​​រលោក​ថ្លើម A, B និង C ខុស​គ្នា​ដូច​ម្តេចទៅ​?

​​រលោក​ថ្លើម A, B និង C ខុស​គ្នា​ដូច​ម្តេចទៅ​?

​ជំងឺ​រលាក​ថ្លើម​ប្រភេទ A, B និង C ត្រូវ​បាន​បង្ក​ឡើយ​ដោយ វីរុស​បី​ប្រភេទ​ផ្សេងៗ​គ្នា​។ ទោះបីជា​រោគសញ្ញា របស់​ជំងឺ​ទាំងបី​នេះ ប្រហាក់ប្រហែល​គ្នា​យ៉ាងណាក្តី ក៏​របៀប​ឆ្លង និង​ផលប៉ះពាល់ មាន​សភាព​ខុស​គ្នា​ដែរ​។​

ជំងឺ​រលាក​ថ្លើម​ប្រភេទ A កើតឡើង​តែ​ក្នុងពេល​ស្រួចស្រាវ ឬ​ឆ្លង​មេរោគ​ថ្មីៗ ហើយ​មិន​បង្ក​ជា​ជំងឺ​រ៉ាំរ៉ៃ​។ អ្នក​កើត​ជំងឺ​រលាក​ថ្លើម​ប្រភេទ​នេះ ជាធម្មតា នឹង​ជា​ទៅ​វិញ​ដោយ​ខ្លួនឯង ទោះបីជា​គ្មាន ការព្យាបាល​ក៏ដោយ​។​

​ជំងឺ​រលាក​ថ្លើម​ប្រភេទ B និង C អាច​កើតឡើង​នៅ​ពេល​ឆ្លង​មេរោគ​ស្រួចស្រាវ ប៉ុន្តែ ក្នុង​ករណី​ខ្លះ វីរុស​ស្ថិតនៅក្នុង​រាងកាយ ដែល​បង្ក​ជា​ការ​រលាក​ថ្លើម​រ៉ាំរ៉ៃ និង​បណ្តាលឲ្យ​ខូចខា​តដល់​ថ្លើម​។​

​គេ​មាន​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម ប្រភេទ A និង B ប៉ុន្តែ គ្មាន​សម្រាប់​ប្រភេទ C ឡើយ​។​ ​យ៉ាងណាមិញ ប្រសិនបើ​អ្នក​ធ្លាប់​កើត ជំងឺ​រលាក​ថ្លើម​ប្រភេទ​ណា​មួយ​នោះ អ្នក​ក៏​អាច​នឹង​កើត  ជំងឺ​រលាក​ថ្លើម​ប្រភេទ​ផ្សេង​ទៀត​ផង​ដែរ​។​

​ជំងឺ​រលាក​ថ្លើម​ប្រភេទ B និង C មាន​សភាព​ប្រហាក់ប្រហែលគ្នា ប៉ុន្តែ វា​ក៏​មាន​ចំណុច​ខុសគ្នា មួយចំនួន​ផង​ដែរ​។​

​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ទាំង​ពីរ​ប្រភេទ​នេះ ឆ្លង​តាមរយៈ​ឈាម ហើយ​អាច​ព្យាបាល ដោយ​ការប្រើ​ថ្នាំ​។ អ្នក​ដែល​កើត​ជំងឺ​នេះ អាច​រស់រាន​មានជីវិត ដូច​គេ​ដូច​ឯង​ដែរ ប្រសិនបើ​ទទួល​ការព្យាបាល និង​ស្តាប់​តាម​ការណែនាំ របស់​គ្រូពេទ្យ​ជំនាញ​។​

​ជំងឺ​រលាក​ថ្លើម​ប្រភេទ C អាច​ឆ្លង​បាន តែ​តាមរយៈ​ឈាម​ប៉ុន​នោះ ប៉ុន្តែ ក្នុងករណី​កម្រ​ខ្លះ វា​អាច​ឆ្លង​តាមរយៈ សារធាតុ​រាវ​ក្នុង​រាងកាយ​។​ ​ប្រសិនបើ​អ្នក ឆ្លង​ជំងឺ​រលាក​ថ្លើម​ប្រភេទ C ហើយ​កម្ចាត់​វា​ចោល​ដោយ​ជោគជ័យ មិនមែន​មានន័យថា អ្នក​ស៊ាំ​នឹង​មេរោគ ហើយ​មិន​អាច​កើត​វា​ម្តងទៀត​នោះទេ គឺថា បើ​មិន​ប្រយ័ត្ន អ្នក​ច្បាស់​ជា​ឈឺ​ទៀតហើយ​។​

​ជំងឺ​រលាក​ថ្លើម​ប្រភេទ B អាច​ឆ្លង​តាមរយៈ​ឈាម និង​សារធាតុ​រាវ​ក្នុង​រាងកាយ ជាពិសេស ពេល​រួមភេទ និង​ពី​ម្តាយ​ទៅ​កូន​ក្នុង​ផ្ទៃ​។ ដូច្នេះ ម្តាយ​គ្រប់រូប​គួរតែ​ធ្វើ​តេស្ត​ឈាម មុន​ពេល​សម្រេច​ចិត្ត​ថា​យក​កូន​។​ ​ប្រសិនបើ​អ្នក ឆ្លង​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ហើយ​កម្ចាត់​វា​ចោល​ដោយ​ជោគជ័យ នោះ​មានន័យ​ថា អ្នក​ស៊ាំ​នឹង​មេរោគ ហើយ​មិន​អាច​កើត​វា​ម្តងទៀត​នោះទេ​។​

​ការព្យាបាល និង​វ៉ាក់សាំង​
​មិន​មាន​វ៉ាក់សាំង សម្រាប់​ជំងឺ​រលាក​ថ្លើម​ប្រភេទ C ឡើយ ប៉ុន្តែ គេ​អាច​ព្យាបាល​វាឲ្យ​ជា ក្នុង​អត្រា​ខ្ពស់​ផង​ដែរ គឺ​ដល់​ទៅ ៨០ ភាគរយ​។​

​គេ​មាន​វ៉ាក់សាំង សម្រាប់​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ប៉ុន្តែ បើ​អ្នក​ជ្រុល​ជា​ឆ្លង​វា​រ៉ាំរ៉ៃ​ហើយ នោះ​មិន​ទាន់​មាន​ថ្នាំ​ព្យាបាល វាឲ្យ​ជាសះស្បើយ​នោះទេ​។ យ៉ាងណាមិញ យុវវ័យ​ពេញកម្លាំង ដែល​ឆ្លង​មេរោគ​នេះ មាន​អត្រា​រហូតដល់​ទៅ ៩៥ ភាគរយ​ឯណោះ ដែល​នឹង​អាច​ជា​វិញ ដោយ​ធម្មជាតិ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 
មេសា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។