ដឹងអត់ថា ប្រើប្រាស់បណ្តាញសង្គមរាល់ថ្ងៃ ជះផលអាក្រក់អ្វីខ្លះ លើជីវិតអ្នក?

នាពេលបច្ចុប្បន្ននេះ បច្ចេកវិទ្យាកាន់តែទំនើប ធ្វើឲ្យមនុស្សជាច្រើន នាំគ្នាប្រើប្រាស់បណ្តាញសង្គម ស្ទើរតែរាល់ថ្ងៃ ដោយមិនដឹងថា វាជះផលអាក្រក់ដល់ពួកគេកម្រិតណានោះទេ។ ក្នុងនោះដែរ ទោះបីជាបណ្តាញសង្គមមួយចំនួន ដូចជា Facebook Instagram Line អាចជួយឲ្យអ្នក មានប្រាស្រ័យទាក់ទងជាមួយនឹង មនុស្សប្លែកមុខ និងចែករំលែករឿងរ៉ាវក្នុងពិភពលោកយ៉ាងណាក៏ដោយ ក៏វាមានអាក្រក់ជាច្រើន ដែលអ្នកមិនដែលចាប់អារម្មណ៍ផងដែរ។ តាមដានចំនុចខាងក្រោមជាមួយ Khmerload ទាំងអស់គ្នា!

១) ខាតពេលវេលាដ៏មានតម្លៃរបស់អ្នក៖ នេះជាចំនុចមួយ គួរតែពិចារណាផងដែរ។ នៅពេលអ្នក កាន់តែប្រើប្រាស់បណ្តាញសង្គម វាកាន់តែធ្វើឲ្យអ្នកញៀនរឹតតែខ្លាំងឡើងៗ ដែលធ្វើឲ្យអ្នក អត់មិនបានសូម្បីតែមួយថ្ងៃ បើសិនយើងមិនចេះគ្រប់គ្រងខ្លួនឯងទេនោះ។ យូរទៅៗបណ្តាញសង្គម នឹងបំផ្លាញពេលវេលា ដ៏មានតម្លៃរបស់អ្នក បន្តិចម្តងៗ ឧទាហរណ៍ដូចជាកាលពីមុន យុវវ័យចូលចិត្តដើរលេង បង្កើតនូវសកម្មភាពថ្មីៗ​ តែពេលបច្ចុប្បន្ន ពួកគេភាគច្រើនញៀននឹងការប្រើប្រាស់បណ្តាញសង្គម ធ្វើឲ្យពួកគេនៅមុខកំព្យូរទ័រ និងទូរសព្ទស្មាតហ្វូន គ្រប់ពេលវេលា។

២) លែងទំនាក់ទំនងគ្នាផ្ទាល់៖ គុណសម្បត្តិដ៏ធំ របស់បណ្តាញសង្គម គឺអាចលាក់ទុកនូវអារម្មណ៍នៅក្នុងចិត្តបាន ដោយមិនអាចឲ្យអ្នកណាឃើញ។ កាលពីមុន បើយើងចង់ជួបមិត្តភក្តិ និងចង់ស្និទ្ធស្នាលរវាងគ្នាទាល់តែ ជួបគ្នានៅខាងក្រៅ ព្រោះវាមានតែមធ្យោបាយតែមួយនេះទេ។ ប៉ុន្តែនៅពេលនេះ អ្វីគ្រប់យ៉ាង ត្រូវបានផ្លាស់ប្តូរទាំងស្រុង គឺអ្នកអាចប្រាស្រ័យទាក់ទងគ្នាតាមបណ្តាញសង្គមបាន ។ ប៉ុន្តែទោះជាយ៉ាងណា វាពិតជាជះឥទ្ធិពលខ្លាំង ទៅលើរឿងទំនាក់ទំនង ទាំងមិត្តភាព និងស្នេហា រវាងមនុស្សពីរនាក់ ដែលអាចធ្វើឲ្យលែងសូវស្គាល់ចិត្តគ្នាកាន់តែច្បាស់ ដោយសារតែទាក់ទងគ្នាច្រើនពេក នៅលើបណ្តាញសង្គម។

៣) ប៉ះពាល់សុខភាព៖ ពេលញៀនពេកទៅ អ្នកនឹងចំណាយយពេល អង្គុយលើកៅអីពេញមួយថ្ងៃ ដើម្បីប្រើប្រាស់បណ្តាញសង្គម ដែលជាហេតុអាច នាំឲ្យប៉ះពាល់ដល់រាងកាយបាន។ ចំនុចនេះ តើអ្នកដែលសួរខ្លួនឯងទេថា បើអ្នកនៅតែព្យាយាមធ្វើបែបនេះជារៀងរាល់ថ្ងៃ តើសុខភាពរបស់អ្នកនឹងទៅជាយ៉ាងណា? ដូចនេះ អ្នកគួរតែយកពេលវេលាខ្លះ មកហាត់ប្រាណ ដើរ ជំនួសការអង្គុយលេងបណ្តាញសង្គមតែមួយមុខ។

៤) ផ្លាស់ប្តូរទម្លាប់ការសិក្សា៖ ដោយសារតែបណ្តាញសង្គម បានធ្វើឲ្យសិស្សមួយចំនួន មិនសូវចាប់អារម្មណ៍លើការរៀនសូត្រ ហើយវាហាក់ដូចជា ថ្នាំញៀន ដែលធ្វើឲ្យពួកគេ អត់មិនបាន។ សិស្សមួយចំនួន ប្រើប្រាស់បណ្តាញសង្គម ជារៀងរាល់ថ្ងៃ រហូតដល់ថ្នាក់ ពេលពួកគេប្រឡង ក៏ពួកគេនៅតែលេងបណ្តាញសង្គមដែរ ជាហេតុធ្វើឲ្យពួកគេមិនអាចផ្តោតអារម្មណ៍បានល្អ។

៥) ប្រៀបធៀបជីវិតខ្លួនឯងជាមួយអ្នកដទៃ៖ ការបង្ហោះសកម្មភាព និងជីវិតរស់នៅលក្ខណៈឯកជន ក្នុងបណ្តាញសង្គមច្រើនពេក វាក៏ធ្វើឲ្យមនុស្សភាគច្រើន កាន់តែចេះប្រៀបធៀបជីវិតរបស់ខ្លួន ជាមួយនឹងអ្នកដទៃកាន់តែខ្លាំងឡើងៗផងដែរ។ ពេលខ្លះទៀត ក៏អាចធ្វើឲ្យប៉ះពាល់អារម្មណ៍របស់ពួកគេផងដែរ ពេលឃើញខ្លួន មិនមានអ្វីដូចអ្នកដទៃ។ 

៦) កាន់តែមានកិច្ចការច្រើន៖ មនុស្សភាគច្រើន តែងគិតថា ការប្រើប្រាស់បណ្តាញសង្គម វាគ្រាន់តែជាការសកម្សាន្ត ក្រោយសម្រាកពីការងារ ។ ប៉ុន្តែតាមការពិតទៅ ការប្រើប្រាស់បណ្តាញសង្គម វាកាន់តែធ្វើឲ្យអ្នកមានការងារច្រើន សល់ពេញតុ មិនអាចបំពេញបាន ដោយសារតែអ្នក រវល់តែលេងបណ្តាញសង្គម។ 

៧) ក្លាយជាមនុស្សញៀន៖ តាមការសិក្សាកន្លងមក បានបង្ហាញថា ៦៣ភាគរយ នៃជនជាតិអាមេរិក បានLog ចូលក្នុងបណ្តាញសង្គមហ្វេសប៊ុកជារៀងរាល់ថ្ងៃ និង៤០ភាគរយទៀត គឺLog ម្តងម្តាល។ វាអាចក្លាយជាទម្លាប់ ដែលអត់ប្រើប្រាស់បណ្តាញសង្គមមិនបាន រហូតធ្វើឲ្យអ្នកពិបាកនឹងបញ្ឃប់វា។ បើតាមការស្រាវជ្រាវ បានរកឃើញថា គេអាចសន្និដ្ឋានបានថា អ្នកដែលប្រើប្រាស់បណ្តាញសង្គមឥតឈប់ឈរ គឺអាចចាត់ចូល ជាមនុស្សញៀន ដោយសារតែអ្នកមិនអាចអត់វាបាន។

៨) គ្មានពេលសម្រាកឲ្យបានគ្រប់គ្រាន់៖ ការប្រើប្រាស់បណ្តាញសង្គម ជារៀងរាល់ថ្ងៃ រហូតក្លាយជាទម្លាប់ វានឹងធ្វើឲ្យអ្នក មិនអាចមានពេលសម្រាកគ្រប់គ្រាន់ ព្រោះរវល់តែឆែកមើលបណ្តាញសង្គមពេក។

៩) កាន់តែធ្វើឲ្យខ្ចិលច្រអូស ពីមួយថ្ងៃទៅមួយថ្ងៃ៖ ប្រសិនបើអ្នកចំណាយពេលទំនេរ របស់អ្នក មកប្រើប្រាស់បណ្តាញសង្គម ពីមួយថ្ងៃទៅមួយថ្ងៃ វានឹងធ្វើឲ្យអ្នកកាន់តែខ្ចិលធ្វើរឿងគ្រប់យ៉ាង ក្រៅពីអង្គុយលេងបណ្តាញសង្គម អូសចុះអូសឡើង។ មិនតែប៉ុណ្ណោះ រាងកាយរបស់អ្នក ក៏ចាប់ផ្តើមទ្រុឌទ្រោមទៅៗ ដោយសារតែអ្នក មិនដែលយកពេលទំនេរមក ហាត់ប្រាណ បញ្ចេញញើស និងជាតិពុលក្នុងខ្លួន។

១០) ធ្វើឲ្យអ្នកមានអារម្មណ៍មិនសប្បាយចិត្ត៖ ការប្រើប្រាស់បណ្តាញសង្គម ជារៀងរាល់ថ្ងៃ វាក៏អាចធ្វើឲ្យប៉ះពាល់អារម្មណ៍របស់អ្នកផងដែរ។ នៅពេលអ្នកកាន់តែព្យាយាមប្រើប្រាស់បណ្តាញសង្គម អ្នកនឹងមិនសប្បាយចិត្ត ទៅលើរឿងរ៉ាវមួយចំនួន ដែលអ្នកមិនចង់ឃើញ។ ហើយពេលខ្លះទៀត បណ្តាញសង្កម ក៏អាចឲ្យអ្នកឆាប់អន់ចិត្ត ឈឺចាប់ ពេលជីវិតរបស់អ្នក មិនដូច នឹងអ្នកដទៃជាដើម។

ទាំងនេះជាផលប៉ះពាល់ របស់បណ្តាញសង្គមដែលអ្នកអាចមិនសូវ បានចាប់អារម្មណ៍។ ដូចនេះហើយ វិធីដ៏ល្អ អ្នកអាចកាត់បន្ថយ ការប្រើប្រាស់បណ្តាញសង្គមខ្លះ ដើម្បីអាចធ្វើឲ្យជីវិតរបសអ្នក កាន់តែល្អ និងស្រស់បំព្រងជាងមុន៕

ប្រភព៖  

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ដឹងអត់ថា ប្រើប្រាស់បណ្តាញសង្គមរាល់ថ្ងៃ ជះផលអាក្រក់អ្វីខ្លះ លើជីវិតអ្នក?
រូបថតតំណាង