សារាយ សក្ខណា ត្រឡប់ទៅអាមេរិកវិញ ខណៈគម្រោងត្រឡប់ មកស្រុកកំណើត ជាថ្មីមិនទាន់ច្បាស់

ភ្នំពេញៈ អតីតតារាសម្តែងអ្នកនាង សារាយ សក្ខណា បានវិលត្រឡប់ ទៅប្រទេសអាមេរិកវិញ ហើយនៅរសៀលថ្ងៃនេះ ដោយមានការជូនដំណើរ ពីក្រុមគ្រួសាររួម ជាមួយមិត្តសិល្បករ និងអ្នកសារព័ត៌មានផងដែរ ។

បើតាមតារាស្រីកញ្ញា សារាយ សក្ខណា បានប្រាប់ Looking TODAY មុនថ្ងៃត្រឡប់ ទៅវិញថា នាងពិតជាសប្បាយ រីករាយដែលបានមក លេងស្រុកកំណើត និងបានជួបជុំ ក្រុមគ្រួសារ និងមានឆ្លៀតពេល បង្ហាញវត្តមាន ឲ្យមហាជនបានឃើញ តាមរយៈកម្មវិធីផ្សេងៗ។

តារារូបនេះ បានប្រាប់ឲ្យដឹងទៀតថា ដោយឡែកគម្រោង ក្នុងការត្រឡប់មកវិញជាថ្មីនេះ នាងមិនទាន់ច្បាស់ថា ត្រូវត្រឡប់មកឆាប់ៗ ឫយូរទេ តែបើទោះជានាង បានឃ្លាតឆ្ងាយពីសិល្បៈ និងប្រទេសកំណើតក៏ដោយ តែនាងនៅតែស្រលាញ់សិល្បៈ និងនឹករលឹក ដល់ប្រទេសកំណើតជានិច្ច ៕

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

គូសបញ្ជាក់ផងដែរថា នៅសល់ពេលត្រឹមតែ៣ថ្ងៃទៀតប៉ុណ្ណោះ អ្នកនាង សារាយ សក្ខណា នឹងធ្វើដំណើរត្រឡប់ ទៅអាមេរិកវិញហើយ ទាំងដែលនាងទើបតែចាប់ផ្តើម ថតខ្សែភាពយន្តបានត្រឹមតែ៣-៤ថ្ងៃ រហូតដល់នាងត្រូវបង្ខំចិត្តលុបចោលគម្រោង ថតខ្សែភាពយន្តទាំងអារម្មណ៍ សោកស្តាយនិងខកបំណង។

អតីតតារាសម្តែង សម្បុរខ្មៅស្រអែមស្រស់ អ្នកនាង សារាយ សក្ខណា បានលាតត្រដាងអារម្មណ៍ពិតផ្ទាល់ខ្លួន ប្រាប់ឲ្យដឹងថា ការត្រឡប់មក លេងស្រុកកំណើតលើកនេះ គឺមានរយៈពេលយូរ គួរសមហើយនាង ក៏បានឆ្លៀតពេលចេញ តាមកម្មវិធីទូរទស្សន៍ ថតស្ពត ថតម៉ូដឲ្យសម្អាងការ បានច្រើនគួរសម ដើម្បីបង្ហាញមុខឲ្យមហាជន បានឃើញ ប៉ុន្តែអ្វីដែលធ្វើឲ្យនាងមានការសោកស្តាយនោះ គឺនាងមិនបានថតខ្សែភាពយន្ត ទុកចាក់បញ្ចាំង ជូនអ្នកគាំទ្របានទស្សនាឡើយ ព្រោះថានាងត្រូវធ្វើដំណើរ ត្រឡប់ទៅអាមេរិកវិញ នៅថ្ងៃទី២៩ ខែមេសា ខាងមុខនេះហើយ។

តារាស្រីកូនមួយ ដែលមានចរិករួសរាយរាក់ទាក់ ក្រមិចក្រមើមគួរឲ្យស្រលាញ់ អ្នកនាង សារាយ សក្ខណា បានប្រាប់ឲ្យដឹងទៀតថា « ខ្ញុំពិតជាសោកស្តាយខ្លាំង ដែលការត្រឡប់មកលេង ស្រុកកំណើតលើកនេះ មិនបានថតរឿងទុក ចាក់បញ្ចាំងជូនទស្សនិកជនទស្សនា ព្រោះថាខ្ញុំតែងមានក្តីស្រមៃថា នៅពេលខ្ញុំត្រឡប់ មកលេងស្រុក គឺចង់មានរឿងមួយឫពីរ តាមដែលអាចធ្វើទៅ បានទុកបញ្ចាំងជូន ទស្សនិកជន កុំឲ្យភ្លេចមុខខ្ញុំ » ។

តារាកូនវ័យសាច់ចាំរូបនេះ បានប្រាប់ទៀតថា អ្វីដែលធ្វើឲ្យនាងសោកស្តាយនោះ គឺរឿងតែមួយដែលនាង ទទួលថតនោះ គឺត្រូវបង្ខំចិត្តលុបចោលវិញ ទាំងដែលនាង បានថត២-៣ថ្ងៃហើយ ក្រោមហេតុផលថតមិនទាន់ ព្រោះថាតួអង្គសម្តែង ក្នុងរឿងនេះគឺមានភាពមមាញឹករៀងខ្លួន ហើយនាងក៏ត្រូវត្រឡប់ទៅវិញ នៅថ្ងៃទី២៩ ខាងមុខនេះ ទើបលុបចោលការថតរឿងតែម្តងទៅ ។

រយៈពេលជិត៣ឆ្នាំហើយ ដែលតារាសម្តែង អ្នកនាង សារាយ សក្ខណា បានចាកចេញពីពិភពសិល្បៈរៀបការ មានស្វាមីនិងកូន រស់នៅសហរដ្ឋអាមេរិក ហើយនៅពេលដែល នាងត្រឡប់មកលេងស្រុកកំណើត មុនពេលមានកូននោះ ទស្សនិកជននៅចាំបានថា នាងបានឆ្លៀតពេលថតរឿង «ក្រឡអីហ្នឹងវគ្គ២» ចេញទៅថតរឿង នៅប្រទេសថៃរួម ជាមួយថតស្ពតពាណិជ្ជកម្ម និងចូលរួមកម្មវិធី ទូរទស្សន៍ផ្សេងៗទៀតផងដែរ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload