ក្រុម​មន្ត្រី​អង្គការ​សហប្រជាជាតិ​មើល​ឃើញ​ពី​ឧបសគ្គ​នៃ​កំណើន​សេដ្ឋកិច្ច​និង​ការ​អភិវឌ្ឍ​នៅ​អាស៊ាន

ក្រុម​មន្ត្រី​អង្គការ​សហប្រជាជាតិ​មើល​ឃើញ​ពី​ឧបសគ្គ​នៃ​កំណើន​សេដ្ឋកិច្ច​និង​ការ​អភិវឌ្ឍ​នៅ​អាស៊ាន

អគ្គលេខាធិការ​អចិន្ត្រៃយ៍​ក្រសួង​ការបរទេស​សិង្ហបុរី អធិប្បាយ​សង្ខេប​ទៅ​កាន់​សារព័ត៌មាន​ បន្ទាប់​ពី​កិច្ចប្រជុំ​ប្រឹក្សា​យោបល់​មន្រ្តី​ជាន់​ខ្ពស់​ចិន-អាស៊ាន​លើក​ទី២២ នៅ ក្នុង​ប្រទេស​សិង្ហបុរី​ កាលពី​ថ្ងៃទី២៨​ ខែមេសា ឆ្នាំ២០១៦។

ខណៈ​ដែល​មាន​សុទិដ្ឋិនិយម​ទៅ​លើ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ទាំង​១០​ប្រទេស អង្គការ​សហប្រជាជាតិ​ថ្លែង​ថា តំបន់​នេះ​ប្រឈម​នឹង​ឧបសគ្គ​ធំៗ​មួយ​ចំនួន ដោយ​រូម​បញ្ចូល​ទាំង​ការកាត់បន្ថយ​ការ​ពឹងផ្អែក​លើ​សេដ្ឋកិច្ច​របស់​ចិន ដែល​មាន​កំណើន​សេដ្ឋកិច្ច​មធ្យម​ផង​ដែរ។

នៅ​ក្នុង​ការវាស់​ស្ទង់​សេដ្ឋកិច្ច​និង​សង្គម​សម្រាប់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិកចុងក្រោយ​បង្អស់​របស់អង្គការ​សហប្រជាជាតិ អង្គការ​នេះ​កំពុង​តែ​ព្យាករណ៍​ថា ​របាយការណ៍​របស់​អាស៊ាន​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ធ្លាក់​ចុះជាង​មុន​នៅ​ក្នុង​ឆ្នាំ​២០១៥ ប្រហែលធ្លាក់ពី​៥ភាគរយ​ក្នុង​ចន្លោះ​ឆ្នាំ​២០១១​និង​២០១៣ មក​នៅ​ត្រឹម​តែ​៤,៣​ភាគរយ​ប៉ុណ្ណោះ។

លោកស្រី Shamshad Akhtar អគ្គលេខាធិការ​រង​អង្គការ​សហប្រជាជាតិនិង​ជា​លេខា​ប្រតិបត្តិនៃ​គណៈកម្មាធិការ​សេដ្ឋកិច្ច​និង​សង្គម​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​របស់​អង្គការ​សហប្រជាជាតិ​បាន​មាន​ប្រសាសន៍​ថា ផែនការ​លម្អិត​សម្រាប់​ការ​ធ្វើ​សមារណកម្ម​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​នេះ ជួប​ប្រទះ​នឹង​ឧបសគ្គ​ដោយសារ​តែ​សេដ្ឋកិច្ច​ធ្លាក់​ចុះ។ លោកស្រី Akhtar បាន​ថ្លែង​ថា តំបន់​អាស៊ាន​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​ការ​នាំចេញ​ ដែល​បាន​ទទួល​រង​ផល​ប៉ះពាល់​ដោយ​សារ​តែ​ការ​ចុះ​ថមថយ​នៃ​ពាណិជ្ជកម្ម​នៅ​បរទេស។ ​

លោក​ស្រី​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា «អ្វី​ដែល​ធ្លាប់​តែ​ជា​ចំណុច​វិជ្ជមាន​បាន​ក្លាយ​ទៅ​ជា​ចំណុច​អវិជ្ជមាន​ត្រង់​ថា អាស៊ាន​ពឹងផ្អែក​ខ្លាំង​លើ​ប្រទេស​ចិន ហើយ​អ្វី​ដែល​កំពុង​តែ​កើត​មាន​ក្នុង​ប្រទេស​ចិន​ផ្តល់​ផល​ប៉ះពាល់​ដល់​ប្រទេស​សិង្ហបុរី ​ម៉ាឡេស៊ី និង​ថៃ ដែល​ប្រទេស​ទាំង​នេះ​ពឹង​ផ្អែក​លើ​ពាណិជ្ជកម្ម​ជាមួយ​នឹង​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ ដូច្នេះ​ពួកគេ​ពិត​ជា​ត្រូវ​មាន​ដៃគូ​ចម្រុះ»។

ការ​ពង្រីក​សេដ្ឋកិច្ច​ចិន​គឺ​ជា​កត្តា​ចម្បង​នៃ​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​នេះ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ។

ផលិតផល​របស់​ចិន​ស្មើ​នឹង​៤០​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​សេដ្ឋកិច្ច​នៃ​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ ហើយ​ចិនបាន​នាំ​មុខ​សហរដ្ឋ​អាមេរិក​ក្លាយ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​ជាង​គេ​បំផុត​ជាមួយ​នឹង​អាស៊ី​ប៉ាស៊ីហ្វិក។ កំណើន​សេដ្ឋកិច្ច​មធ្យម​របស់​ចិន​និង​ការ​ចុះ​ថមថយ​សេដ្ឋកិច្ច​នៅ​ទូទាំង​ពិភពលោក​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ដែល​ពឹង​ផ្អែក​លើ​ផលិតផល​ ដូច​ជា​ប្រទេស​ឥណ្ឌូនេស៊ី​និង​ម៉ាឡេស៊ី​ជាដើម៕