ប្រាសាទតាព្រហ្ម​មន្ទីរពេទ្យ​បុរាណ​

6 Videos


​ប្រាសាទតាព្រហ្ម​ទន្លេបាទីជា​បូជនីយដ្ឋាន​ដ៏​សំខាន់​មួយ​ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មានពី​រាជធានី​ភ្នំពេញ ។ ប្រាសាទ​នេះ​ត្រូវបាន​អ្នកជំនាញ​អះអាងថា​ជា​មន្ទីរពេទ្យ​បុរាណដែល​បាន​សាងសង់​នា​ចុង​សតវត្សរ៍​ទី ១២ ដើម​សតវត្សរ៍​ទី ១៣ នៃ​គ្រិស្តសករាជដើម្បីឧទ្ទិស​ដល់​ព្រះពុទ្ធសាសនា​មហាយាន ។​

ប្រាសាទតាព្រហ្ម​មន្ទីរពេទ្យ​បុរាណ​

ប្រាសាទតាព្រហ្ម​មន្ទីរពេទ្យ​បុរាណ​

​លោក ប្រាក់ ប៊​ន មន្ត្រី​ជើងចាស់​នៃ​មន្ទីរ​វប្បធម៌ និង វិចិត្រសិល្បៈ​ខេត្តតាកែវ​បានឱ្យដឹងថា ប្រាសាទ តាព្រហ្ម​ទន្លេបាទី គឺ​ពិតជា​ស្ថាបត្យកម្ម​ដ៏​កំពូល​និង​អស្ចារ្យ​របស់​ព្រះបាទ​ជយ​វរ្ម័នទី ៧ ប៉ុន្តែគួរឱ្យ​សោកស្តាយ​នៅពេលនេះ​ប្រាសាទតាព្រហ្ម​ទន្លេបាទី​កាន់តែ​ទ្រុឌទ្រោមណាស់​ទៅហើយ​ដែល​ទាមទារ​ឱ្យមាន​ការថែទាំ​និង​ជួសជុល​ជាបន្ទាន់​ផងដែរ ។ ដោយសារប្រាសាទ​ពុកផុយ​នៅ​ផ្នែក​គ្រឹះ​ខាងក្រោម​ស្ទើរ​អស់​ទៅហើយនោះ​ការជួសជុល​ក៏ត្រូវ​ការសិក្សា​រយៈពេល​យូរនិងត្រូវការ​ថវិកា​ច្រើន​ផងដែរ ។​

​រមណីយដ្ឋាន​ទន្លេបាទី​ស្ថិតនៅ​ភូមិ​ថ្នល់​ទក្សិណ ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវដែលមាន​ចម្ងាយ​ប្រមាណ ៣០ គីឡូម៉ែត្រ ភាគខាងត្បូង​រាជធានី​ភ្នំពេញ ។ ក្រៅពី​ជាទី​កម្សាន្ត​លើ​ផ្ទៃ​ទឹក​នៅ​កៀក​នឹង​រាជធានី ទន្លេបាទី​ក៏​ជា​កន្លែង​គោរព​សក្ការៈ​មួយ​ដ៏​ពិសិដ្ឋនិងជា​កន្លែង​សម្រាប់​កម្សាន្ត​នា​ចុង​សបា្តហ៍​សម្រាប់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ ព្រោះ​នៅក្បែរ​នោះ​មាន​ប្រាសាទបុរាណ​ពីរ​គឺ​ប្រាសាទតាព្រហ្ម និង ប្រាសាទយាយពៅដែល​បានកសាងឡើង​នៅ​ចុង​សតវត្សរ៍​ទី ១២ ឬ ដើម​សតវត្សរ៍​ទី ១៣ ក្នុង​រជ្ជកាល​ព្រះបាទ​ជយ​វរ្ម័នទី ៧ ។ អ្នកធ្វើដំណើរ​កម្សាន្ត​នឹងមិន​ភ្លេច​ចូល​ទស្សនា​ប្រាសាទដែលជា​កេរដំណែល​ដូនតា ខ្មែរ នេះឡើយ មុនពេល​គេ​ធ្វើដំណើរ​ទៅ​កម្សាន្ត​និង​ទទួលទាន​អាហារ​លើ​ផ្ទៃ​ទឹក ។

ប្រាសាទតាព្រហ្ម​មន្ទីរពេទ្យ​បុរាណ​

​តាម​ឯកសារ​របស់លោក​បណ្ឌិត មី​សែ​ល ត្រា​ណេ បានសរសេរថា ប្រាសាទតាព្រហ្ម​ត្រូវ បាន​កសាងឡើង​នៅ​សតវត្សរ៍​ទី ១២ ឬ ដើម​សតវត្សរ៍​ទី ១៣ (១១៨១-១២០១) នៅក្នុង រជ្ជកាល​ព្រះបាទ​ជយ​វរ្ម័នទី ៧ គឺ​សម្រាប់​ឧទ្ទិស​ចំពោះ​ព្រះពុទ្ធសាសនា​និង ព្រហ្មញ្ញសាសនា តាម​រចនាបថ​បាយ័ន ដែលមាន​បណ្តោយ​ប្រវែង ៤២ ម៉ែត្រ ទទឹង ៣៦ ម៉ែត្រ និង កម្ពស់ ១១ ម៉ែត្រ ។​

បច្ចុប្បន្ន​តួ​ប្រាសាទ ថែវ កំពែង គោ​បុ​រៈ និង គូ​ទឹក​ព័ទ្ធជុំវិញ​ប្រាសាទ​ត្រូវ​ទទួលរង​នូវ​ការខូ​ត​ខាត​យ៉ាង ខ្លាំង ។ ប្រាសាទ​នេះ​កសាងឡើង​អំពី​ថ្មភក់ និង ថ្មបាយក្រៀម​មាន​ជញ្ជាំង ខណ្ឌ​ជា​បន្ទប់ៗ ។ នៅ​ផ្នែក​ខាងក្រៅ​លម្អ​ទៅដោយ​ចម្លាក់​លៀន​ដែល​បង្ហាញ​ពី​ទេពអប្សរក្នុង​ទេវ​កថា​របស់​ព្រហ្មញសាសនា ។ ផ្នែក​ខាងក្នុង​មាន ៥ បន្ទប់ ដែលមាន ព្រះ​ពុទ្ធរូប​ក្នុង សតវត្សរ៍​ទី ១៣ ពីរ​អង្គ​បែរ​ព្រះ​ភក្ត្រ​ទៅ​ទិសខាងកើត​នៅ​ពីមុខ​រូប​គ្រុឌ​ដែល​កសាង​អំពី ថ្មភក់ ដោយ​ជ្រុង​នីមួយៗ​មាន​ប្រវែង ៧ ម៉ែត្រ ។

ប្រាសាទយាយពៅ គឺជា​សំណង់ស្ថាបត្យកម្ម​ខ្មែរ​នា​សម័យអង្គរ​គួរឱ្យ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ទោះបីជា​សព្វថ្ងៃនេះ​កំពុង​តែមាន​សភាព​ទ្រុឌទ្រោមនិងពុំទាន់​ទទួល​ការជួសជុល​យ៉ាងណាក្តី ។ ប្រាសាទ នេះ​បែរ​ទៅ​ទិសខាងកើតដោយមាន​អន្តរ​សាល​មួយ​លយ​ចេញ​ទៅមុខ​ស្ថិតនៅលើ​ខឿន មួយ​មាន​កម្ពស់​ប្រមាណ​ជា ១ ម៉ែត្រ ។​

ប្រាសាទតាព្រហ្ម​មន្ទីរពេទ្យ​បុរាណ​

​នៅលើ​ក្បាច់​ផ្តែរ​វិញ​គេ​សង្កេតឃើញ​មានចម្លាក់​តំណាង​ទេពប្រណម្យ​ឆ្លាក់​ជា​បី​ជួរក្នុង​មួយ​ជួរៗ​មាន​ទេពប្រណម្យ ៩ លើកលែងតែ​នៅលើ ជួរ​ទី ១ មាន​ទេពប្រណម្យ​តែ ៨ អង្គុយ​អម​សងខាង​ព្រះ​ពុទ្ធអង្គ ។ ខឿន​ប្រាសាទ​នេះ​កាលពីដើម​ហ៊ុមព័ទ្ធ​ដោយបង្កាន់ដៃ​នាគដែល​សព្វថ្ងៃនេះ​កប់​ក្នុង​ដី ។ ផ្នែក​ខាងលើ​នៃ​ប្រាសាទ​បាន​រលុះ​ធ្លាក់ចុះក្រោមហើយ​បើ​គេ​ពិនិត្យ​ឱ្យបាន​ច្បាស់លាស់គេ​អាច​សន្មត​ថា​ប្រាសាទ​នេះពី​ដើម​មាន​កម្ពស់​ប្រមាណ​ជា ១៥ ម៉ែត្រតែ​សព្វថ្ងៃ​នៅសល់​កម្ពស់​ត្រឹមតែ ៨ ម៉ែត្រ​ប៉ុណ្ណោះ​។​

​បរិវេណ​ប្រាង្គ​ប្រាសាទ​ជា​ទឹកដី​ចាស់​ដោយបាន បន្សល់ទុក​ស្លាកស្នាម​វប្បធម៌​មួយចំនួន​នា​សម័យ​បុ​រេ​អង្គរ ដូចជា​ខឿន​ប្រាសាទ​ជា​សិលា ចារឹក​នា​ចុង​សតវត្សរ៍ ៦ ដើម​សតវត្សរ៍​ទី ៧ ដែល​គេ​មិនត្រូវ​មើលរំលង ។ នៅក្បែរ​ប្រាសាទ គេ​បាន​សង្កេតឃើញ​គំនរ​ថ្ម​ចម្លាក់ដូចជា​ដងខ្លួន​នៃ​បង្កាន់ដៃ​ជាស​ត្វ​នាគ និង សមាសធាតុ តុបតែង​ប្រាសាទ​បាក់បែក​ខាងលើនេះ ។ ប្រាសាទតាព្រហ្ម​ទន្លេបាទី​ជា​មន្ទីរពេទ្យ​បុរាណនា​សម័យ​ព្រះបាទ ជ័យ​វរ្ម័នទី ៧ ។​

ប្រាសាទតាព្រហ្ម​មន្ទីរពេទ្យ​បុរាណ​

​ម្យ៉ាងវិញទៀត​គេ​ក៏បាន​ឃើញ​នូវ​ក្បាច់​ផ្តែរ​មួយ​នៅខាងមុខ​ដែល​ឧទ្ទិស​ចំពោះ​ព្រះពុទ្ធសាសនា​ដោយមាន​វត្តមាន​របស់​ចម្លាក់​ពុទ្ធ​ប្បដិមា​មួយ​ព្រះអង្គ​គង់ប្រថាប់​នៅ​ចំ​កណ្តាលនៃ​ក្បាច់​ផ្តែរ ។ ទីនោះ​ក៏​ជា​កន្លែង​ដ៏​ស័ក្តិសិទ្ធិ​សម្រាប់​អ្នកមាន​ជំនឿ​បួងសួងសុំ​សេចក្តីសុខចម្រើន​ដែល​គេ​តែងតែ​សង្កេតឃើញ​មាន​អ្នក​ចូលទៅ​បន់ស្រន់​មិនដែល​ដាច់​ទាំង​អ្នក​នៅ​ទីជិត​និង​ទី​ឆ្ងាយ ៕ នឿន​