នាយក​រដ្ឋមន្ត្រី​ប្រកាស​យុទ្ធនាការ​ចែកចាយ​ទឹក​ដល់​ប្រជាពលរដ្ឋ

នាយក​រដ្ឋមន្ត្រី​ប្រកាស​យុទ្ធនាការ​ចែកចាយ​ទឹក​ដល់​ប្រជាពលរដ្ឋ



ខេត្តបន្ទាយមានជ័យ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រកាស​ដាក់​ចេញ​នូវ​យុទ្ធនាការ​នៅ​ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស​ដើម្បី​ដោះស្រាយ​ទឹក​ជូន​ប្រជាពលរដ្ឋ​...​។ ឆ្នាំ​នេះ​ចាត់​ទុក​ថា ជា​គ្រោះ​មហន្តរាយ​ហើយ ។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ប្រកាស​ដូចនេះ​នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែមេសា ឆ្នាំ​២០១៦ នៅ​ស្រុក​ថ្មពួក ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ផ្លូវជាតិ​លេខ​៥៦ និង​ផ្លូវ​ចូល​ប្រាសាទ​បន្ទាយ​ឆ្មារ​ប្រវែង​១២៤,២​គីឡូម៉ែត្រ ពី​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ដល់​ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ ។ ផ្លូវ​នេះ​ស្ថាបនា​ក្រោម​ឥណទាន​កម្ចី​ពី​ធនាគារ​អាហរ័ណ​នីហរ័ណ​នៃ​សាធារណរដ្ឋ​កូរ៉េ និង​ធនាគារអភិវឌ្ឍន៍អាស៊ី និង​ជាមួយ​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​ចំណាយ​ថវិកា​សរុប​ប្រមាណ​៤៩,១៩៩​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​រួមចំណែក​ជួយ​សម្រួល​ដល់​ចរាចរណ៍​ដឹក​ជញ្ជូន និង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​អភិវឌ្ឍន៍​សង្គម និង​ការ​ធ្វើ​សមាហរណកម្ម​ផ្ទៃក្នុង ។

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា យុទ្ធនាការ​នៅ​ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស​ដើម្បី​ដោះស្រាយ​ទឹក​ជូន​ប្រជាពលរដ្ឋ​នេះ ខ្ញុំ​មិន​ស្នើ​សុំ​រដ្ឋសភា សុំ​ការ​ឡាយព្រះហស្តលេខា​ពី​ព្រះមហាក្សត្រ​ដើ​ម្ប​ដាក់​ប្រទេស​ជាតិ​ក្នុង​គ្រា​មាន​អាសន្ន​នោះ​ទេ ។ ប៉ុន្តែ​ក្នុង​នាម​រាជរដ្ឋាភិបាល ខ្ញុំ​សូម​ដាក់​ចេញ​នូវ​យុទ្ធនាការ​ចែកចាយ​ទឹក​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ ។ ដោយ​ការ​ព្យាករ​របស់​ក្រសួង​ធនធានទឹក​កាលពីដើម​ឆ្នាំ បាន​ស្នើ​ឱ្យ​ខ្ញុំ​ចេញ​សារាចរ​ណែនាំ និង​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​ធ្វើស្រែ​ប្រាំង​តែ​ម្ដង​បាន​ហើយ ដើម្បី​ទុក​ទឹក​ប្រើប្រាស់ ។ ការ​ព្យាករ​និង​វិធានការ​ពិតជា​ត្រឹមត្រូវ បើសិនជា​យើង​យក​ទឹក​នេះ​ទៅ​ធ្វើស្រែ​ប្រាំង​២​ដងនោះ នឹង​អស់​ទឹក​ប្រើប្រាស់​សម្រាប់​ការ​រស់នៅ​ជា​ប្រចាំ​ថ្ងៃ ។ ចំណុច​ទាំងនេះ ដែល​ទាមទារ​ឱ្យ​យកចិត្តទុកដាក់​ ។

សម្តេច​តេ​ជោ បាន​ថ្លែងអំណរគុណ​គ្រប់​ស្ថាប័ន គ្រប់​អាជ្ញាធរ​ដែនដី ដែល​បាន​អនុវត្ត​នូវ​វិធានការ​ទាំងនោះ​ដោយ​រក្សា​ទឹក​ទុក ។

ប៉ុន្តែ​ឥឡូវនេះ​សភាពការណ៍​ទៅ​ហួស​ពី​កម្រិត​ដែល​យើង​ពិបាក​នោះ​នៅ​ត្រង់​ថា ទឹកទន្លេ​មេគង្គ​ទាប​ពេក បណ្តា​បឹងបួ​ទឹក​ទាប​ពេក សូ​ម្បី​តែ​បុណ្យអុំទូក អកអំបុក​ក៏​អត់​បាន​ធ្វើ​ដែរ ។ ចិន​បាន​ទម្លាក់​ទឹក​ចំនួន​៣​ដង​រួច​ហើយពី​ទន្លេ​ឡា​ង​ឆាន​ចូល​មក​ក្នុង​ទន្លេមេគង្គ ដើម្បី​ឱ្យ​កម្ពស់​ទឹក​នៅ​ក្នុង​ដែនដី​មី​យ៉ា​ន់​ម៉ា ថៃ ឡាវ កម្ពុជា វៀតណាម មាន​កំណើន​ទឹក​។ ប៉ុន្តែ​នៅ​វៀតណាម វៀតណាម​បាន​និយាយ​ថា  ទឹកសមុទ្រ​បាន​ហូរ​ចូល​តាម​ទន្លេមេគង្គ​ជាង​១០០​គីឡូម៉ែត្រ ។ បើសិនជា​ទឹក​នៅ​ទាប​បន្ត​ទៀត មិនមែន​គ្រាន់តែ​បញ្ហា​របស់​ប្រទេស​វៀតណាម​ទេ ទឹកប្រៃ​អាច​ហូរ​ចូល​មក​ទឹកដី​កម្ពុជា​តាម​រយៈ​ទន្លេមេគង្គ​តែ​មួយ ។

ចំណែក​នៅ​ខេត្តស្វាយរៀង តាម​របាយការណ៍​របស់​អភិបាលខេត្ត​ថា មាន​អណ្តូងទឹក​នៅ​ពីរ​ស្រុក​ដែល​រីងស្ងួត ។ ដូច្នេះ​សភាពការណ៍​នេះ​ខ្ញុំ​ដាក់​ចេញ​នូវ​បទបញ្ជា​នៅ​ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស ត្រូវ​ប្រមូលផ្តុំ​ការ​ខិតខំ​ទាំងអស់​ដើម្បី​ដោះស្រាយ​ទឹក​ឱ្យ​ប្រជាជន​ប្រើប្រាស់ ដោយ​មិន​ត្រូវ​ទុក​ឱ្យ​ប្រជាជន​មាន​គ្រោះថ្នាក់​បណ្តាល​មក​ពី​ការ​ខ្វះខាត​ទឹក​នោះ​ទេ ។

នេះ​ជា​បទបញ្ជា​ដាច់​ណាត់​... ដែល​គ្រប់​ស្ថាប័ន​ត្រូវ​មាន​ភារកិច្ច អាជ្ញាធរ​ដែនដី​ធ្វើ​កិច្ចការ​នេះ គណៈ​ក​មា្ម​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​តែឯង​មិន​គ្រប់គ្រាន់​ទេ ត្រូវ​ប្រើ​កម្លាំង​សរុប វិធានការ​សរុប មធ្យោបាយ​សរុប ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​នេះ​ឱ្យ​ខាង​តែ​បាន ។ ក្នុង​នោះ​ត្រូវ​ប្រមូលផ្តុំ​កម្លាំង​ទាំងអស់​ចូលរួម លោក​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រោះ​មហន្តរាយ​ត្រូវ​បន្ត ។

ថវិកា​ទម្លាក់​មក​ជាដំបូង​នេះ គ្រាន់តែ​ជា​ដំណាក់កាល​ដំបូង​ទេ ថវិកា​នេះ​មិន​គ្រប់​ទេ ។ ទឹក​ត្រូវ​ប្រមូលផ្តុំ​កែ​ច្នៃ នៅ​ខេត្តបន្ទាយមានជ័យ​នេះ​ដែល​រៀបចំ​ដោយ​លោកនាយ​ឧត្តមសេនីយ៍ កែ គឹ​ម​យ៉ា​ន ផ្ទាល់​ជា​គំរូ ពិសោធន៍​មួយ​នៃ​ការ​ប្រមូល​មធ្យោបាយ​តាម​រយៈ​មធ្យោបាយ​រថយន្ត ធំ ហើយ​បន្តដំណើរ​ដោយ​គោ​យន្ត​ប្រជាពលរដ្ឋ​ដើម្បី​ដឹក​ទឹក​ចែក​ជូន​ប្រជាពលរដ្ឋ ។

សម្តេច​តេ​ជោ បាន​បញ្ជា​ឱ្យ​លោក ញឹ​ម វណ្ណ​ដា ត្រូវ​ធ្វើការ​ជាមួយ​បណ្តា​ខេត្ត​ដែល​ជួប​គ្រោះ​រាំង​ស្ងួត ។ សម្តេច​បាន​បញ្ជា​ឱ្យ​កាត់​បន្ថយ​នូវ​កិច្ចការ​ប្រជុំ ក្រសួង​ណា​អញ្ជើញលោក​អភិបាលខេត្ត​ទៅ​ប្រជុំ សម្តេច​បញ្ជា​អត់​ឱ្យទៅ​ទេ​។ បើ​ចង់​ប្រជុំ​ត្រូវ​បិទ​ប្រជុំ​ជាមួយ​ខេត្ត ឬ​ក៏​បើក Video Conference ប្រជុំ​ទៅ ទុក​ឱ្យ​លោក​អភិបាលខេត្ត​ទៅ​ដោះស្រាយ​ការ​ខ្វះ​ទឹក​ជូន​ប្រជាពលរដ្ឋ ។ សម្តេច​សុំ​ឱ្យ​លោក​អភិបាលខេត្ត​កុំ​រាយការណ៍​ច្រើន​ពេក​អំពី​គ្រោះថ្នាក់​ចរាចរណ៍ រាយការណ៍​ឱ្យ​រដ្ឋមន្ត្រី​មហាផ្ទៃ​ទៅ ។ រឿង​ដែល​ខ្ញុំ​ចង់​ដឹង​ជាងគេ​គឺ​រឿង​ទឹក ។

សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ថា យុទ្ធនាការ​មួយ​ត្រូវ​បាន​ប្រកាន់​យក ប្រើប្រាស់​វិធានការ​សរុប មធ្យោបាយ​សរុប កម្លាំង​សរុប ដើម្បី​ដោះស្រាយ​បញ្ហា ។ ដល់​ពេលវេលា​ដែល​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ដែល​មាន​ខ្ញុំ​ជា​ប្រធាន និង​លោក ញឹ​ម វណ្ណ​ដា ជា​អនុប្រធាន​ទី​១ ចេញ​មុខ​ដោះស្រាយ​បញ្ហា​នេះ ។ ឥឡូវ​ត្រូវ​ទម្លាក់​លុយ​បន្ថែម​ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ឱ្យទៅ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ដើម្បី​ចែកចាយ​ជូន​ទៅ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ថ្នាក់​ខេត្ត​ចាត់ចែង ដែល​មាន​ទាំង​កម្លាំងប្រដាប់អាវុធ​ត្រូវ​ចូលរួម ត្រូវ​ចេញពី​បន្ទាយ ត្រូវ​ជួយ​ប្រជាពលរដ្ឋ រ​កន្លែង​ទឹក កន្លែង​ណា​ជីក​អណ្តូង​បាន​ជីក ចែកចាយ ទាញ បូម សម្រាប់​ជូន​ប្រជាជន​ទៅ​កន្លែង​ដទៃ ។ ប្រមូល​គ្រឿងចក្រ នាំ​គ្នា​ជីក​អណ្តូង ធ្វើ​ដូច​ម្តេច​ដោះស្រាយ​ទឹក​ជូន​ប្រជាជន​ឱ្យ​បាន ។

សម្តេច​តេ​ជោ បាន​អំពាវនាវ​ចំពោះ​ក្រុមហ៊ុន​ទឹក ដែ​េ​ល​ផលិត​ទឹក​ស្អាត សូម​ជួយ​ទឹក​ស្អាត​មួយ​ចំនួន បើសិនជា​ម្ចាស់​ទឹក​ស្អាត​នេះ​យក​ទឹក​ទៅ​ចែក​ខ្លួនឯង​តាម​ខេត្ត តាម​មូលដ្ឋាន កុំ​ចាំបាច់​ឆ្លងកាត់​តាម​អាជ្ញាធរ ។ ពេល​នេះ​ជា​ពេលវេលា​ដែល​ត្រូវ​ជួយ​គ្នា​ហើយ ។ អ្នក​ដែល​អត់​រោងចក្រ​ផលិត​ទឹក​អាច​ជួយ​ជា​ថវិកា​ក៏​បាន ឬ​ក៏​ជួយ​រថយន្ត​ដើម្បី​ដឹក​ទឹក​ជូន​ប្រជាពលរដ្ឋ ។ ដូច្នេះ ត្រូវ​បញ្ជូន​រថយន្ត​ដឹក​ទឹក​ចេញ​មក ទាំង​រដ្ឋ ទាំង​ឯកជន បញ្ចេញ​មក ។ សូម​យកចិត្តទុកដាក់​ជា​ពិសេស​ទៅ​លើ​ស្ត្រី​មេ​មា​៉​យ ចាស់ជរា និង​ជន​ពិការ ដែល​គាត់​អត់​លទ្ធភាព​ទទួល​ទឹក​ពី​យើង​ត្រូវ​ដឹក​ទឹក​យក​ទៅ​ជូន​គាត់ ទៅ​កាន់​ផ្ទះ​របស់​គាត់ បើ​គាត់​ខ្វះ​ពាង​ត្រូវ​ទិញ​ពាង​ឲ្យ​គាត់ ។

សូម​អំពាវនាវ​ចំពោះ​កាកបាទក្រហម សូម​ប្តូរ​ទិស​ដៅ​មក​ចូលរួម​ដោះស្រាយ​បញ្ហា​បន្ថែម​ចែក​អណ្តូងទឹក ហើយ​ដឹក​ទឹក​យក​ទៅ​ជូន​ប្រជាជន ។ ទាំង​រដ្ឋ ទាំង​ឯកជន ទាំង​កាកបាទក្រហម ធ្វើ​សកម្មភាព​ដោះស្រាយ​បញ្ហា​កង្វះ​ទឹក​នេះ ។ ក្រសួង​ធនធានទឹក នៅ​តែ​បន្ត​ធ្វើ​កិច្ចការ​នេះ​ជា​ប្រចាំ ។

សម្តេច​តេ​ជោ បាន​អំពាវនាវ​ឲ្យ​ក្រុមការងារ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទុក​ការងារ​ផ្សេង​មួយអន្លើ ឲ្យ​ប្រមូល​ផ្គុំ​ចុះ​ការងារ​មូលដ្ឋាន ក្នុង​ការ​ជួយ​ដោះស្រាយ​ទឹក​ជូន​ប្រជាពលរដ្ឋ ។ គណបក្ស​ប្រជាជន​កម្ពុជា មាន​យន្តការ​របស់​ខ្លួន​ដែល​ចុះ​ជួយ​តាម​ខេត្ត តាម​ឃុំ តាម​ភូមិ ដូច្នេះ​ប្រើប្រាស់​ធនធានមនុស្ស​និង​ធនធាន​ហិរញ្ញវត្ថុ ដើម្បី​ជួយ​ទៅ​លើ​ការ​ដោះស្រាយ​ជាមួយ​យន្តការ​របស់​រដ្ឋ កាកបាទក្រហម វិស័យ​ឯកជន ដើម្បី​ធ្វើ​កិច្ចការ​ដោះស្រាយ​ទឹក​ជូន​ប្រជាពលរដ្ឋ មានទឹក​ទទួលទាន​ផង ប្រើប្រាស់​ក្នុង​គ្រួសារ​ផង ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​អំពាវនាវ​ចំពោះ​គណបក្ស​ដទៃ ទាំង​បក្ស​ចាស់ ទាំង​បក្ស​ទើបតែ​បង្កើត​ថ្មី គឺ​សូម​ចេញ​ជួយ​ធ្វើ​សកម្មភាព ។

សម្តេច​មាន​ប្រសាសន៍​ថា រង់ចាំ​មើល តើ​បក្ស​នេះ​ចាំ​យក​សន្លឹក​ឆ្នោត​ឆ្នាំ​២០១៧ ឬ​គាត់​ជួយ​ដោះស្រាយ​ទឹក ចា​មើល​ត្រង់​ហ្នឹង ។ បងប្អូន​ប្រជាពលរដ្ឋ​រង់ចាំ​មើល តើ​មាន​បក្សនយោបាយ​ណាខ្លះ ដោះស្រាយ​ទឹក​សម្រាប់​ប្រជាជន​ដែល​កំពុង​ខ្វះខាត ។

សម្តេច​តេ​ជោ​បាន​បញ្ជាក់​ថា សូមកុំ​និយាយ​ពាក្យ​ថា ខ្ញុំ​មិនមែន​បក្ស​កាន់​រាជរដ្ឋាភិបាល ខ្ញុំ​អត់​ទទួលខុសត្រូវ ។

ក្នុង​ករណី​ដូច្នេះ តើ​លោក​ឯង​ធ្វើ​បក្ស​ហ្នឹង​ដើម្បី​អ្វី ? បើ​គ្រាន់តែ​ជួយ​ដោះស្រាយ​ទឹក​ជូន​ប្រជាជន​លោក​ឯង​ធ្វើ​មិន​បាន​ផង ដូច្នេះ​លោក​ឯង​គ្រាន់តែ​សន្យា​ចោល​ទេ ។

សម្ដេច​តេ​ជោ​មាន​ប្រសាសន៍​ថា សង្ឃឹមថា​បក្សនយោបាយ​នានា​នឹង​យល់​នូវ​សភាពការណ៍​នេះ ឱ្យ​យល់​ដល់​ប្រជាជន និង​ជួយ​ដល់​ប្រជាជន ។

ប៉ុន្ដែ​សម្រាប់​គណបក្ស​ប្រជាជន​ត្រូវ​ត្រូវ​លាត់ជើង​ខោ​ធ្វើ​សកម្មភាព​ព្រម​ៗ​គ្នា ។ ដូច្នេះ​រឿង​នេះ គឺជា​រឿង​ដែល​ត្រូវ​ប្រមូល​នូវ​ការ​ខិតខំ​ទាំងអស់​នូវ​វិធានការ​ទាំងឡាយ ត្រូវធ្វើ​នៅ​តាម​គ្រប់​តំបន់់​ដែល​ខ្វះ​ទឹក ។ ក្រសួង​ធនធានទឹក ត្រូវ​មើល​នៅ​តាម​ផ្លូវ​សងខាង​ផ្លូវ​លេខ​៥៨ និង​ផ្លូវ​លេខ​៥៦​នេះ មាន​ស្រះ​បុរាណ​មួយ​ចំនួន ក្រសួង​ធនធានទឹក​ពិនិត្យ​មើល ស្រះ​ណា​ត្រូវ​ស្ដារ កន្លែង​ណា​អាច​ទប់ទឹក​បាន​ត្រូវ​ទប់ទឹក ព្រោះ​បទ​ពិសោធន៍​ឆ្នាំ​នេះ បាន​ផ្ដល់​មេរៀន​ធំ​ណាស់ ។​ដូច្នេះ​ត្រូវ​មើល​ឱ្យ​ហើយ រៀបចំ​ឱ្យ​ហើយ កន្លែង​ត្រូវ​ជិ​ក​ស្រះ​នៅ​កន្លែង​ណា ត្រូវ​ពិនិត្យ​មើល ។

លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ថ្លែង​ឱ្យ​ដឹង​ថា គម្រោង​ស្ថាបនា​ផ្លូវ​ទិសពាយ័ព្យ ផ្លូវជាតិ​លេខ​៥៦ (​សិរី​សោភ័ណ​-​សំរោង​) ត្រូវ​បាន​បញ្ចប់​ទាំងស្រុង កាលពី​ចុងឆ្នាំ​២០១៥​កន្លង​ទៅ ដោយ​ចែក​ចេញ​ជា​ពីរ​ដំណាក់កាល ៖

-​កំណាត់​ផ្លូវជាតិ​លេខ​៥៦A សិរី​សោភ័ណ​-​ស្វាយចេក​) ប្រវែង​២៩​គីឡូម៉ែត្រ ស្ថាបនា​ក្រោម​ហិរញ្ញប្បទាន​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី បាន​បញ្ចប់​ទាំងស្រុង​កាលពី​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៥ ហើយ​សុពលភាព​ផ្លូវ​នេះ​បាន​បញ្ចប់​កាលពី​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៥ និង​បាន​ប្រគល់​ជូន​ក្រសួង​រួច​ហើយ ។

-​កំណាត់​ផ្លូវជាតិ​លេខ​៥៦ ប្រវែង​៩៥,២០​គីឡូម៉ែត្រ ដែល​ក្នុង​នោះ​មាន​៨៤,៤៥​គីឡូម៉ែត្រ ជា​ផ្លូវ​វាង​ប្រាសាទបន្ទាយឆ្មារ និង​១០,៧៥​គីឡូម៉ែត្រ ជា​ផ្លូវ​ចូល​ប្រាសាទ ស្ថាបនា​ក្រោម​ហិរញ្ញប្បទាន​ពី​ធនាគារ​អាហរ័ណ​នីហរ័ណ​សាធារណរដ្ឋ​កូរ៉េ បាន​បញ្ចប់​ទាំងស្រុង​នៅ​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៥ ។

លោក​ទេស​រដ្ឋមន្ដ្រី​បន្ដ​ថា ផ្លូវជាតិ​លេខ​៥៦ នេះ គឺជា​ផ្លូវ​យុទ្ធសាស្ដ្រ​យ៉ាង​សំខាន់​ត​ភ្ជាប់​ពី​ខេត្ដបន្ទាយមានជ័យ​ទៅ​ខេត្តឧត្ដរមានជ័យ ព្រមទាំង​ជា​ផ្លូវ​ផ្គត់ផ្គង់​សមរភូមិ ដើម្បី​ឈរ​យ៉ាង​រឹង​មាំ​យក​ប្រៀប​ការពារ​ខ្សែក្រវាត់​ព្រំដែន​ទិសពាយ័ព្យ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕