អាហារ​ដែល​ល្អ​ដល់​ដំណើរ​ការ​នៃ​ខួរ​ក្បាល​របស់អ្នក!

សុខភាពខួរក្បាលគឺមានសារៈសំខាន់ខ្លាំងណាស់​សម្រាប់​យើង​គ្រប់ៗ​គ្នា វា​គឺ​ជា​អាវុធ​ដ៏​មុត​ស្រួច​មួយ​សម្រាប់​ដោះ​ស្រាយ​បញ្ហា ក៏​ដូច​ជា​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ជា​ដើម។ យ៉ាង​ណា​មិញ​ខួរ​ក្បាល​របស់​យើង​នឹង​មិន​នៅ​ស្ថិត​ស្ថេរ​ជា​រៀង​​រហូត​ឡើយ គឺ​វា​នឹង​ចាស់​ទៅ ក៏​ដូច​ជា​បាត់​បង់​សមត្ថភាព​ទៅ​តាម​អាយុ​កាល​របស់​យើង​ដែរ ពិសេស​នៅ​ពេល​យើង​មាន​អាយុ​កាន់​តែ​ចាស់​ឡើងៗ ដូច្នេះ​តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​ធ្វើ​អោយ​សុខភាព​ខួរ​ក្បាល​ របស់​យើង​នៅ​តែ​មាន​សុខភាព​ល្អ ក៏​ដូច​ជា​បង្កើន​សមត្ថភាព​របស់​វា​អោយ​កាន់​តែ​ខ្លាំង​ជាង​មុន? វិទ្យាសាស្ត្រ​កាន់​តែ​ទំនើប ដូច្នេះ​ផលិត​ផល​ថែ​រក្សា​សុខភាព​មាន​មិន​ចេះ​ខ្វះ​នៅ​តាម​ទីផ្សារ ដែល​យើង​អាច​ស្វែង​រក​បាន ក៏​ប៉ុន្តែ​ប្រិយមិត្ត​អាច​នឹង​មាន​ការ​ភ័យ​ខ្លាច​ទៅ​លើ​ផល​ប៉ះ​ពាល់​ដល់​ សុខភាព​ខួរ​ក្បាល​កាន់​តែ​ខ្លាំង ហេតុ​នេះ​បាន​ជា​មិន​ហ៊ាន​ជាវ​យក​មក​ប្រើប្រាស់។

បើប្រិយមិត្តគិតថាវាមានហានិភ័យខ្ពស់ក្នុងការប្រើប្រាស់ផលិតផល​ការពារ ឬ​បង្កើន​សុខភាព​ខួរ​ក្បាល​នោះ ហេតុ​អ្វី​មិន​គិត​ដល់​ដំណោះ​ស្រាយ​មាន​លក្ខណៈ​ធម្មជាតិ​វិញ​ទៅ? បើ​ប្រិយមិត្ត​ចង់​ដឹង​អំពី​ដំណោះ​ស្រាយ​តាម​បែប​ធម្មជាតិ​ដោយ​ទទួល​ទាន​ អាហារ​នោះ Cambo Report សូម​ណែនាំ​អាហារ​ចំនួន 7 ប្រភេទ​ផ្សេងៗ​គ្នា ដែល​វា​ដើរ​តួ​យ៉ាង​សំខាន់ អាច​ធ្វើ​អោយ​សុខភាព​ខួរ​ក្បាល​របស់​អ្នក​ដំណើរ​ការ​បាន​ល្អ ក៏​ដូច​ជា​បង្កើន​ការ​ចង​ចាំ​ទៀត​ដូច​ខាងក្រោម។

អាហារទាំង 7 ប្រភេទដែលល្អសម្រាប់សុខភាពខួរក្បាល៖

  1. ផ្លែ Blueberry

ផ្លែឈើមួយនេះគឺពិបាករកនៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ក៏​ប៉ុន្តែ​អ្នក​អាច​ស្វែង​រក​វា​បាន​នៅ​តាម​ផ្សារ​ទំនើបៗ​មួយ​ចំនួន។ ផ្លែ Blueberry ផ្ទុក​ទៅ​ដោយ​សារជាតិ​ពិសេស​ម្យ៉ាង ដែល​ធ្វើ​អោយ​ខួរ​ក្បាល​របស់​អ្នក​កាត់​បន្ថយ​ភាព Stress ហើយ​ថែម​ទាំង​ធ្វើ​អោយ​ការ​ចង​ចាំ​របស់​ខួរ​ក្បាល​ដំណើរ​ការ​បាន​ល្អ ចង​ចាំ​បានយូរ។

អាហារ​ដែល​ល្អ​ដល់​ដំណើរ​ការ​នៃ​ខួរ​ក្បាល​របស់អ្នក!

  1. ផ្លែ Almonds

ផ្លែ Almonds ក៏ពិបាករក​ដូច​គ្នា​ក្នុង​ទីផ្សារ​ស្រុក​ខ្មែរ យើង​ក៏​ប៉ុន្តែ​ផ្លែ​នេះ​គឺ​ងាយ​ស្រួល​ណាស់​នៅ​តាម​ហាង​ទំនើបៗ ក៏​ដូច​ជា Mart តាម​ដង​ផ្លូវ ឬ​នៅ​តាម​ស្ថានីយ៍​ប្រេង​ឥន្ធនៈ​ផ្សេងៗ។ យើង​អាច​និយាយ​បាន​ថា​គឺ​ជា​គ្រាប់​ធញ្ញជាតិ​ម្យ៉ាង ដែល​ទទួល​បាន​ការ​ពេញ​និយម និង​មាន​មនុស្ស​រាប់​រយ​លាន​នាក់​ចូល​ចិត្ត​ទទួល​ទាន​វា ដោយសារ​តែ​វា​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់ ហើយ​ថែម​ទាំង​មាន​សារជាតិ Omega 3 ដែល​អាច​ជួយ​អោយ​ខួរ​ក្បាល​របស់​យើង​ដំណើរ​ការ​បាន​ល្អ។ ដូច្នេះ​នៅ​ពេល​អ្នក​កំពុង Stress ឬ​មាន​អារម្មណ៍​ថា​មិន​សូវ​សប្បាយ​ចិត្ត គប្បី​សាក​ល្បង​ញាំ Almonds ទៅ។

អាហារ​ដែល​ល្អ​ដល់​ដំណើរ​ការ​នៃ​ខួរ​ក្បាល​របស់អ្នក!

  1. ខ្ទិះដូង

ខ្ទិះដូងមានឱជារសឆ្ងាញ់សម្រាប់​ការ​ទទួល​ទាន​បង្អែម ហើយ​វា​ក៏​ផ្តល់​ផល​ប្រយោជន៍​សម្រាប់​សុខភាព​របស់​យើង​ផង​ដែរ ពិសេស​វា​អាច​ជួយ​ធ្វើ​អោយ​ការ​ចង​ចាំ​របស់​យើង​ដំណើរ​ការ​កាន់​តែ​ប្រសើរ​ ជាង​មុន។ ជាង​នេះ​ទៅ​ទៀត​នោះ​ការ​សិក្សា​តាម​បែប​វិទ្យាសាស្ត្រ​បាន​ប្រាប់​អោយ​ដឹង​ ថា ខ្ទិះ​ដូង​មាន​សារជាតិ​ម្យ៉ាង​ដែល​អាច​ការពារ​ខួរ​ក្បាល​អំពី​ការ​កើត​ជំងឺ បាត់បង់​ការ​ចង​ចាំ និង​ជម្ងឺ​វង្វេង​ផងដែរ។

អាហារ​ដែល​ល្អ​ដល់​ដំណើរ​ការ​នៃ​ខួរ​ក្បាល​របស់អ្នក!

  1. ផ្លែប៊ឺ (Avocados)

ផ្លែប៊ឺទទួលបានការចូលចិត្តយ៉ាង​ខ្លាំង​ក្លា​ពី​សំណាក់​ប្រជាជន​កម្ពុជា ដោយ​វា​មាន​រសជាតិ​ឆ្ងាញ់​ពិសេស អាច​យក​ទៅ​ធ្វើ​បង្អែម ឬ​ទឹក​ក្រឡុង​យ៉ាង​ពិសេស ដោយ​វា​ផ្ទុក​ទៅ​ដោយ​ជាតិ Fat ដែល​ធ្វើ​អោយ​ឈាម​ដំនើរ​ការ​ក្នុង​សរសៃ​ឈាម​បាន​រលូន​ទៅ​មុខ ធ្វើ​អោយ​សុខភាព​ចរន្ត​ឈាម​ក្នុង​រាង​កាយ​របស់​យើង​ល្អ។ ដោយសារ​តែ​វា​គឺ​ជា​ផ្លែ​ឈើ​ផ្ទុក​ទៅ​ដោយ​ជាតិ Fat ដូច្នេះ​វា​ពោរ​ពេញ​ទៅ​ដោយ​កាឡូរី​ច្រើន វា​ក៏​អាច​ជួយ​ទៅ​ដល់​ដំណើរ​ការ​របស់​ខួរ​ក្បាល​បាន​ម្យ៉ាងដែរ។

អាហារ​ដែល​ល្អ​ដល់​ដំណើរ​ការ​នៃ​ខួរ​ក្បាល​របស់អ្នក!

  1. ផ្លែទទឹម

ក្នុងផ្លែទទឹមមួយផ្លែ គឺ​ពោរពេញ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម ដែល​វា​អាច​ការពារ​រាង​កាយ​របស់​យើង​អំពី​រ៉ាឌីកាល់​សេរី​បាន​យ៉ាង​ប្រសើរ។ ដូច្នេះ​ពេល​ណា​រ៉ាឌីកាល់​សេរី​ប៉ះ​ពាល់​ដល់​រាង​កាយ វា​នឹង​ធ្វើ​អោយ​ខួរ​ក្បាល​ចុះ​ខ្សោយ​ទៅ​តាម​ហ្នឹង​ផង​ដែរ ហេតុ​នេះ​ការ​ទទួល​ទាន​ផ្លែ​ទទឹម​គឺ​ល្អ​បំផុត​សម្រាប់​សុខភាព ដោយ​វា​មាន​ទាំង​ពណ៌​ស្រស់ ហើយ​ឆ្ងាញ់ពិសារ។

អាហារ​ដែល​ល្អ​ដល់​ដំណើរ​ការ​នៃ​ខួរ​ក្បាល​របស់អ្នក!

  1. ទឹកឃ្មុំ

ទឹកឃ្មុំនិយាយអោយចំទៅវាមាន​អត្ថ​ប្រយោជន៍​ច្រើន​ខ្លាំង​ណាស់​សម្រាប់​សុខភាព ​មនុស្ស​ទាំង​អស់​នៅ​លើ​ភព​ផែនដី វា​មិន​ត្រឹម​តែ​ជា​បង្អែម​នោះ​ទេ វា​ក៏​ត្រូវ​បាន​គេ​យក​ទៅ​ធ្វើ​ជា​ថ្នាំ​ធម្មជាតិ​ទៀត​ផង។ ការ​ទទួល​ទាន​ទឹក​ឃ្មុំ​អាច​ជួយ​អោយ​ខួរ​ក្បាល​របស់​យើង​ស្រស់​ស្រាយ បើ​បាន​ទទួល​ទាន​ជាមួយ​ក្រូច​ឆ្មា ឬ​ទឹក​តែ ទៀត​នោះ​ប្រាកដ​ជា​ល្អ។ ប៉ុន្តែ​ការ​ទទួល​ទាន​ទឹក​ឃ្មុំ​ពេល​យប់​អាច​នឹង​មាន​ផល​វិបាក​ខ្លះៗ ដូច​ជា​នឹង​ធ្វើ​អោយ​អ្នក​ងងុយ​គេង​រហ័ស​ជាង​សព្វ​មួយដង។

អាហារ​ដែល​ល្អ​ដល់​ដំណើរ​ការ​នៃ​ខួរ​ក្បាល​របស់អ្នក!

  1. ស្ករសូកូឡា

មនុស្សមានវ័យក្មេងៗជាច្រើន​ចូល​ចិត្ត​សូកូឡា ក៏​ប៉ុន្តែ​ពួក​គេ​ប្រហែល​ជា​ពុំ​ដឹង​ថា សូកូឡា​ល្អ​ប៉ុណ្ណា​នោះ​ទេ​សម្រាប់​សុខភាព​ខួរ​ក្បាល និង​រាង​កាយ​ពួក​គេ។ ជាក់​ស្ដែង​ការ​សិក្សា​ស្រាវជ្រាវ​បាន​បង្ហាញ​អោយ​ឃើញ​ថា សូកូឡា អាច​ធ្វើ​អោយ​ខួរ​ក្បាល​របស់​យើង​ទាំង​អស់​គ្នា​មាន​កម្លាំង និង​ដំណើរ​ការ​បាន​ល្អ​ប្រសើរ ដោយ​សារ​តែ​វា​ផ្ទុក​ទៅ​ដោយ​សារជាតិ​ល្អៗ ដែល​ខួរ​ក្បាល​ត្រូវ​ការ ក៏​ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​សូកូឡា​នោះ មិន​មែន​ជា​សូកូឡា​ក្លែង​ក្លាយ ឬ​លាយ​ជាមួយ​ទឹក​ដោះ​គោ​ជា​ដើម ព្រោះ​បើ​ចង់​បាន​លទ្ធផល​ល្អ​អ្នក​គប្បី​ទទួល​ទាន​សូកូឡា ដែល​មាន​ពណ៌​ខ្មៅ​ស្រអាប់ និង​មាន​រសជាតិ​ល្វីង ហើយ​ផ្អែម​តិច​តួចបំផុត។

អាហារ​ដែល​ល្អ​ដល់​ដំណើរ​ការ​នៃ​ខួរ​ក្បាល​របស់អ្នក!

អាហារទាំងនេះពិតជាមានអត្ថប្រយោជន៍ និងមានគុណសម្បត្តិ ហើយផ្តល់ផលល្អដល់ខួរក្បាលរបស់មនុស្សយើង ដូចនេះអ្នកអាចញុំាបាន និងមិនបាច់ញុំាច្រើនពេកក៏បានដែរ ដោយញុំាម្តងម្កាលក៏បានដែរ។

  • ដោយ: Hong
  • 6:48 AM, 13 April
  • ប្រភព: HH Health
  • Tag: សុខភាព