មន្ទីរ​សុខាភិបាល​រាជធានី​អំពាវនាវ​ឲ្យ​ប្រុង​ប្រយ័ត្ន​ជំងឺ​៧​មុខ

មន្ទីរ​សុខាភិបាល​រាជធានី​អំពាវនាវ​ឲ្យ​ប្រុង​ប្រយ័ត្ន​ជំងឺ​៧​មុខ



រាជធានី​ភ្នំពេញ ៖ មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​អំពាវនាវ​ដល់​ពលរដ្ឋ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​នូវ​ជំងឺ​៧​មុខ ដែល​អាច​កើត​មាននៅ​រដូវវស្សា​ខាង​មុន​នេះ ខណៈ​រដូវភ្លៀង​ធ្លាក់​ជិត​ឈាន​ចូល​មក​ដល់ ដើម្បី​ចៀសវាង​ការ​ឆ្លង ។

លោក សុខ សុគន្ធ ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ជា​វិធានការ​ការពារ​ជំងឺឆ្លង​ទាំង​៧​មុខ គឺ​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ការពារ​ក្នុង​រដូវវស្សា​ខាង​មុន​នេះ​រួម​មាន ១-​ជំងឺគ្រុនឈាម​, ២-​គ្រុនចាញ់​, ៣-​ផ្តាសាយ​, ៤-​គ្រុនក្តៅ​, ៥-​ជំងឺ​ចម្លង​ពី​ចំណីអាហារ ចម្លង​ពី​ទឹក​, ៦-​អាសន្នរោគ​, ៧-​លឹប​តូ នៅ​ពេល​មានទឹក​លិច ចម្លង​ពី​ទឹកនោម សត្វ​កណ្តុរ មាន​រោគ​សញ្ញា​គ្រុនក្តៅ ឈឺ ក្បាល ឈឺ​សាច់ដុំ ក្អួត ល្បឿ​ង​ស្បែក ក្រហម​ភ្នែក ឈឺពោះ កន្ទួល​លើ​ស្បែក​ជាដើម ។ លោក​បន្ត​ថា ការ​កើត​ជំងឺ​ទាំងនេះ ប្រសិនបើ​មិន​បាន​ព្យាបាល​ត្រឹមត្រូវ​ទេ វា​អាច​បង្ក​ឲ្យ​ខូច​តម្រងនោម ថ្លើម រលាក​ស្រោមខួរ និង​ផ្លូវដង្ហើម​ជាដើម ។

លោក សុខ សុគន្ធ បាន​ឲ្យ​ដឹង​ទៀត​ថា ក្រៅពី​ការ​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ជំងឺ​ទាំង​៧​ប្រភេទ​នេះ មន្ទីរ​ក៏​បាន​បង្ហាញ​អំពី​វិធាន​៧​យ៉ាង​ជូន​វិញ​ផង​ដែរ​ក្នុង​ពេល​រដូវភ្លៀង គឺ ទី​១-​ត្រូវ​ពាក់អាវ​ភ្លៀង​ទទូរ​ឆ័​ត្រ និង​ពាក់​ស្បែក​ជើងពេល​ដើរ​កាត់​ភ្លៀង និង​ដើរ​លុយ​ទឹកជា​ដើម ។ ទី​២-​ត្រូវ​ងូតទឹក​ក្រោយ​ពី​ត្រូវ​ទឹកភ្លៀង​រួច ។ ទី​៣-​ត្រូវ​ហូប​ទឹក​ក្តៅ​ដាំ​ឆ្អិន​ជាប់​ជា​ប្រចាំ ។ ទី​៤-​ត្រូវ​អនាម័យ​សំអាតខ្លួន និង​ឧស្សាហ៍​លាងដៃ​នឹង​សាប៊ូ បំបាត់​ដង្កូវទឹក ជម្រក​មូស ។ ទី​៥-​ត្រូវ​ផឹកទឹក​ឲ្យ​បាន​ច្រើន យ៉ាងតិច​បាន​២​លី​ត្រ​ក្នុង​១​ថ្ងៃ ។ ទី​៦-​ត្រូវ​បរិភោគ​អាហារ​ប្រកបដោយ​ជីវជាតិ និង​អនាម័យ ចៀសវាង​បរិភោគ​ក្រោម​ដំណក់ទឹកភ្លៀង និង ទី​៧-​បរិ​ភាគ​អាហារ​ណា​សំបូរ​ទៅ​ដោយ​វីតាមីន​សេ ដូច​ជា​ត្របែក ល្ហុង​ទុំ ចេកទុំ ក្រូចពោធិ៍សាត់ ស្ត្រូ​បី​រី បន្លែ​ពណ៌​បៃតងចាស់ ដូច​ជា​ផ្ទី ស្លឹក​ងប់ ស្លឹក​បាស ខាត់ណា សណ្តែក​គូរ ប៉េងប៉ោះ ជាដើម ដែល​អាហារ​ទាំង​អស់នេះ​បាន​ផ្តល់​នូវ​អត្ថ ប្រយោជន៍​ច្រើន​ក្នុង​ការ​ទ្រទ្រង់​សរីរាង្គកាយ ពិសេស​ជួយ​សំអាត​ជាតិពុល​ចេញពី​ក្នុង​ខ្លួន​តែ​ម្តង ៕