សាលាដំបូង​រាជធានី​ចេញ​ដីកាកោះហៅ​លោក សម រ​ង្ស៊ី ចូល​សវនាការ​ថ្ងៃ​២៨ កក្កដា

សាលាដំបូង​រាជធានី​ចេញ​ដីកាកោះហៅ​លោក សម រ​ង្ស៊ី ចូល​សវនាការ​ថ្ងៃ​២៨ កក្កដា



រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះហៅ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ឲ្យ​ចូល​មក​រួម​សវនាការ​ជំនុំជម្រះ​នៅ​ខែកក្កដា ខាង​មុខ​នេះ ទាក់ទង​នឹង​បណ្តឹង​បរិហារកេរ្តិ៍ សម្តេច​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា ។

កាលពី​ថ្ងៃ​ទី​១៧ វិច្ឆិកា ឆ្នាំ​២០១៥​កន្លង​ទៅ លោក សម រ​ង្ស៊ី បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​ស ប៊ុ​ករប​ស់លោក​ភ្ជាប់​ជាមួយ​វី​ដេ​អូ​មួយ​ឈុត​ថា «​យើង​ចង​ចាំ​ថា របប​កើត​ថ្ងៃ​៧ មក​រា ១៩៧៩ បាន​ឲ្យ​តុលាការ​របស់​គេ​កាត់ទោស​ប្រហារជីវិត សម្តេចព្រះ​នរោត្តម សីហ​នុ ដោយ​ចោទ​ព្រះ​អង្គ​ថា​ជា​ជន​ក្បត់ជាតិ​» ។

កន្លង​មក​លោក សម រ​ង្ស៊ី ក៏​ធ្លាប់​បាន​ថ្លែង​ថា សម្តេច​ពញា​ចក្រី ហេង សំ​រិ​ន ពុំ​មាន​មូលដ្ឋាន​ក្នុង​ការ​ចោទ​រូប​លោក​ពី​បទ​បរិហារកេរ្តិ៍ តាម​ប្រព័ន្ធ​សង្គម​ហ្វេ​ស​ប៊ុ​ក​នោះ​ទេ ដោយ​អះអាង​ថា លោក​មិន​បាន​និយាយ​ចំ​ឈ្មោះ​នរណា​ម្នាក់​ក្នុង​ការ​សរសេរ​នោះ​ឡើយ ។ លោក​បន្ត​ថា សម្តេច​នរោត្តម សីហ​នុ បាន​ថ្លែង​ពី​ឈ្មោះ​លោក ហេង សំ​រិ​ន នៅ​ក្នុង​វី​ដេ​អូ​ដែល​លោក​បង្ហោះ​ភ្ជាប់​ជាមួយ​សារ​ហ្វេ​ស​បុក​នោះ ។ លោក​មេធាវី គី តិច តំណាង​ឱ្យ​សម្តេច​ពញា​ចក្រី ហេង សំ​រិ​ន បាន​អះអាង​ថា ក្រោយ​ថ្ងៃ​៧ មក​រា ១៩៧៩ ពុំ​មានការ​កាត់ទោស​សម្តេច​សីហ​នុ​ថា​ក្បត់ជាតិ​នោះ​ទេ គឺ​មាន​តែ​ការ​យាង​ព្រះ​អង្គ​មក​ចូល​ស្រុក​វិញ ។ ចំពោះ​វី​ដេ​អូ​ដែល​លោក សម រ​ង្ស៊ី បង្ហោះ​នោះ​ជា​ការ​បំភាន់​មតិ​សាធារណៈ ដោយ​ថា មាន​ពាក់ព័ន្ធ​នឹង​ការ​បញ្ចូល​កងទ័ព​វៀតណាម​ទៅ​ឱ្យ​នៅ​ជាមួយ​កងទ័ព​រដ្ឋាភិបាល​ភ្នំពេញ ។

គួរ​បញ្ជាក់​ថា លោក សម រ​ង្ស៊ី កំពុង​ជាប់​ពាក់ព័ន្ធនឹង​សំណុំរឿង​អតីត​សមាជិក​ព្រឹទ្ធសភា លោក ហុង សុខ​ហួរ ទាក់ទង​នឹង​បទ​សមគំនិត​ក្នុង​អំពើ​ក្លែង​បន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្ក​ឱ្យ​មានការ​វឹកវរ​ធ្ងន់​ធ្ង​រ​ដល់​សន្តិសុខ​សង្គម ។ លោក​ក៏​ត្រូវ​បាន​តុលាការ​ចេញ​ដីកាចាប់ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​បរិហារកេរ្តិ៍​លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំ​ហុង អតីតរដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​ផង​ដែរ ។ លោក​សម រ​ង្ស៊ី ក៏​ជាប់​បណ្តឹង​មួយទៀត​របស់​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី លោក​សោម សឿ​ន ដែល​បាន​ប្តឹង​លោក​ពី​បទ​ក្លែង​លិខិត​នៅ​លើ​ហ្វេ​ស​ប៊ុ​ក និង​បង្ហោះ​អត្ថបទ​មាន​ខ្លឹមសារ​ខុស​ពី​ការ​ពិត ៕
 សហការី