ឆែកឆេរ​ភូមិ​គ្រឹះ​លាក់​ក្មេង​ស្រី​ទុក​នាំ​ទៅ​ថៃ

ឆែកឆេរ​ភូមិ​គ្រឹះ​លាក់​ក្មេង​ស្រី​ទុក​នាំ​ទៅ​ថៃ



រាជធានី​ភ្នំពេញ ៖ ស្ត្រី​៣​នាក់​ក្នុង​នោះ​មេការ​ម្នាក់ គ្រូបង្រៀន​ជា​ជនជាតិ​ថៃ​ម្នាក់ និង​ខ្មែរ​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ឃាត់ខ្លួន ខណៈ​បន្ត​ឆែកឆេរ​ភូមិ​គ្រឹះ​១​កន្លែង​ស្ថិត​ក្នុងភូមិ​ទី​៣ សង្កាត់​ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ដែល​មានការ​សង្ស័យ​ថា លាក់​ទុក​ក្មេង​ស្រី​ក្រមុំ​ដើម្បី​ជួញដូរ​ផ្លូវភេទ ។ ក្រៅពី​ស្ត្រី​៣​នាក់​ខាងលើ សមត្ថកិច្ច​ក៏​បាន​នាំ​ខ្លួន​ក្មេង​ស្រី​១២​នាក់​ទៀត ដែល​ពួក​គេ​មាន​អាយុ​ពី​១៤​ឆ្នាំទៅ​១៥​ឆ្នាំ ដើម្បី​ទៅ​សាកសួរ​ផង​ដែរ ។

ប្រតិបត្តិការ​ឆែកឆេរ​ភូមិ​គ្រឹះ​នេះ បាន​ធ្វើ​ឡើង​ចាប់ពី​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​រហូត​ដល់​ម៉ោង​ប្រមាណ​១​និង​២០​នាទី​រសៀល ថ្ងៃ​ទី​២៧ ខែមេសា ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី សេន កូ​ម៉ុ​ន នាយការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​មានការ​សម្របសម្រួល​ពី​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ អង្គការ IGM ព្រមទាំង​កងរាជអាវុធហត្ថ និង​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា​ផង​ដែរ ។

បញ្ហា​ដែល​ឈាន​ដល់​ការ​ឆែកឆេរ​ភូមិ​គ្រឹះ​នេះ​ជា​លើក​ទី​២ គឺ​បន្ទាប់​ពី​កងរាជអាវុធហត្ថ​បាន​នាំ​ក្មេង​ស្រី​ម្នាក់​ឈ្មោះ អ៊ា​ន់ សំណាង​ស្រី​ភិន អាយុ​១៥​ឆ្នាំ ទៅ​សាកសួរ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ខែមេសា ហើយ​ធ្វើការ​ស្រាវជ្រាវ​មានការ​សង្ស័យ​ថា​ភូមិ​គ្រឹះ​នេះ​មាន​មេខ្យល់​នាំ​ក្មេង​ស្រី​ក្រមុំ​ពី​ជនបទ​មក​លាក់​ទុក ដើម្បី​ជួញដូរ​មនុស្ស​នាំ​ទៅ​ប្រទេស​ថៃ ក្នុង​បំណង​លក់​ព្រហ្មចារី ក្រោម​រូបភាព​នាំ​មក​បង្ហាត់បង្រៀន​បណ្តុះបណ្តាល​ធ្វើ​ក្រចក និង​អ៊ុតសក់ ។

ស្ត្រី​៣​នាក់​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​មាន ១-​ឈ្មោះ ចាន់ សុ​វ​ណ្ណា​រី អាយុ​៣៧​ឆ្នាំ ជនជាតិ​ខ្មែរ ជា​មេការ និង​បាន​អះអាង​ថា ជា​ប្អូនស្រី​របស់​ស្ត្រី​ឈ្មោះ ម៉ា លី​កា  អាយុ​៤៥​ឆ្នាំ ដែល​ជា​ម្ចាស់​បើក​កន្លែង​ស្ប៉ា​ខាងលើ ២-​ឈ្មោះ អាង សុភា​វី អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ ជា​គ្រូបង្ហាត់ និង​៣-​ឈ្មោះ SAITHONG THIPPHATSORN ជា​ជនជាតិ​ថៃ ជា​គ្រូបង្រៀន ។

លោក​វរសេនីយ៍ត្រី​សេន កូ​ម៉ុ​ន បានឱ្យ​ដឹង​ថា ដោយ​មាន​ពាក្យបណ្តឹង​ពី​ក្រុម​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ និង​មានការ​ស្រាវជ្រាវ​ពី​កម្លាំង​ការិយាល័យ​ស្រាវជ្រាវ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​មានការ​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វា ទីតាំង​នេះ​បាន​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស ដោយ​ប្រើប្រាស់​រូបភាព​បង្រៀន​ធ្វើ​ក្រចក ម៉ាស្សា​មុខ ក្នុង​នោះ​មាន​អនីតិជន​អាយុ​១៤​ឆ្នាំ ១៥​ឆ្នាំ ១៧​ឆ្នាំ និង​១៨​ឆ្នាំ ។

លោកនាយ​ការិយាល័យ​បានឱ្យ​ដឹង​ទៀត​ថា ស្ត្រី​ជា​មេការ​មិន​មាន​ឯកសារ​ណាមួយ​បញ្ជាក់​ថា ខ្លួន​បាន​ទទួល​មនុស្ស​ធ្វើការ​តាម​ផ្លូវច្បាប់​ទេ  ចំណែក​កន្លែង​បង្កើត​ឱ្យ​មានការ​បង្រៀន​វិជ្ជាជីវៈ ក៏​ពុំ​មានច្បាប់​អនុញ្ញាត​ដែរ ។ ដូចនេះ សមត្ថកិច្ច​បាន​នាំ​ខ្លួន​ក្មេង​ស្រី​រង​គ្រោះ​ចំនួន​១៣​នាក់ មេការ គ្រូបង្រៀន​ជា​ជន​ជា​ខ្មែរ និង​ជនជាតិ​ថៃ ទៅ​សាកសួរ ។ ដោយឡែក ថៅកែ​នោះ​មិន​ទាន់​ដឹង​អត្តសញ្ញាណ​ច្បាស់លាស់​នៅឡើយ ប៉ុន្តែ​គ្រាន់តែ​ដឹង​ថារ​ត់ទៅ​ប្រទេស​ថៃ ហើយ​កំពុង​តែ​គេចខ្លួន ។

គួរ​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែមេសា អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា​បាន​ឆែកឆេរ​ភូមិ​គ្រឹះ​ខាងលើ រក​ឃើញ​ក្មេង​ស្រី​ជំទង់​ចំនួន​១៣​នាក់ បន្ទាប់​ពី​ក្មេង​ស្រី​អាយុ​១៥​ឆ្នាំ​ម្នាក់ បាន​ទៅ​ប្តឹង​អាជ្ញាធរ​ខណ្ឌ​ឱ្យ​ជួយ​អន្តរាគមន៍​ក្រោយ​ពី​បាន​រត់​ចេញពី​ទីនោះ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មាន​ក្មេង​ស្រី​ម្នាក់​ឈ្មោះ អ៊ា​ន់ សំណាង​ស្រី​ភិន អាយុ​១៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង ត្រូវ​បាន​មេខ្យល់​នាំ​យក​មក​ឱ្យ​រៀន​ធ្វើ​ក្រចក អ៊ុតសក់ ដោយ​បាន​ប្រាក់ខែ​៤០​ដុល្លារ ។ នៅ​ពេលធ្វើការ​បាន​២​ថ្ងៃ នាង​មិន​ចង់​នៅ​ព្រោះ​ត្រូវ​គេ​ប្រើ​ឱ្យធ្វើ​សរសៃ ហើយ​ខណៈនោះ​បងស្រី​និង​ម្តាយមីង​មក​លេង ឯ​នាង​មិន​ព្រម​នៅ​ទៀត​ក៏​សុំ​យក​ទៅ​ផ្ទះ​វិញ តែ​អ្នក​មើល​ការ​ខុស​ត្រូវ​មិន​ឱ្យ ទើប​ក្រុម​គ្រួ​សារបាន​ប្តឹង​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា​ឲ្យ​ចុះ​ទៅ​អន្តរាគមន៍​តែ​ម្តង ។

ភ្លាម​ៗ សមត្ថកិច្ច​បាន​នាំ​ខ្លួន​ក្មេង​ស្រី​ម្នាក់​ប្រគល់​ឱ្យ​កង​រាជ​អាវុធ​សាកសួរ និង​ស្រាវជ្រាវ​ដោយ​សង្ស័យ​ថា ភូមិ​គ្រឹះ​នោះ​លាក់​ទុក​ក្មេង​ស្រី​ក្រមុំ​ដែល​មេខ្យល់​នាំ​មក​ពី​ជនបទ​សម្រាប់​ជួញដូរ ដោយ​ប្រើ​រូបភាព​នាំ​មក​ធ្វើការ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា ថៅកែ​ឈ្មោះ ម៉ា លី​កា បាន​ជួល​ភូមិ​គ្រឹះ​ខាងលើ​កាលពី​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០១៦ ក្នុង​តម្លៃ​១​ខែ​៣​ពាន់​ដុល្លារ​។ តាម​ស្ត្រី​ជា​មេការ​ឈ្មោះ ចាន់ សុ​វ​ណ្ណា ដែល​ត្រូវ​ឃាត់ខ្លួន​បានឱ្យ​ដឹង​ថា បងស្រី​ខ្លួន​ជួល​ដើម្បី​បើក​រៀន​ធ្វើ​ក្រចក អ៊ុតសក់ និង​រៀន​ស្ប៉ា មិនមែន​ជួញដូរ​មនុស្ស​ទៅ​ប្រទេស​ថៃ​ដូច​ការ​ចោទប្រកាន់​នោះ​ទេ ៕