សុគន្ធ នីសា រំភើបចិត្តខ្លាំងពេល ពេជ្រ សោភា សរសើរថា នៅតែស្អាតនិងមាន ស្នាមញញឹមស្រស់

ភ្នំពេញ៖ តារាចម្រៀងដែលនិយម តែងខ្លួនបែបស្រគត់ស្រគំ កញ្ញា សុគន្ធ នីសា បានរំលេចសារបង្ហាញ ពីអារម្មណ៍សប្បាយ និងរំភើបចិត្តនិងអរគុណយ៉ាងខ្លាំង នៅពេលដែល នាងត្រូវបានតារា ចម្រៀងរួមដំបូល គឺអ្នកនាង ពេជ្រ សោភា ចេញមុខសរសើរនាង ដោយមិនក្រែងចិត្តថា នាងនៅតែស្អាត ។

នៅក្នុងឱកាសចូលរួមកម្មវិធី ជប់លៀងរបស់គ្រួសារហង្សមាស គេសង្កេតឃើញថា តារាចម្រៀង អ្នកនាង ពេជ្រ សោភា បានបង្ហាញភាពស្និទ្ធស្នាល ជាមួយសមាជិកគ្រួសារហង្សមាស គ្រប់ៗគ្នា ដោយនៅក្នុងនោះ នាងបានរំលេចសារ សរសើរទៅដល់ តារាចម្រៀង កញ្ញា សុគន្ធ នីសា ថា «នីសានៅតែស្អាត, នីសាមានតែស្នាមញញឹម» ។

ក្រោយពីបានឃើញ ការសរសើរពីមិត្តរួមដំបូលរួចមក តារាចម្រៀងដែលទើប វិលរកទ្រនំចាស់ មិនទាន់បានមួយឆ្នាំស្រួលបួល កញ្ញា សុគន្ធ នីសា ក៏រំលេចសារអរគុណ និងសរសើរគ្នាតបទៅវិញថា « អគុណភាដែលបានសរសើរខ្ញុំ ពិតជារំភើបណាស់ ចំណែកភាក៏ជាមនុស្ស ដែលមិនវាយឬក ហើយមានសមត្ថភាពតស៊ូ រហូតជោគជ័យមានជំហររឹងមាំ ហើយមិនចេះលាក់គំនួច ជូនពរអោយភាទទួលបានភាព ជោគជ័យលើសនឹងទៀត »។

តារាចម្រៀងរូបនេះក៏បាន សរសេរបន្ថែមទៀតថា « សំរាប់ខ្ញុំចង់បានតែមិត្ត មិនចង់បង្កើតសត្រូវទេ បើយើងញញឹមដាក់គេ គេនឹងញញឹមដាក់យើងវិញ សើចដាក់គេខ្ញុំជឿថា គេប្រាកដជាសើច ដាក់យើងវិញ អោយតំលៃគេ គេនឹងអោយតំលៃវិញ អោយចិត្តស្មោះទៅគេ នោះគេនឹងអោយមកយើងវិញ និយាយរួមទៅមនុស្សធ្វើអី នឹងទទួលបានការ តបស្នងបែបនឹងវិញ មនុស្សយើងអាយុកាលមិនយូរអង្វែងទេ បើយើងចេះស្រទ្បាញ់គ្នាធ្វើល្អដាក់គ្នាដោយចិត្តស្មោះ អោយតំលៃគ្នាដោយចិត្តស្មោះ ខ្ញុំជឿថាពិភពលោកនេះ នឹងពោរពេញ ដោយភាពស្អាតស្រស់ថ្លា » ។

តាមរយៈការបង្ហាញសារ សរសើរគ្នាទៅវិញទៅមក របស់តារាចម្រៀងស្រីមួយគូនេះ ហាក់បង្ហាញពីភាព ចុះសម្រុងរបស់ពួកគេ និងការស្រលាញ់រាបអានគ្នា យូរអង្វែង បើទោះជា កញ្ញា សុគន្ធ នីសា បានផ្អាកការងារនៅ ផលិតកម្មយូហើយ ទើបត្រឡប់ទៅវិញក៏ដោយ ៕

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

ថ្មីៗនេះផងដែរ កញ្ញា សុគន្ធ និសា ដែលជាតារាចម្រៀងលេចធ្លោមួយរូប ទាំងសម្លេងនិងសម្រស់សោភា ត្រូវបានអ្នកគាំទ្រធ្វើឲ្យភ្ញាក់ផ្អើល ជាខ្លាំងកាលពីម្សិលមិញ នៅក្នុងគេហដ្ឋានរបស់នាងផ្ទាល់។

ជាមួយនឹងភាពល្បីល្បាញ និងការផ្លាស់ប្ដូរទ្រនំ ពីផលិតកម្មថោន ចូលមកផលិតហង្សមាសក្នុងពេលថ្មីៗនេះ កញ្ញាបានចេញចម្រៀងថ្មី នៅក្នុងអាល់ប៊ុមចូលឆ្នាំខ្មែរ ជាមួយនឹងលោកព្រាប សុវត្ថិ ដែលជាដៃគូចាស់ពីមុន ជាមួយគ្នា។ យ៉ាងណាមិញ ក្រឡេកមកមើលសម្រស់របស់កញ្ញា ប្រហែលជាធ្វើឲ្យប្រិយមិត្ដពិបាកនឹងទស្សន៍ទាយ ពីអាយុពិតរបស់កញ្ញាជាខ្លាំង ដែលប្រិយមិត្ដនឹងអាច ចំហមាត់ប្រសិនជាដឹងការពិតនោះ។

ជាក់ស្ដែងណាស់ មកដល់ឆ្នាំថ្មីនេះ កញ្ញាឈានចូលវ័យ ៣៤ឆ្នាំហើយ ដែលកាលពីម្សិលមិញនេះ អ្នកគាំទ្ររបស់កញ្ញា បានធ្វើខួបកំណើតដ៏ភ្ញាក់ផ្អើលមួយ មុនថ្ងៃកំណើតពិតប្រាកដរបស់កញ្ញា ដែលកញ្ញាកើតនៅថ្ងៃទី០១ ខែឧសភា៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload