គង់ សូនីតា មានវិបត្តិស្នេហ៍ ប៉ងលេបថ្នាំ ផ្តាច់ជីវិត (មានវីដេអូ)

ភ្នំពេញ៖ ដោយសារតែវិបត្តិស្នេហា យ៉ាងធ្ងន់ធ្ងរ តារាសម្តែង ម៉េម៉ាយកូនមួយ អ្នកនាង គង់ សូនីតា បានសម្រេចចិត្ត លេបថ្នាំ ងងុយគេង ជាច្រើនគ្រាប់ ដើម្បីផ្តាច់សង្ខារ ធ្វើឲ្យភ្ញាក់ផ្អើល កាលពីថ្ងៃទី២៥ ខែមេសា ។

តាមរយៈវិដេអូឃ្លិប ជាបណ្តាំចុងក្រោយមុនលេបថ្នាំ ផ្តាច់ជីវិត តែមិនបានសម្រេចនោះ នាង បានធ្វើការត្អួញត្អែរ ជាច្រើន និយាយទាក់ទង នឹងវិបត្តិស្នេហា របស់នាង ។ក្រោយលេបថ្នាំ ប៉ងផ្តាច់ជីវិតនេះ នាងត្រូវបានក្រុមគ្រួសារ បញ្ចូនទៅសង្គ្រោះបន្ទាន់ នៅពេទ្យរុស្ស៊ី ។

អ្នកលេងនៅលើបណ្តាញសង្គមហ្វេសប៊ុក ត្រូវជាមិត្តភក្តិ របស់ នាង គង់ សូនីតា បានសរសេរថា «សូមជម្រាបសួរ ចំពោះអ្នកដែល បានស្គាល់ សូនីតា ទាំងអស់ ឥឡូវ គេបានចូលសង្គ្រោះបន្ទាន់ នៅពេទ្យរុស្ស៊ី ដោយសារ គេញ៉ាំថ្នាំ ងងុយដេក និងថ្នាំដែលខ្ញុំថតនេះ មិនដឹងអស់ប៉ុន្មាន នោះទេ បើដឹងវិញ ទោះរឿងឈឺចាប់ប៉ុណ្ណា និយាយមកអញស្តាប់ អញស្មានតែហ្អែង លេងជាមួយនឹង អញតើ»។

ពាក់ព័ន្ធនឹងដំណឹងចុងក្រោយពី គង់ សូនីតា LookingToday បានព្យាយាម ទាក់ទងទៅនាង តែមិនអាចទាក់ទង បានឡើយ ៕

ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

គូសបញ្ជាក់ផងដែរថា មុននេះទស្សនិកជន ធ្លាប់ដឹងគ្រប់គ្នាហើយថា តារាសម្តែង និងជាតារាម៉ូឌែល រាងតូចស្តើង គង់ សូនីតា ធ្លាប់បានទម្លាយ អាថ៌កំបាំងប្រាប់ ជុំវិញការសាងសម្ព័ន្ធ ភាពទំនាក់ទំនង ស្នេហាស៊ីជម្រៅ ជាមួយតារាសម្តែង ប្រុសមិន សូវល្បីឈ្មោះលោក វ៉ាន់ រ៉ាវត្ថិ រហូតជ្រុលជ្រួស បានខ្លួនប្រាណគ្នា ធ្វើឲ្យនាងមាន កូនស្រីម្នាក់ អាយុជាង៦ខែ ជាមួយគ្នា។ តែទីបញ្ចប់នាង ក៏ត្រូវបានតារាប្រុសរូបនេះ ដោះដៃមិនទទួល ស្គាល់នាង និងកូនតាំងពីចាប់កំណើត នៅក្នុងផ្ទៃបាន ៥ខែមកម្ល៉េះ។

យ៉ាងណាមិញ បន្ទាប់ពីរឿងនេះទើប បានស្ងប់ស្ងាត់ អត់មួយរយៈពេលខ្លី នោះជាថ្មីម្តងទៀត គេស្រាប់តែឃើញតារាសម្តែងនិងចម្រៀង គង់ សូនីតា បានសរសេរបង្ហោះសារ បង្ហាញអារម្មណ៍ឈឺចាប់ ចេញពីក្នុងក្រអៅបេះដូង ដោយបានរៀបរាប់នូវទុក្ខ លំបាកវេទនា និងបញ្ហាមួយចំនួន ដែលនាងនិងកូន ធ្លាប់បានជួបប្រទះ កន្លងមកក៏ដូចជានៅក្នុងអំឡុង ពេលសព្វថ្ងៃនេះ។

តារាសម្តែងកូនមួយ នាង គង់ សូនីតា បានសរសេររៀបរាប់ថា «ហេតុអ្វីជីវិតម្តាយកូនខ្ញុំ ទាំងពីរនាក់ ជួបតែរឿងលំបាកបែបនេះ…។ ខ្ញុំដេកសម្រក់ទឹកភ្នែក ស្ទើររៀងរាល់ថ្ងៃ ព្រោះអាណិតកូន ហើយម្យ៉ាងក៏មាន ពេលខ្លះតូចចិត្ត នឹងខ្លួនឯងដែល ជ្រើសរើស ស្រលាញ់មនុស្សប្រុស ខុសបែបនេះ.. បើឈប់ស្រលាញ់ខ្ញុំ គួរណាទទួលស្គាល់កូន ក៏ខ្ញុំមិនខឹងដែរ ប៉ុន្តែនេះ មិនដឹងបេះដូង និងចិត្ត របស់ប្រុសម្នាក់នេះ ធ្វើឡើងពីស្អីគេទេ ? សូម្បីតែសត្វ ក៏វាចេះស្រលាញ់ កូនដែរ..»។

គង់ សូនីតា បាននិយាយទៀតថា គ្រប់ពេលនាង តែងតែគិតថា ជីវិតកូននិងខ្លួន ហាក់មានភាពឯកា កំសត់ណាស់ព្រោះមើលទៅ គ្រួសារគេផ្សេង គឺមានសេចក្តីសុខខ្លាំង ចំណែកឯនាង ហើយនិងកូនវិញ ដូចជាជួបតែរឿងលំបាកៗ កើតទុក្ខគ្មាន ពេលស្វាងសោះឡើយ….! ណាមួយកូនឈឺ ណាមួយគិតរឿងគ្រួសារ ហើយមានពេលខ្លះ ត្រូវរងទុក្ខ ព្រោះតែគេទូរស័ព្ទ មកបង្ករឿងថែមទៀត។

តារាសម្តែង គង់ សូនីតា កន្លងមក ពុំដែលធ្លាប់លេចឮព័ត៌មាន អំពីរឿងរ៉ាវជីវិតស្នេហា រវាងនាងជាមួយ នឹងបុរសណាម្នាក់ នោះឡើយ ចាប់តាំងពី តារាស្រីរូបនេះ ផ្តើមចូលខ្លួនប្រឡូក ក្នុងវិស័យសិល្បៈ អស់រយៈពេលជាង៣ឆ្នាំ មកនេះ។ ប៉ុន្តែទើបតែពេលថ្មីៗ កន្លងមកសាម៉ីខ្លួនផ្ទាល់ គង់ សូនីតា បានចេញមុខប្រកាសប្រាប់ ជាសាធារណៈថា បច្ចុប្បន្ននាង កំពុងមានកូនស្រីម្នាក់ តែកូនរបស់នាង ត្រូវបានឪពុក ចិត្តអន្ដេរថីយ៍ មិនទទួលស្គាល់ និងទៅចោលតាំងតែ ពីនាងមានផ្ទៃពោះជាង ៥ខែមកម្ល៉េះ ធ្វើឲ្យជីវិតនាង និងកូនរស់នៅ យ៉ាងឯកាបំផុត៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload