ទ្រាំ​ប្តី​ល្មោភកាម​លែង​បាន​រក​ផ្លូវ​បាយ​ៗ

ទ្រាំ​ប្តី​ល្មោភកាម​លែង​បាន​រក​ផ្លូវ​បាយ​ៗ



រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ស្ថិត​ក្នុង​សភាព​ស្គមស្គាំង និង​ទឹកភ្នែក​រលីងរលោង បាន​មក​កាន់​ប៉ុស្តិ៍​ប៉ូលិស​សង្កាត់​ទួល​សង្កែ កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​ព្រឹក​ថ្ងៃ​២៥ មេ​សា ដើម្បី​អោយ​ជួយ​អន្តរាគមន៍ ជូន​ទៅ​ផ្ទះ​វិញ​បន្ទាប់​ពី​បាន​សាង​ស្នេហ៍​ជាមួយ​បុរស​ល្មោភកាម​ម្នាក់ អស់​រយៈពេល​ប្រមាណ​៨​ខែ ទ្រាំ​លែង បាន ព្រោះ​ប្តី​បង្ខំ​អោយ​បម្រើ​ផ្លូវភេទ​គ្មាន​លស់​ថ្ងៃ​ណា​ឡើយ ។

ស្ត្រី​ដែល​ទ្រាំ​នឹង​ប្តី​មិន​បាន​ឈ្មោះ ឆែម ម៉ា​លី​ន អាយុ​២៩​ឆ្នាំ ជា​កម្ម​ការី​នី​រោងចក្រ​មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ខ្សេវ ឃុំ​ព្រែក​តូច ស្រុក​ស្អាង ខេត្តកណ្តាល ។ ចំណែក​ប្តី​ល្មោភកាម​ឈ្មោះ សាំង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មានមុខរ​បរជា​ជាងសំណង់​មានស្រុក​កំណើត​នៅ​ស្រុក​កំចាយមារ ខេត្តព្រៃវែង ។ ពួក​គេ​ទាំង​២​នាក់ ស្នាក់​នៅ​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង​ក្បែរ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ ។

ស្ត្រី​រូប​នោះ បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ថា នាង​មិន​ចង់​រស់នៅ​ជាមួយ​ប្តី​ទៀត​ទេ គឺ​ទ្រាំ​លែង​បាន​ហើយ​ដែល​មួយ​ថ្ងៃ​ៗ ប្តី​ល្មោភកាម​គំរាមកំហែង និង​វាយ​ធ្វើបាប​ចាប់បង្ខំ​អោយ​បម្រើ​ផ្លូវភេទ​គ្មាន​លស់​ថ្ងៃ ។ ប្រការ​ដែល​នាង​សុំ​អោយ​នគរបាល​ជួយ​អន្តរាគមន៍​ជូន​នាង​ទៅ​ស្រុក​កំណើត​នេះ គឺ​ដើម្បី​គេច​ពី​ប្តី​ព្រោះ​ខ្លាច​គ្មាន​សុវត្ថិភាព ។

ស្ត្រី​រូប​នោះ បាន​រំលឹក​ថា​នាង​នឹង​បុរស​ឈ្មោះ​សាំង បាន​រស់នៅ​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ​បាន​ប្រមាណ​តែ​៨​ខែ​ប៉ុណ្ណោះ ។ នាង​រៀបរាប់​ថា ការ​ឈាន​ទៅ​មាន​និស្ស័យ ភ្ជាប់​ចំណង​ស្នេហ៍​គ្រា​ដំបូង​តាម​រយៈ​ទូរស័ព្ទ​ច្រឡំ​លេខ ។ នាង​ថា ដោយសារ​តែ​គេ​មាន វាចា​ផ្អែមល្ហែម បាន​ធ្វើ​អោយ​នាង​ចាប់ចិត្ត​ប្រ​តិ​ព័ន្ធ​ស្រលាញ់ និង​ណាត់ជួប​គ្នា ហើយ​បាន​នាំ​គ្នា​ទៅ​ជួប​ចាស់ទុំ សែនព្រេន​ផ្សំផ្គុំ រស់នៅ​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ​រហូត​មក ។

ស្ត្រី​រូប​នោះ​បានអោយ​ដឹង​ទាំង​ទឹកភ្នែក​ថា​មុន​នេះ​គាត់​សង្ឃឹមថា នឹង​មាន​សេច​ត្តី​សុខ​តែ​ផ្ទុយ​ទៅ​វិញ ជួប​បុរស​កំពូល​ប្រចណ្ឌ និង​កំពូល​ល្មោភកាម រក​សំរាក​ស្រួលខ្លួន​មិន​បាន ។ នាង​ថាបើ​មិន​ព្រម ត្រូវ​ប្តី​ហេងស៊យ​នោះ​វាយ​ធ្វើបាប​ទឹកភ្នែក​រាល់ថ្ងៃ ។ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ មេ​សា​នេះ ពេល​ភ្ញាក់ពីដេក​មិន​ទាន់​ទេ លោក​ប្តី​មាន​អារម្មណ៍​ផ្លូវភេទ គឺ​មិន​អោយ​នាង​ទៅ​ធ្វើការ​ទេ ទោះបីជា​ខំ​អង្វរ​យ៉ាងណា​ក៏​មិន​ព្រម​ដែរ ។ បន្តិច​ក្រោយមក​ក៏​ព្រម​ហើយ​ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​ទាំងអស់​ក្តី​សង្ឃឹម ។ នៅ​ពេល​ទៅ​ដល់​រោងចក្រ ក៏​បាន​សុំ​អោយ​សន្តិសុខ​ជូន​មក​ប៉ុស្តិ៍​នគរបាល​ទួល​សង្កែ ដើម្បី​សុំ​អោយ​នគរបាល​ជួយ​អន្តរាគមន៍ ។

ស្ត្រី​រូប​នោះ​បានអោយ​ដឹង​ថា នាង​ឈប់​យកប្តី​នេះ​ទៀត​ហើយ មិន​ទ្រាំ​រស់នៅ​ទាំង​ទឹកភ្នែក​ជាមួយ​ប្តី​ល្មោភកាម​ទ្រាំ​មិន​បាន​បែប​នេះ​ទៀត​ទេ ។ បន្ទាប់​ពី​មក​ដល់​ប៉ុស្តិ៍ ដោយសារ​តែ​នាង​ស្នាក់​នៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ នគរបាល​ក៏​បាន​ណែនាំ​អោយទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​គីឡូម៉ែត្រ​លេខ​៦​វិញ ដោយ​ជូន​ដំណើរ​នាង​ដើម្បី​ឲ្យ​នាង​បាន​កក់ក្តៅ ។

មិន​អាច​ស្វែងរក​ការ​បំភ្លឺ​ណាមួយ ពី​បុរស​ជា​ប្តី​ជុំវិញ​ការ​ចោទប្រកាន់​របស់​ស្ត្រី​ជា​ប្រពន្ធ​នោះ​បាន​ទេ​ម្សិលមិញ​នេះ ៕