ភាគច្រើន ប្រិយមិត្តខ្មែរឡូត ដេកផ្ទះស្អាត មែនអត់?

កម្សាន្ត៖ កាលពីអំឡុងពេលឈប់សម្រាក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ប៉ុន្មានថ្ងៃកន្លងផុតទៅមុននេះ តើប្រិយមិត្តបានធ្វើដំណើរកម្សាន្តទៅដល់ទីកន្លែងណាខ្លះដែរ? យ៉ាងណាមិញ បើយោងតាមការស្ទង់មតិរបស់ខ្មែរឡូត នៅលើបណ្តាញសង្គម LINE បង្ហាញលទ្ធផលមកដូចខាងក្រោមនេះ។

ក្នុងចំណោមការចូលរួម Vote សរុបចំនួន ១,១១២ សម្លេង ក្នុងនោះ ភាគច្រើនបំផុតគឺពួកគាត់ មិនបានធ្វើដំណើរកម្សាន្ត ទៅកាន់រមណីយដ្ឋាន ឬ កន្លែងណាឆ្ងាយឡើយ ពោលគឺ ដេកផ្ទះស្អាតតែម្តងដូចខ្មែរឡូតដែរ ដោយទទួលបាន ៥២០ Votes ច្រើនជាងគេបំផុត។

សំនួរ៖ ថ្ងៃចូលឆ្នាំ ប្រិយមិត្តបានធ្វើដំណើរកម្សាន្ត ទៅទីកន្លែងណា?

លទ្ធផល៖

1. ដេកផ្ទះស្អាត (520 votes)

2. សៀមរាប (217 votes)

3. កន្លែងផ្សេងៗក្នុងប្រទេស (170 votes)

4. ក្រៅប្រទេស (107 votes)

5. កំពង់សោម (98 votes)

កំណត់ហេតុខ្មែរឡូត៖

ពិធីបុណ្យចូលឆ្នាំខ្មែរ គឺជាពិធីបុណ្យដ៏ធំមួយ នៅកម្ពុជា ក្នុងចំណោមបុណ្យប្រពៃណីជាតិធំៗ ចំនួន៣ ដែលរួមមាន៖ បុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ និងបុណ្យអុំទូក បណ្តែតប្រទីព សំពះព្រះខែ អកអំបុក ដែលពិធីទាំងនេះ ជាបុណ្យទំនៀមទម្លាប់ ប្រពៃណីខ្មែរ មានតាំងពីបុរាណកាលមក ដែលពិធី បុណ្យទាំងនេះ ត្រូវបានប្រជាជនខ្មែរ ប្រកាន់ខ្ជាប់ខ្ជួន និងធ្វើការប្រារព្ធឡើងជារៀងរាល់ឆ្នាំមិនដែល ខកខានទេ។ ប៉ុន្តែក្នុងចំណោមបុណ្យធំៗទាំងបីនេះ មានតែបុណ្យចូលឆ្នាំខ្មែរទេ ដែលជាបុណ្យធំ ជាងគេព្រោះជាឱកាសដែលប្រជាពលរដ្ឋកម្ពុជាប្រមូលផលស្រូវ ព្រមទាំងបានបញ្ចប់ការបង្កបង្កើន ផលទាំងឡាយ ជាពិសេសផ្លាស់ឆ្នាំចាស់ឆ្លងចូលឆ្នាំថ្មី។

បុណ្យចូលឆ្នាំមានរយៈពេល៣ថ្ងៃ គឺថ្ងៃទី១ ជាថ្ងៃមហាសង្ក្រាន្ត ដែលត្រូវជាថ្ងៃ ប្រជាជនគ្រប់រូបសែន ព្រេន ដើម្បីទទួលទេវតាឆ្នាំថ្មី ហើយថ្ងៃទី២ ជាថ្ងៃវ័នប័ត និងថ្ងៃទី៣ ជាថ្ងៃឡើងស័ក ហើយក្នុងរយៈ ពេលបីថ្ងៃនេះ មានការលេងល្បែងប្រជាប្រិយគ្រប់យ៉ាង ហើយក៏មានកម្មវិធីកំសាន្តជាច្រើនផ្សេងទៀត ដូចជាមានការរាំកំសាន្តនៅតាមភូមិស្រុកនានាទូទាំងប្រទេសកម្ពុជា។

សម្រាប់ឆ្នាំថ្មី ឆ្នាំ២០១៦នេះ ចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៣,១៤,១៥ ខែមេសា។

តើបុណ្យចូលឆ្នាំខ្មែរនេះ មានប្រវត្តិ និងដំណើរការដូចម្តេច?

ខាងក្រោមនេះ គឺជាការបង្ហាញខ្លះៗ អំពីបុណ្យចូលឆ្នាំខ្មែរ ដើម្បីឱ្យលោកអ្នកបានដឹង៖ ប្រវត្តិនៃចូលឆ្នាំខ្មែរមានដូចតទៅ. មានរឿងនិទានមួយបានតំណាលថា កាលពីព្រេងនាយ មានបុត្រា របស់សេដ្ឋី ដែលជាកុមារម្នាក់ ឈ្មោះធម្មបាលកុមារ ជាអ្នកមានចំណេះវិជ្ជាជ្រៅជ្រះ និងមានបញ្ញា វៀងវៃ ចេះចប់នូវគម្ពីរត្រៃវេទតាំងពីអាយុបាន ៧ឆ្នាំ។ សេដ្ឋីបិតា បានកសាងប្រាសាទឲ្យនៅទៀប ដើមជ្រៃមួយធំ នៅឆេ្នរទនេ្ល ជាទីលំនៅនៃបក្សីទាំងឡាយ ធម្មបាលកុមារនោះ ចេះស្តាប់ភាសាបក្សី ទាំងឡាយទាំងពួងផង ហើយបានក្លាយជាអាចារ្យ សមែ្តងមង្គលផេ្សងៗដល់មនុស្ស ដែលធ្វើឱ្យ មនុស្សលោក កោតសរសើរដល់ធម្មបាលកុមារ ថាជាអ្នកប្រាជ្ញ និងជាអ្នកមានបុណ្យផង។ដំណឹងនេះ ក៏បានលេចឮដល់ កបិលមហាព្រហ្ម ដែលជាអ្នកមានអំណាច នៅក្នុងចក្រវាឡទាំងមូល។ ព្រះព្រហ្ម ចង់ដឹងយ៉ាងខ្លាំង ពីប្រាជ្ញារបស់ធម្មបាលកុមារ ទ្រង់ក៏ចុះពីឋានសួគ៌មក ដើម្បីល្បងប្រាជ្ញា ជាមួយធម្មបាលកុមារ ពេលនោះកបិលមហាព្រហ្ម បានដាក់ប្រសា្ន ៣ "ខ" ដល់ធម្មបាលកុមារ ដោយ សន្យាទុកថា បើដោះប្រស្នាបាន នឹងកាត់ក្បាលបូជាដល់ធម្មបាលកុមារ តែបើដោះមិនរួចនឹងកាត់ក្បាល ធម្មបាលកុមារវិញ។ ធម្មបាលកុមារសុំឲ្យពន្យារពេលចំនួន ៧ថៃ្ងសិន ដើម្បីគិតដោះស្រាយប្រស្នា។

លុះកន្លងទៅ ៦ថៃ្ង ហើយក៏នៅតែគិតមិនឃើញ ដឹងខ្លួនថាព្រឹកនេះខ្លួននឹងត្រូវស្លាប់ ដោយអាជ្ញាកបិលមហាព្រហ្មជា ប្រាកដហើយ។ ដូចេ្នះ គួរតែរត់ទៅលាក់ខ្លួនពួនអាត្មាឲ្យស្លាប់ដោយខ្លួនឯងប្រសើរជាង ទើបចុះពី ប្រាសាទទៅដេកពួននៅក្រោមដើមត្នោតមួយគូរ ដើមត្នោតនោះសត្វឥន្រី្ទញីឈ្មោលធ្វើសំបុក អាស្រ័យ នៅ វេលាយប់ឥន្រី្ទញីសួរឥន្រ្ទីឈ្មោលថា ព្រឹកនេះយើងបានអាហារពីណាស៊ី? ឥន្រី្ទឈ្មោលឆ្លើយថា យើងនឹងស៊ីសាច់ធម្មបាលកុមារ ដែលត្រូវកបិលមហាព្រហ្មសម្លាប់ ព្រោះដោះប្រស្នាមិនរួច។ ឥន្រី្ទញីសួរថា ប្រស្នានោះដូចមេ្តច ? ឥន្រី្ទឈ្មោលឆ្លើយថា : វេលាព្រឹកសិរីសួសី្តស្ថិតនៅទីណា ? ត្រូវឆ្លើយថា នៅមុខ ហេតុនេះទើបមនុស្សទាំងឡាយត្រូវយកទឹកលប់មុខ ខ១, ថៃ្ងត្រង់សិរីស្ថិតនៅ ត្រង់ណា ? ត្រូវឆ្លើយថា នៅទ្រូង ហេតុនោះទើបមនុស្សត្រូវយកទឹកលាងទ្រូង ខ២, វេលាល្ងាចសិរី ស្ថិតនៅទីណា ? ត្រូវឆ្លើយថា នៅជើង ហេតុនេះ ទើបមនុស្សទាំងឡាយត្រូវយកទឹកលាងជើង ខ៣។ ធម្មបាលកុមារបានឮដូចេ្នះ ក៏ត្រឡប់ទៅប្រាសាទវិញ។ ព្រឹកឡើងកបិលមហាព្រហ្ម ក៏មកសួរប្រស្នាពីធម្មបាលកុមារ ហើយក៏ឆ្លើយដោះស្រាយ តាមដែលបាន ឮមក កបិលមហាព្រហ្ម ហៅទេពធីតាទាំង ៧នាក់ ដែលជាបាទបរិចាវិកាព្រះឥន្រ្ទ មកប្រាប់ថា ឥឡូវ បិតាត្រូវកាត់ក្បាលបូជាធម្មបាលកុមារ តែបើដាក់ក្បាលនោះលើផែនដី ក៏នឹងកើតជាភ្លើងឆេះទាំង លោកធាតុ បើបោះទៅលើអាកាសភ្លៀងក៏រាំង បើចោលក្នុងមហាសមុទ្រទឹកក៏រីងស្ងួតហួតអស់ ដូចេ្នះ សូមឲ្យកូនទាំង ៧នាក់ យកពានមកទទួលក្បាល។ ថាហើយក៏កាត់ក្បាលហុចទៅឲ្យ នាងទុង្សាជា កូនច្បង នាងទុង្សាក៏យកពានទៅទទួលក្បាលបិតា ហើយហែប្រទក្សិណភំ្នព្រះសុមេរុ ៦០នាទីហើយក៏ អញ្ជើញទៅប្រតិស្ឋានទុក ក្នុងមណ្ឌលនៅក្នុងគុហាគន្ធមាលី ភំ្នកៃលាស បូជាគឿ្រងទិព្វផេ្សងៗ ព្រះ វិស្សកម្មទេវបុត្រ ក៏និមិត្តរោងទព្វដ៏ ហើយដោយកែវ ៧ប្រការ ឈ្មោះថា "ភគវតីសភា" ឲ្យជាទីប្រជុំនៃទេវតា លុះដល់គម្រប់ ១ឆ្នាំជាសង្រ្កាន្តនាងទេពធីតាទាំង ៧ ក៏ផ្លាស់វេនគ្នាមកអញ្ជើញ ក្បាលកបិលមហាព្រហ្ម ចេញមកហែប្រទក្សិណ ភំ្នព្រះសុមេរុរាល់ៗឆ្នាំហើយត្រឡប់ទៅស្ថានទេវលោក វិញ។

ឈ្មោះទេពធីតាមហាសង្រ្កាន្ត និង គឿ្រងអាភរណៈ ថ្ងៃ ទេពធីតាមហាសង្រ្កាន គ្រឿងអាភរណៈ

ថ្ងៃអាទិត្យ ទុង្សាទេវី សៀតផ្កាទទឹម គ្រឿងប្រដាប់បទុមរាគ ភក្សាហារផ្លែឧទុម្ពរ អាវុធស្តាំកងចក្រ ឆ្វេងសង្ខ័ពាហានៈគ្រុឌ។

ថ្ងៃចន្ទ គោរាគទេវី សៀតផ្កាអង្គាបុស្ស គ្រឿងប្រដាប់មុក្តា ភក្សាហារប្រេង អាវុធស្តាំព្រះខ័ន អាវុធឆ្វេង ឈើច្រត់ ពាហនៈ ខ្លា។

ថ្ងៃអង្គារ រាគ្យសាទេវី សៀតផ្កាឈូក គ្រឿងប្រដាប់មោរ៉ា ភក្សាហារលោហិត អាវុធស្តាំត្រីសូល៍ អាវុធ ឆេ្វងធ្នូ ពាហនៈអស្សតរ។

ថ្ងៃពុធ មណ្ឌាទេវី សៀតផ្កាចំប៉ា គ្រឿងប្រដាប់ពិទូរ្យ ភក្សាហារទឹកដោះសប្បិ អាវុធស្តាំម្ជុល អាវុធឆ្វេងឈើច្រត់ ពាហនៈ លា។

ថ្ងៃព្រហស្បតិ៍ កិរិណីទេវី សៀតផ្កាមណ្ឌា គ្រឿងប្រដាប់មរកត ភក្សាហារសណ្តែក ល្ង អាវុធស្តាំកង្វេរ អាវុធឆ្វេងកាំភ្លើង ពាហនៈដំរី។

ថ្ងៃសុក្រ កិមិរាទេវី សៀតផ្កាចង្កុលណី គ្រឿងប្រដាប់ បុស្សរាគ័ម ភក្សាហារចេកណាំវ៉ា អាវុធស្តាំ ព្រះខ័ន ឆេ្វងពិណ ពាហនៈក្របី។

ថ្ងៃសៅរ៍ មហោទរា សៀតផ្កាត្រកៀត គ្រឿងប្រដាប់នីលរត័ន៍ ភក្សាហារសាច់ទ្រាយ អាវុធស្តាំកងចក្រ ឆេ្វងត្រីសូល៍ ពាហនៈក្ងោក។

ទំនៀមចូលឆ្នាំ៖ ទំនៀមពិធីចូលឆ្នាំប្រព្រឹត្តទៅចំនួន ៣ថ្ងៃ។ ថ្ងៃដំបូងជាថ្ងៃមហាសង្ក្រាន្ត ថ្ងៃទី២ ជាថ្ងៃ វ័នបត ថ្ងៃទី៣ ជាថ្ងៃឡើងស័ក។ ឯការកំណត់ខែ ថ្ងៃ ម៉ោង នាទីដែលឆ្នាំចាស់ត្រូវផុតកំណត់ ហើយ ទេព្តាឆ្នាំថ្មីត្រូវចុះមកទទួលតំណែងពីទេព្តាឆ្នាំចាស់នោះ គេអាចដឹងបានយ៉ាងទៀងទាត់ ដោយអាស្រ័យ តាមក្បួនហោរាសាស្ត្របែបបុរាណ គឺក្បួនមហាសង្ក្រាន្ត នេះឯង។ តើថ្ងៃចូលឆ្នាំថ្មីរបស់ខ្មែរយើងត្រូវលើខែណា? ថ្ងៃណា? ចាប់ពីត្រឹមសម័យក្រុងនគរធំ ឡើងទៅខ្មែរ យើងប្រើចន្ទគតិ (ដំណើរព្រះចន្ទ) ទើបកំណត់យកខែមិគសិរជាខែចូលឆ្នាំ ហើយជាខែទី១ ខែកត្តិក ជាខែទី១២។ លុះក្រោយមកទើបគេនិយមប្រើសុរិយគតិ (ដំណើរព្រះអាទិត្យ) ជាសំខាន់វិញ ហើយ កំណត់ចូលឆ្នាំក្នុងខែចែត្រ (ខែទី៥) ដែលជាឆ្នាំកំណត់ព្រះអាទិត្យចូលកាន់មេរាសី ហើយថ្ងៃចូលឆ្នាំ រមែងត្រូវលើថ្ងៃទី១៣ នៃខែមេសា (ចេត្រ) រៀងរាល់ឆ្នាំ ប៉ុន្តែយូរៗទៅមានភ្លាត់ម្តងៗ ចូលឆ្នាំក្នុង ថ្ងៃទី១៤ ក៏មានខ្លះដែរ ដូចជាឆ្នាំ២០១៥នេះជាដើម។ មហាសង្ក្រាន្តដែលប្រើរបៀបគន់គូរ តាមសុរិយ គតិមានឈ្មោះថា «សាមញ្ញសង្ក្រាន្ត» (ព្រះអាទិត្យដើរត្រង់ពីលើក្បាលជាសង្ក្រាន្ត)។

មហាសង្ក្រាន្តដែលប្រើរបៀបគន់គូរតាមចន្ទគតិហៅថា «អាយន្តសង្ក្រាន្ត» (ពេលដែល ព្រះអាទិត្យដើរ បញ្ឈៀងមិនត្រង់ពីលើ)។ គេនៅប្រើចន្ទគតិអែបគ្នា នឹងសុរិយគតិដែរ ព្រោះចន្ទគតិមានទំនាក់ទំនង នឹងពុទ្ធប្បញ្ញត្តិច្រើន។ ចំណែកឯថ្ងៃចូលឆ្នាំតាមចន្ទគតិ មិនបានទៀងទាត់ជាថ្ងៃណាមួយទេ ជួនកាល ចូលឆ្នាំក្នុងវេលាខ្នើត ជួនកាលទៀតក្នុងវេលារនោចទៅវិញ។ ប៉ុន្តែនៅក្នុងរវាង១ខែ គឺមិនមុនថ្ងៃ ៤កើត ខែចេត្រ និងមិនហួសថ្ងៃ ៤កើត ខែពិសាខទេ ដូចនេះសង្ក្រាន្តខ្លះធ្លាក់ទៅក្នុងខែពិសាខក៏មាន។ ការរៀបចំបុណ្យចូលឆ្នាំ៖ ចំពោះពិធីផ្សេងៗក្នុងឱកាសបុណ្យចូលឆ្នាំ ខ្មែរយើងមានរៀបចំតាមប្រពៃណី ដូចតទៅ នៅពេលមុនចូលឆ្នាំគេនាំគ្នាប្រុងប្រៀប រកស្បៀងអាហារ សំអាតផ្ទះសម្បែង រែកទឹកដាក់ពាង រកអុសទុក កាត់សំលៀកបំពាក់ថ្មីៗជាដើម។ ថ្ងៃចូលឆ្នាំមកដល់គេរៀបគ្រឿងសក្ការៈបូជាសម្រាប់ទទួលទេវតាថ្មី មាន បាយសីមួយគូ, ស្លាធម៌១គូ ធូប៥, ទៀន៥, ទឹកអប់១គូ, ផ្កាភ្ញី, លាជ, ទឹកមួយផ្តិល និងភេសជ្ជៈនំនែក ផ្លែឈើគ្រប់មុខ។ ចំណែកផ្ទះសម្បែងគេតុបតែងរំលេចដោយអំពូលអគ្គីសនីខ្សែតូចៗចំរុះពណ៌ ឬចង្កៀងគោមគ្រប់ពណ៌ សម្រាប់ទទួលទេវតាថ្មី។ លុះដល់វេលាកំណត់ទេវតាថ្មីចុះមកហើយ គេនាំកូនចៅអង្គុយជុំគ្នា នៅជិត កន្លែងរៀបគ្រឿងសក្ការៈនោះ ហើយអុជទៀន ធូបបាញ់ទឹកអប់ បន់ស្រន់សុំសេចក្តីសុខចំរើនគ្រប់ ប្រការពីទេវតាថ្មី។

ចំពោះគ្រឿងសក្ការៈ និងក្រយាស្ងោយដាក់ថ្វាយទេព្តោនោះ គេនិយមតំរូវតាម ចិត្តទេវតាដែលនឹងត្រូវចុះក្នុងឆ្នាំនីមួយៗ។ ឧទាហរណ៍ : បើទេវតាដែលត្រូវចុះមកនោះសោយល្ង សណ្តែក គេដាក់សណ្តែក ល្ង ថ្វាយ...ឯពិធី ៣ថ្ងៃនៃថ្ងៃចូលឆ្នាំនោះគឺ :

• ថ្ងៃទី១ : គេយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្ត។ ពេលល្ងាចគេនាំគ្នាជញ្ជូនខ្សាច់សាង វាលុកចេតិយនៅជុំវិញព្រះវិហារ ឬនៅជុំវិញដើមពោធិ៍ណាមួយនៅក្នុងវត្តនោះ។ នៅពេលព្រលប់គេប្រគេនភេសជ្ជៈដល់ព្រះសង្ឃ និមន្តលោកចំរើនព្រះបរិត្ត និងសំដែងធម្មទេសនា។

• ថ្ងៃទី២ : កូនចៅជូនសំលៀកបំពាក់ នំចំណី លុយកាក់ដល់អ្នកមានគុណ ឪពុកម្តាយ ជីដូនជីតា ជាដើម។ ជួនកាលគេធ្វើទានដល់មនុស្សបំរើ ឬអ្នកក្រីក្រទៀតផង។ ពេលរសៀលគេនាំគ្នាទៅពូនភ្នំខ្សាច់ទៀត ហើយសូត្រធម៌អធិដ្ឋានភ្នំខ្សាច់ដែលគេសន្មត់ទុក ដូចជាចូឡាមណីចេតិយ ហើយនិមន្តព្រះសង្ឃបង្សុកូលចេតិយបញ្ជូនមគ្គផលដល់វិញ្ញាណក្ខន្ធបង ឬ ប្អូនដែលបានស្លាប់ទៅ។ •ថ្ងៃទី៣ : ពេលព្រឹកនិមន្តព្រះសង្ឃឆ្លងភ្នំខ្សាច់។ ពេលល្ងាចនិមន្តព្រះសង្ឃស្រង់ទឹក និងស្រង់ព្រះពុទ្ធ រូប (តាមការនិយមនៃស្រុកខ្លះ)។ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គេនាំគ្នាលេងល្បែងប្រជាប្រិយ កំសាន្ដសប្បាយជាច្រើន ដូចជាលេង បោះអង្គញ់, ចោលឈូង, ទាញព្រ័ត្រ, លាក់កន្សែង, ចាប់កូន ខ្លែងជាដើម និងមានរបាំត្រុដិ (ច្រើនមាននៅខេត្តបាត់ដំបង សៀមរាប និងសព្វថ្ងៃមាននៅភ្នំពេញខ្លះ) ជាពិសេសទៀត គឺរាំវង់តែអាស្រ័យទៅតាមការនិយមចូលចិត្តរបស់មនុស្សម្នាក់ៗ គឺខ្លះនិយមនាំគ្នា ដើរកំសាន្ដបន្ត ខ្លះនិយមធ្វើបុណ្យទានតាមវត្តអារាម។ វាលុកចេតិយ ពាក្យសាមញ្ញហៅថា «ពូនភ្នំខ្សាច់»។

ការពូនភ្នំនេះ គេយកខ្សាច់សុទ្ធមកចាក់នៅកណ្តាល ទីធ្លា ដែលគេបានកំណត់ រួចពូនឱ្យចេញជារាងចេតិយបែរមុខទៅទិសខាងកើត ហើយគេសន្មត់ហៅថា «វាលុកចេតិយ» គឺតំណាងឱ្យព្រះចូឡាមណីចេតិយដែលសាងសម្រាប់បញ្ចុះព្រះកេសា និងព្រះចង្កូម កែវនៃព្រះពុទ្ធបរមគ្រូ។ ការពូនភ្នំនេះ បច្ចុប្បន្នតំបន់ខ្លះ គេនិយមពូនភ្នំអង្ករនៅសាលាឆាន់ ឬ ក្នុងព្រះ វិហារផងដែរ។ ភ្នំខ្សាច់ដែលគេពូនមិនមានកំណត់ថា ត្រូវមានខ្នាតតូចខ្ពស់ទាបប៉ុណ្ណាទេ គឺប្រព្រឹត្ត ទៅតាមការពេញចិត្តរបស់អ្នកស្អាង។ ប៉ុន្តែចាំបាច់ត្រូវមានភ្នំមួយនៅកណ្តាល ហើយត្រូវមានភ្នំតូចៗ ៤ ព័ទ្ធជុំវិញគ្រប់ទិសតូចទាំង ៤។ នៅជុំវិញភ្នំ គេមានធ្វើរាជវ័ត តុបតែងលំអស្លឹកដូង ស្លឹករំសែជាបួនជ្រុង មានទ្វារចេញចូលតាមទិសធំទាំង ៤ ។

នៅជុំវិញរាជវ័តគេមានរៀបរានទេវតាគ្រប់ទិសទាំង ៨។ នៅលើរានទេវតានីមួយៗគេរៀបស្លាធម៌មួយគូ,បាយសីមួយថ្នាក់មួយគូ, ទៀន៥, ធូប៥, ផ្កាភ្ញី និងអុជទៀនធូបថ្វាយ។ នៅពីមុខភ្នំខ្សាច់ក្រៅរាជវ័ត គេរៀបរានធំៗបីទៀត សំរាប់ថ្វាយព្រះយមរាជ ស្ថិតនៅកណ្តាលខាងឆ្វេងរានព្រះយមរាជ គឺរានព្រះពុទ្ធគុណ និងខាងស្តាំគឺរានព្រះពិស្ណុការ រានធំទាំងបីនេះ គឺគេរៀបគ្រឿងសក្ការៈបូជាដូចរានទេវតាដែរ តែបាយសីខ្ពស់រហូតដល់ ៩ថ្នាក់ និងមានដាក់សំលៀកបំពាក់ឆ្វេងស្តាំ ហើយមានដាក់ក្រយាថ្វាយសោយទៀតផង។ រួមអានិសង្ស ព្រះបរមសាស្តាទ្រង់បានសំដែងអំពី អានិសង្សដែលបានកសាងបុណ្យកុសល ក្នុងឱកាសដាច់ ឆ្នាំចាស់ ចូលឆ្នាំថ្មី ដោយពិស្តារអ្នកដែលបានផ្ងូត (ងួត) ទឹកឱ្យមាតាបិតា គ្រូឧបជ្ឈាយ៍ អាចារ្យ ឬព្រះសង្ឃក្នុង ឱកាសសង្ក្រាន្តនោះ រមែងជាស្តេចម្ចាស់ផែនដីមាន រិទ្ធិដ៏មហិមាសំបូរដោយ រតនៈ៧ប្រការ ដេរដាស ដោយពពួកនាងនារីសឹងមានរូបឆោមដ៏ល្អ និងសំបូរដោយចតុរង្គសេនា ជាអ្នកបាននូវសេចក្តីសុខគ្រប់ យ៉ាង៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload