បេក្ខជន​ឈរឈ្មោះ​ប្រធានាធិបតី​ Ted Cruz ​ជ្រើសរើស​អតីត​គូ​ប្រជែង​ឲ្យ​ឈរ​ឈ្មោះ​ជាមួយ​គ្នា

បេក្ខជន​ឈរឈ្មោះ​ប្រធានាធិបតី​ Ted Cruz ​ជ្រើសរើស​អតីត​គូ​ប្រជែង​ឲ្យ​ឈរ​ឈ្មោះ​ជាមួយ​គ្នា

លោក Ted Cruz ចូលរួម​ជាមួយ ​លោកស្រី Carly Fiorina ដែល​ជា​អតីត​នាយកប្រតិបត្តិ​ក្រុមហ៊ុន Hewlett-Packard បក់​ដៃ​ក្នុង​ពេល​ប្រមូល​ផ្តុំ​មួយ​នៅ​ក្នុង​ក្រុង Indianapolis កាលពី​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦។

លោក Ted Cruz ​បេក្ខជន​ឈរ​ឈ្មោះ​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ ​ដែល​ជា​អ្នក​នាំ​មុខ​គេ​ទី​២​បន្ទាប់​ពី​លោក​ Donald Trump បាន​ជ្រើសរើស​លោកស្រី Carly Fiorina ​ដែល​ជា​អតីត​នាយកប្រតិបត្តិ​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​ ឲ្យ​ធ្វើ​ជា​បេក្ខជន​ឈរ​ឈ្មោះ​អនុ​ប្រធានាធិបតី​។​

លោកស្រី Fiorina ​ធ្លាប់​ធ្វើ​ជា​ប្រធាន​មហាក្រុមហ៊ុន​បច្ចេកវិទ្យា Hewlett Packard មុន​ពេល​ដែល​លោកស្រី​ត្រូវ​បានបណ្តេញ​ចេញ​ដោយសារ​តែ​ក្រុមហ៊ុន​នោះ​បានខាតបង់ចំណូល ​ហើយ​លោកស្រី​ក៏​ធ្លាប់​ឈរ​ឈ្មោះ​ធ្វើ​ជា​បេក្ខជនប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ​ផង​ដែរ ប៉ុន្តែ​លោកស្រី​បាន​ដក​ខ្លួន​ចេញ​ពី​ការប្រកួត​ប្រជែង​លើក​មុន​នេះ​ដោយសារ​តែ​លោកស្រី​ទទួល​បាន​ការ​គាំទ្រ​បន្តិចបន្តួច​ប៉ុណ្ណោះ​នៅ​ក្នុង​ការប្រជែង​តាម​រដ្ឋ​នីមួយៗ។​

លោក Trump បាន​នាំ​មុខ​គេ​ខាង​គណបក្ស​សាធារណរដ្ឋ ប៉ុន្តែ​លោក​នៅ​មិន​ទាន់​ទទួល​បាន​ចំនួន​ប្រតិភូ​គ្រប់គ្រាន់​ដើម្បី​ទទួល​បាន​ការជ្រើសតាំង​ជា​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្សដើម្បីប្រកួតប្រជែង​នៅ​ក្នុង​ការបោះឆ្នោត​ជាតិ​ដើម្បី​ជំនួស​តំណែង​របស់​លោក​ប្រធានាធិបតី បារ៉ាក់ អូបាម៉ា នៅឡើយ​ទេ។ លោក អូបាម៉ា នឹងត្រូវ​ចប់​អាណត្តិ​របស់​លោក​នៅ​ខែ​មករា​ឆ្នាំ​ក្រោយ​នេះ។​

លោក Cruz ​ដែល​ជា​អ្នក​សង្គម​និយម​ប្ដូរ​ផ្តាច់​ និង​ក៏ជាសមាជិក​ព្រឹទ្ធសភា​រដ្ឋ Texas​នោះ ​នៅ​មិនទាន់​មាន​ចំនួន​ប្រតិភូ​គ្រប់គ្រាន់​ដើម្បី​ទទួល​បាន​ការ​ជ្រើសតាំង​ពី​គណបក្ស​សាធារណរដ្ឋ មុន​ពេល​ដែល​គណបក្សនេះធ្វើ​មហាសន្និបាត​បក្ស​នៅ​ខែ​កក្កដា​នៅ​ឡើយ​ទេ។ ប៉ុន្តែ​លោក​កំពុង​តែ​ព្យាយាម​រារាំង​លោក Trump ​មិន​ឲ្យ​ទទួល​បាន​ការជ្រើសតាំង​ជា​បេក្ខជន​ប្រធានាធិបតី​នៅ​ក្នុង​ការបោះឆ្នោត​ជុំ​ទី​១​បាន។ លោក Cruz សង្ឃឹម​ថា​ មហាសន្និបាត​ដែល​ជាប់​គាំង​នឹងជ្រើសរើស​លោក​ជា​បេក្ខជន​ប្រធានាធិបតី​នៅ​ក្នុង​ការបោះឆ្នោត​ជុំ​ទី​២៕