បាញ់​គ្នា​កក្រើក​ក្រុង អាវុធហត្ថ​ម្នាក់​ស្លាប់ មេខ្លោង​គ្រឿងញៀន​ត្រូវ​សម្លាប់ និង​ចាប់ខ្លួន​៥​នាក់

បាញ់​គ្នា​កក្រើក​ក្រុង អាវុធហត្ថ​ម្នាក់​ស្លាប់ មេខ្លោង​គ្រឿងញៀន​ត្រូវ​សម្លាប់ និង​ចាប់ខ្លួន​៥​នាក់



រាជធានី​ភ្នំពេញ ៖ នាយ​រង​ការិយាល័យ​កងរាជអាវុធហត្ថ​ម្នាក់​បាន​ស្លាប់ ចំណែក​ជនសង្ស័យ​ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ម្នាក់​បាន​ស្លាប់​ដែរ និង​៥​នាក់​ត្រូវ​បាន​ចាប់ខ្លួន ក្នុង​ហេតុការណ៍​បាញ់​តដៃ​គ្នា ផ្អើល​មួយ​ចំហៀង​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​ពេល​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខណ្ឌទួលគោក បង្ក្រាប​ករណី​គ្រឿងញៀន ។

ការ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​ប្រៀប​ដូច​ជា​កូន​សមរភូមិ​មួយ​នេះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល តាំងពី​វេលា​ម៉ោង​ប្រមាណ​៤​រសៀល នៅ​ចំណុច​ផ្ទះ​លេខ​៣៧ ផ្លូវ​លេខ​៣៥១ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក ហើយ​សមត្ថកិច្ច​ឈាន​ទៅ​បង្ក្រាប​បាន​ដោយ​ជោគជ័យ នៅ​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​២៧ មេ​សា ឆ្នាំ​២០១៦ ។

មន្ត្រី​កងរាជអាវុធហត្ថ​ដែល​ស្លាប់​ក្នុង​ការ​បាញ់ប្រហារ​ពី​ជនប្រដាប់អាវុធ​នេះ​ឈ្មោះ ទៀន កក្កដា (​រហ័ស​នាម​និមិត្ត​៣៣) ជា​នាយ​រង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ត្រូវ​របួស​ចំនួន​២​គ្រាប់​និង​បាន​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

ជនប្រដាប់អាវុធ​ដែល​សមត្ថកិច្ច​បាញ់​ស្លាប់​ដែរ​នោះ គេ​ពុំ​ទាន់​ស្គាល់ឈ្មោះ​នៅឡើយ​ទេ​គិត​ត្រឹម​ម៉ោង​៧​យប់​ថ្ងៃ​ដដែល តែ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​អះអាង​ថា ជា​មន្ត្រី​នគរបាល​នៅ​នាយកដ្ឋាន​អធិការកិច្ច កិច្ចការ​នគរបាល​រាជធានី​ខេត្ត ជិះ​រថយន្ត​ទំនើប​ម៉ាក​អូ​ឌី ពណ៌​ស ពាក់​ស្លាក​លេខ​នគរបាល​២.០៦២១ និង​បិត​ឡូ​ហ្គោ​ជា​នគរបាល​ផង ។ ចំណែក​ជន​៥​នាក់​ទៀត ត្រូវ​បាន​ស្គាល់​១-​ឈ្មោះ ត្រាវ រិ​ទ្ធី អាយុ​១៦​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​បឹង​កេងកង ស្នាក់​នៅផ្ទះ​លេខ​២៥១​ផ្លូវ​១១ ក្នុង​បុរី​ពិភព​ថ្មី​ចំការ​ដូង ២-​ឈ្មោះ នី វី​រៈ អាយុ​៣៧​ឆ្នាំ ស្នាក់​នៅ​ចល័ត​តាម​ផ្ទះសំណាក់​ក្នុង​រាជធានី​ភ្នំពេញ ។ រីឯ​៣​នាក់​ទៀត ចាប់ខ្លួន​បន្ទាប់​ពី​ប៉ះទង្គិច​គ្នា​មិន​ទាន់​បាន​ស្គាល់ឈ្មោះ​នៅឡើយ ។

តាម​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​កង​រាជ​អាវុធ​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាវជ្រាវ ឃាត់ខ្លួន​ជនសង្ស័យ បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន​ឃាត់ខ្លួន​បាន​ជនសង្ស័យ​មួយ​ក្រុម ដែល​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ថា ខ្លួន​បាន​ទិញ​គ្រឿងញៀន​ពី​ផ្ទះ​ជនសង្ស័យ​ដែល​គេ​អះអាង​ថា ជា​មន្ត្រី​នគរបាល​នេះ ហើយ​សមត្ថកិច្ច​ក៏​បាន​នាំ​ជនសង្ស័យ​២​នាក់​ទៅ​ជាមួយ​ផង និង​ឈាន​ដល់​ការ​ឆែកឆេរ​ជនសង្ស័យ​បាន​៣​នាក់ ដោយ​ឱ្យ​អង្គុយ​នៅ​មួយ​កន្លែង ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា ខណៈនោះ​ស្រាប់តែ​ជន​ម្នាក់​ដែល​ជា​មេខ្លោង​ជិះ​រថយន្ត​អូ​ឌី​បាន​ស្ទុះ​រត់​ចូល​ទៅ​ក្នុង​បន្ទប់ ទាញ​កាំភ្លើង​បាញ់​ស្រោច​មក​លើ​សមត្ថកិច្ច​បណ្តាល​ឱ្យ​ត្រូវ​លោកនាយ​រង​ការិយាល័យ​ម្នាក់ ។ ដោយសារ​តែ​មានការ​បាញ់​រះ​មក​លើ ដោយ​ស្មាន​មិន​ដល់ កងកំលាំង​រត់​ចែក​ជើង​គ្នា​ដើម្បី​សុវត្ថិភាព ។ ភ្លាម​ៗ​នោះ កំលាំង​កង​រាជ​អាវុធ​ធ្វើការ​ឡោម​ព័ទ្ធ​ផ្ទះ​ជនសង្ស័យ​និង​លើក​កម្លាំង​មក​បន្ថែម ។

ទោះបីជា​យ៉ាងណា​សមត្ថកិច្ច ពុំ​ហ៊ាន​ចូល​ផ្តេសផ្តាស់​ព្រោះ​ជន​ដែល​ប្រដាប់​ដោយ​កាំភ្លើង​អាកា​និង​កាំភ្លើងខ្លី បាញ់​មក​លើ​សមត្ថកិច្ច​មិន​បណ្តាក់​ដៃ​ទេ ហើយ​ការ​ឡោម​ព័ទ្ធ​អស់​រយៈពេល​ប្រមាណ​ជាង​១​ម៉ោង នៅ​វេលា​ម៉ោង​ប្រមាណ​៥​និង​៤០​នាទី ក៏​បាន​សម្រុក​បាញ់​ចូល​កន្លែង​ដែល​ជន​នោះ​លាក់ខ្លួន ដោយ​បាញ់​ត​គ្នា ដូច​កូន​សមរភូមិ​មួយ ហើយ​ចាប់ខ្លួន​ជនសង្ស័យ​៣​នាក់​អូស​ចេញ​មក​ក្រៅ​និង​នាំ​គ្នា​វាយដំ​យ៉ាង​ចាស់ដៃ​ដែរ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា ជន​ម្នាក់​ជា​មេខ្លោង​ដែល​បាញ់​មក​លើ​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​ស្លាប់​ក៏​ត្រូវ​បាន​សមត្ថកិច្ច​បាញ់​តប​វិញ​សុះសាច់ ស្លាប់​ក្នុង​ថ្លុកឈាម​ផង​ដែរ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា កាំភ្លើងខ្លី​ចំនួន​៤​ដើម និង​កាំភ្លើង​អាកា​មួយ​ដើម​ត្រូវ​បាន​ដកហូត​រួម​ជាមួយ​រថយន្ត​២​គ្រឿង ។ ទោះបីជា​យ៉ាងណា​សមត្ថកិច្ច​ពុំ​ទាន់​បាន​ផ្តល់​ព័ត៌មាន​លំអិត​ជុំវិញ​ការ​បង្ក្រាប​គ្រឿងញៀន​ដ៏​បង្ហូរឈាម​យ៉ាង​សាហាវ​កក្រើក​ទីក្រុង​នោះ​នៅឡើយ​ទេ គិត​ត្រឹម​វេលា​ម៉ោង​៧​យប់​ក្នុង​ថ្ងៃ​ដដែល​នេះ​៕