ខេត្តកំពង់ឆ្នាំង​មាន​សក្តានុពល​ទេសចរណ៍​អ្វីខ្លះ ?

6 Videos


​អ្នកដំណើរ និង ភ្ញៀវទេសចរ​ទាំងឡាយ​ដែល​បាន​ឆ្លងកាត់​ទឹកដី​ខេត្តកំពង់ឆ្នាំង​ហើយនោះ​មិនសូវមាន​អ្នក​ឈប់​និង​ដើរ​កម្សាន្ត​នៅ​ទឹកដី​ខេត្តកំពង់ឆ្នាំង​ច្រើន​ប៉ុន្មាន​ទ្បើ​យ ពោលគឺ​ភាគច្រើន​ពួកគេ​តែង តែ​ទៅ​ហួស​មក​ហួស ។ តាមពិត​ខេត្តកំពង់ឆ្នាំង​មាន សក្តានុពល​ទេសចរណ៍​យ៉ាង​សម្បូរបែប​មិន​ចាញ់​ខេត្ត​ដទៃទៀត​ឡើយ​ដើម្បីបម្រើការ​កម្សាន្ត​របស់​ភ្ញៀវទេសចរ ។​

ខេត្តកំពង់ឆ្នាំង​មាន​សក្តានុពល​ទេសចរណ៍​អ្វីខ្លះ ?

ខេត្តកំពង់ឆ្នាំង​មាន​សក្តានុពល​ទេសចរណ៍​អ្វីខ្លះ ?

​កំពង់ឆ្នាំង ជា​ទឹកដី​ដ៏​សំខាន់​មួយ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​តាំងពី​ព្រេងនាយ​ហើយក៏​ជា​កន្លែង​លក់ ដូរ​ដ៏​ធំ​មួយ​នូវ​ឧបករណ៍ប្រើប្រាស់​ធ្វើ​ពី​ដី​ដុត​មានដូចជា ចង្ក្រាន ក្អម ឆ្នាំង និង វត្ថុ​ប្រើប្រាស់​ធ្វើ​អំពី​ដី​ផ្សេងៗ​ទៀត​យ៉ាងច្រើន ។ កំពង់ឆ្នាំង ជា​ខេត្ត​មួយ​នៅ​អម​ជុំវិញ​តំបន់ បឹង​ទន្លេសាប មាន​ចម្ងាយ​ប្រមាណ ៩១ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ មាន​ព្រំប្រទល់​ខាងកើតទល់​ខេត្តកំពង់ចាមនិង​កំពង់ធំ​ខាងលិច​ទល់​ខេត្តពោធិ៍សាត់ ខាងជើង​ទល់​ខេត្តកំពង់ធំ ខាងត្បូង​ទល់​ខេត្តកំពង់ស្ពឺនិង​ខេត្តកណ្តាល មាន​ផ្ទៃដី​សរុប​ទំហំ ៥.៥២១ គីឡូម៉ែត្រ​ការ៉េ មាន​ប្រជាជន​ចំនួន ៤៩២.៦៩៣ នាក់ ។​

ខេត្តកំពង់ឆ្នាំង​មាន​សក្តានុពល​ទេសចរណ៍​អ្វីខ្លះ ?

​លោក សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​បានឱ្យដឹងថានៅ​ខេត្តកំពង់ឆ្នាំងមាន​សក្តានុពល​ទេសចរណ៍​ចំនួន​ពីរបែប ទីមួយ​សក្តានុពល​ទេសចរណ៍​តាម បែប​ធម្មជាតិ ទី​ពីរ សក្តានុពល​ទេសចរណ៍​តាមបែប​វប្បធម៌ប្រវត្តិសាស្ត្រ ។ សក្តានុពល​ទេសចរណ៍​ទាំងពីរ បែបនេះ​កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​ជា​បណ្តើរៗ​នាពេល​បច្ចុប្បន្ននិងថ្ងៃ​អនាគត​ពោលគឺតាម​ការអភិវឌ្ឍ​និង​ការទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​និង​បរទេស​មក​ទស្សនា​និងស្នាក់នៅ​ក្នុង​ខេត្ត​នេះ ។​

​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​រួមមាន ភ្នំ​ក្រាំង​ដី​មាស ជា​រមណីយដ្ឋាន​បែប​ធម្មជាតិ បែប​ពុទ្ធសាសនា ស្ថិតនៅ​ក្នុងភូមិ​អណ្តូង ឫស្សី ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ដែល​ទីនោះ​ភ្ញៀវទេសចរ​អាច​មើល​ទេសភាព​ពីលើ​កំពូលភ្នំ​យ៉ាង​ស្រស់ត្រកាល​ក្រៃលែង ។ រមណីយដ្ឋាន​ភ្នំ​នទី​គិរី​វ័ន​ដែលមាន​ចម្ងាយ​ប្រមាណ​ជា ៥៨ គីឡូម៉ែត្រ ខាងលិច​ទី​រួម​ខេត្ត កំពង់ឆ្នាំង ក្នុងស្រុក​ទឹកផុស ភ្នំ​នា​ងក​ង្រីស្ថិតនៅ​ស្រុក កំពង់លែង ភ្នំ​ទេពី ស្ថិតនៅ ស្រុក​កំពង់លែង ទឹកជ្រោះ​ដា​សិលា​ទូក​មាសស្ថិតនៅ​ក្នុងស្រុក​កំពង់លែង​ដែរ ទួល​អម្ពិល ស្ថិតនៅ​ខាងកើត ក្រុង​កំពង់ឆ្នាំងមាន​ចម្ងាយ​ប្រមាណ​ជា ៥ គីឡូម៉ែត្រ ភ្នំ​សន្ទូចនៅ​ជាយ​ខាងលិច​ក្រុង​កំពង់ឆ្នាំង ។

ខេត្តកំពង់ឆ្នាំង​មាន​សក្តានុពល​ទេសចរណ៍​អ្វីខ្លះ ?

​នៅ​ទីនោះ​មាន​ភ្នំ​ដែលមាន​ទេសភាព​យ៉ាង​ស្រស់បំព្រង​ដែល​រំលេច​ទៅដោយ​ផ្ទាំង​ថ្មបន្តុប​លើ​គ្នា​គួរឱ្យ​ចង់​គយគន់​ក្រៃលែង ។ ភ្នំ​រាប់បាត្រ មាន​ចម្ងាយ ១២ គីឡូម៉ែត្រ​ពី​ក្រុង កំពង់ឆ្នាំង​ស្ថិតនៅ​ស្រុក​រលាប្អៀរ ។ ភ្នំ​ព្រះ​មាន​ចម្ងាយ​ប្រមាណ​ជា ២៣ គីឡូម៉ែត្រ ពី​ក្រុង​កំពង់ឆ្នាំងស្ថិតនៅ​ក្នុងស្រុក​រលាប្អៀ​រ ភ្នំ​ព្រះ​ធាតុ ស្ថិតនៅ​ក្នុងស្រុក​សាមគ្គី​មានជ័យ តំបន់​ព្រៃ​កោះដែន​ជម្រក​សត្វ​ស្លាប​ទឹក និង ជីវចម្រុះ ស្ថិតនៅ​ព្រំប្រទល់​ឃុំ​ផ្លូវ​ទូក និង ឃុំ ប្រឡាយ​មាស ស្រុក​កំពង់លែង ។ ក្រៅពីនោះ​នៅមាន​ទឹកធ្លាក់​ជា​ច្រើ​ទៀត ដូចជា ទឹកធ្លាក់ អន្លង់​ស្វាយ ទឹកធ្លាក់​ស្រែ​អម្ពិល ទឹកធ្លាក់​បង្គង​រនាម ។​ល​។​

​ឯ​សក្តានុពល​ទេសចរណ៍​ប្រវត្តិសាស្ត្រ​របស់​ខេត្ត​នេះ​វិញរួមមាន​ប្រាសាទ​កំពង់ព្រះស្ថិតនៅ​ភូមិ​កំពង់ព្រះ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ មាន​ចម្ងាយ ៤២ គីឡូម៉ែត្រ​ពី​ក្រុង​កំពង់ឆ្នាំង ភ្នំ​តារា​ជស្ថិតនៅ​ភូមិ​ភ្នំ​តូច ឃុំ​ពង្រ ស្រុក​រលា ប្អៀ​រ មាន​ចម្ងាយ ១០ គីឡូម៉ែត្រ​ពី​ក្រុង​កំពង់ឆ្នាំង ។ ភ្នំ​នេះ ប៉ុល ពត បាន​យក ប្រជាពលរដ្ឋ​ធ្វើជា​ទាសករ​ជីក​រូងភ្នំ​ដែលមាន​ប្រវែង​ដល់​ទៅ ៤០០ ម៉ែត្រ កម្ពស់ ៣,៥ ម៉ែត្រ និង ទទឹង ៣ ម៉ែត្រ ។ ប្រាសាទ​ស្លុតី ស្ថិតនៅក្នុង​ឃុំ​ដា ស្រុកកំពង់លែង មាន​ចម្ងាយ ២៤ គីឡូម៉ែត្រ​ពី​ក្រុង​កំពង់ឆ្នាំង ប្រាសាទ​ស្រី ស្ថិតនៅក្នុង​ឃុំ​ដា ស្រុក​កំពង់លែង មាន​ចម្ងាយ ២៩ គីឡូម៉ែត្រ​ពី​ទីក្រុង​កំពង់ឆ្នាំង ប្រាសាទ​ប្រុស ស្ថិតនៅក្នុង​ឃុំ​ច្នោ​ក ស្រុក​កំពង់លែង ចម្ងាយ ៣១ គីឡូម៉ែត្រ ពី​ទីក្រុង​កំពង់ឆ្នាំង ។​

ខេត្តកំពង់ឆ្នាំង​មាន​សក្តានុពល​ទេសចរណ៍​អ្វីខ្លះ ?

​ប្រាសាទភ្នំដា ស្ថិតនៅ​ភូមិ​ប្រាសាទ ឃុំ​ដា ស្រុក​កំពង់ លែង មាន​ចម្ងាយ ២៨ គីឡូម៉ែត្រ ពី​ស្ថានីយ​ប្រវត្តិសាស្ត្រ​សំរោង​សែន ជាស្ថានីយ​ប្រវត្តិសាស្ត្រ​មួយ​ស្ថិតនៅ​ភូមិ​សំរោង​សែន ឃុំ​សំរោង​សែន ស្រុក កំពង់លែង មាន​ចម្ងាយ ២៦ គីឡូម៉ែត្រ​ពី​ក្រុង​កំពង់ឆ្នាំង ប្រាសាទ​ពណ្ណរាយ ស្ថិតនៅ​ក្នុងភូមិ​ច្រ​ណូ​ក​លិច ឃុំ​ច្រ​ណូ​ក ស្រុក​កំពង់លែង មាន​ចម្ងាយ ២៥ គីឡូម៉ែត្រ​ពី​ក្រុង​កំពង់ឆ្នាំង ។ វត្ត​ត្រឡែងកែង ស្ថិតនៅ​ក្នុងភូមិ​ស្រះចក ឃុំ លង្វែក ស្រុក​កំពង់ត្រឡាច មាន​ចម្ងាយ ៥១ គីឡូម៉ែត្រ​ពី​ក្រុង​កំពង់ឆ្នាំង ។​

​វត្ត ពោធិ​រុក្ខា​រាម ស្ថិតនៅ​ភូមិ​កំពង់ត្រឡាច ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច​មាន ចម្ងាយ ៣៧ គីឡូម៉ែត្រ​ពី​ក្រុង​កំពង់ឆ្នាំង ។ មកដល់ពេលនេះ វត្ត​នេះ​មាន​អាយុ ៩០ ឆ្នាំ​គត់ ត្រូវបាន​កសាងឡើង​នៅ​ឆ្នាំ ១៩២៤ នៃ​គ្រិស្តសករាជ ។ ក្រសួង វប្បធម៌​បាន​អភិរក្ស ជា​បេតិកភណ្ឌ​ជាតិ និង មាន​ទីតាំង​ប្រវត្តិសាស្ត្រ​ដែលជា និមិត្តរូប​របស់​ខេត្តកំពង់ឆ្នាំង មួយផ្នែក​ទៀត​គឺជា​កន្លែង​ផលិត​ក្អម ឆ្នាំង​ពី​បុរាណ ស្ថិតនៅ​ក្នុងភូមិ​អណ្តូង​ឫស្សី ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ។​

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត លោក សេង សាលី មាន​សុទិដ្ឋិនិយម​ថា តាមរយៈ​ការអភិរក្ស និង អភិវឌ្ឍន៍​នៅតាម​រមណីយដ្ឋាន​ទេសចរណ៍វប្បធម៌ ទេសចរណ៍ធម្មជាតិ​នាពេល​បច្ចុប្បន្ននេះ​បានធ្វើឱ្យ​ភ្ញៀវទេសចរ​ជាតិ និង អន្តរជាតិ​មានការ​ចាប់អារម្មណ៍ និង ចូល​ទស្សនា ស្នាក់​នៅក្នុង​ខេត្តកំពង់ឆ្នាំង​ជា បណ្តើរៗ ហើយ​នៅ​ថ្ងៃ​អនាគត​នឹងមាន​ភ្ញៀវទេសចរ​មក​ទស្សនា​នៅ​ខេត្តកំពង់ឆ្នាំង​ច្រើន​ជាមិនខាន ៕ នឿន​