អ្នកស្រុក​ពួក​ស្តារ​ស្រះបុរាណ​ប្រទះ​ឃើញ​ទេវរូប

អ្នកស្រុក​ពួក​ស្តារ​ស្រះបុរាណ​ប្រទះ​ឃើញ​ទេវរូប



ខេត្តសៀមរាប ៖  អ្នកស្រុក​ដែល​ស្តារ​ស្រះ​បុរាណ​យក​ទឹក​ប្រើប្រាស់ ស្រាប់តែ​ប្រទះ​ឃើញ​បដិមា​(​ទេវរូប​) មួយ​អង្គ ។ ទេវរូប​ស្រី​ដែល​ប្រទះ​ឃើញ​កាលពី​ថ្ងៃ​ទី​២២​ខែមេសា​ឆ្នាំ​២០១៦ នោះ​បាន​ប្រគល់​ឱ្យ​អាជ្ញាធរ​អប្សរា​នៅ​ថ្ងៃ​ទី​២៥​ខែមេសា​ឆ្នាំ​២០១៦ ។ ស្រះ​ដែល​ស្តារ​នោះ​ក្នុង​បរិវេណ​លំនៅ​ឋាន​របស់​បុរស​ឈ្មោះ​វ៉ា​ត វាន់ ក្នុងភូមិ​តា​ប៉ា​ង ឃុំ​ក្តី​រុន ស្រុក​ពួក ខេត្តសៀមរាប ។

លោក ឈាន រ​ដ្ឋា ប្រធាន​ស្តីទី នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរ​ប្រាប់​កោះសន្តិភាព​កាលពី​ថ្ងៃ​ទី​២៦ ខែមេសា​ឆ្នាំ​២០១៦​ថា លោក​បាន​ដឹកនាំ​មន្ត្រី​អាជ្ញាធរ​អប្សរា និង​ដោយ​មានការ​ចូលរួម​សហការ​ជាមួយ​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន​ផង​ទៅ​ទទួលយក​បដិមា​មួយ​អង្គ​នោះ​នៅផ្ទះ​របស់​ឈ្មោះ​វ៉ា​ត់ វាន ។ ម្ចាស់ផ្ទះ​ឈ្មោះ​វ៉ា​ត វាន់ អាយុ​៥៦​ឆ្នាំ ជា​កសិករ​។ បដិមា​មាន​កម្ពស់​៣៣​សង្ទីម៉ែត្រ ទទឹង​១៤​សង្ទីម៉ែត្រ កម្រាស់​៩​សង្ទីម៉ែត្រ ។ បន្ទាប់​ពី​ម្ចាស់ផ្ទះ​ប្រគល់​ឱ្យ​រួច​អាជ្ញាធរ​អប្សរា បាន​យក​ទេវរូប​ទៅ​រក្សា​ទុក​នៅ​សារមន្ទីរ​ព្រះ​នរោត្តម​សីហ​នុ​-​អង្គរ ។

ពិធី​ប្រគល់​-​ទទួល​បដិមា​បុរាណ​នោះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៦​ខែមេសា​ឆ្នាំ​២០១៦ នៅ​ប៉ុស្តិ៍​នគរបាល​ក្តី​រុន ដោយ​មាន​សាក្សី លោក​មេ​ភូមិ លោក​មេឃុំ និង​លោកនាយ​ប៉ុស្តិ៍ ។

លោក​ឈាន រ​ដ្ឋា បញ្ជាក់​ថា អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ជូន​លិខិត​សរសើរ​ដល់​ក្រុម​គ្រួសារ លោក​វ៉ា​ត វាន់ នៅ​ចុង​ស​ប្តា​ហ៍​ក្រោយ ព្រោះ​ក្រុម​គ្រួសារ​របស់​គាត់​ពុំ​ត្រូវការ​លុយកាក់​ពី​អាជ្ញាធរ​ជាតិ​អប្សរា​ទេ ។ នេះ​ជា​គំរូ​ល្អ​របស់​ពលរដ្ឋ​នៅ​ក្នុងស្រុក​ពួក ខេត្តសៀមរាប ៕