែក​សុខភាព​សាធារណៈនា​ពេល​អនាគត​ ត្រូវ​បានបង្ហាញ​ឡើងនៅ​ក្នុង​ការប្រជុំ​របស់​ធនាគារ​ពិភពលោក ស្តី​អំពី​សុខាភិបាល​សាកល​លោក៕

ប្រែសម្រួលដោយ​៖​ សើ​ សាយ្យាណា