បុគ្គល​មួយចំនួន​ចង់​ប្រមូលយក​តម្លៃ​ធម្មជាតិ និង​តម្លៃ​បង្កើត​ថ្មី​ទាំងអស់​ធ្វើជា​របស់ខ្លួន​

​ភ្នំពេញ​៖ តម្លៃ គឺជា​អ្វីដែល​សំខាន់ និង អ្វី​ដែលមាន​ប្រយោជន៍​សម្រាប់​មនុស្ស​។ ជាទូទៅ មនុស្ស​តែងតែ​ធ្វើ​ការគិត ការសម្រេចចិត្ត និង ការប្រព្រឹត្តិ ឆ្ពោះទៅរក​តម្លៃ​ណាមួយ​។ ក្នុង​លក្ខខណ្ឌ​ធម្មតា បុគ្គល​ម្នាក់ៗ ឬ ក្រុម​នីមួយៗ ពិបាក​នឹង​ចាប់យក​តម្លៃ​បាន​ទាំងអស់​ណាស់ ប៉ុន្តែ ក្នុង​ឆន្ទៈ​អត្តនោម័តិ ទាំង​បុគ្គល ទាំង​ក្រុម តែងតែ​ចង់​ប្រមូលយក​តម្លៃ​ទាំងអស់​ដែលមាន​នៅក្នុង​សង្គម​មក​ធ្វើជា​របស់ខ្លួន តាម​ដែល​អាចធ្វើ​ទៅបាន​។​

​តម្លៃ​មាន​ពីរ​ប្រភេទ​ធំៗ គឺ​តម្លៃ​ពី​ធម្មជាតិ និង តម្លៃ​ដែល​បង្កើត​ដោយ​មនុស្ស​។ តម្លៃ​ពី​ធម្មជាតិ គឺជា​តម្លៃ​ដែលមាន​ស្រាប់​នៅក្នុង​មនុស្ស សត្វ ឬ វត្ថុ​ផ្សេងៗ ដូចជា សោភ័ណភាព ឬ សម្ផស្ស របស់​មនុស្ស សត្វ និង វត្ថុ​ធម្មជាតិ​ផ្សេងៗ រួមមាន រូបរាង ទម្រង់ កម្ពស់ ពណ៌​សម្បុរ និង លក្ខណៈសម្បត្តិ​ផ្សេងៗ ដែលមាន​ចំណុច​ពិសេស​រៀងៗ​ខ្លួន​។ សូម្បីតែ​រស​ជាត គុណភាព និង គុណប្រយោជន៍​ផ្ទាល់​របស់​វា ក៏​ជាត​ម្លៃ​ធម្មជាតិ​ដែរ​។ បច្ចុប្បន្ន មនុស្ស​មួយចំនួន​បាន​កែច្នៃ​រាងកាយ​របស់ខ្លួន​(​កែ​សម្ផស្ស​) ដើម្បី​ទទួលបាន​នូវ​តម្លៃបន្ថែម​ពីលើ​សោភណភាព​ធម្មជាតិ​ដែល​ខ្លួន​មាន​ស្រាប់​។

​តម្លៃ​ដែល​បង្កើត​ដោយ​មនុស្ស គឺជា​ប្រភេទ​តម្លៃ​សន្មត ដែល​ទាក់ទង​ទៅនឹង ទ្រព្យសម្បត្តិ សម្ភារៈ មាសប្រាក់ ចំណេះដឹង បុណ្យស័ក្ដិ ឋានៈ កិត្តិយស ជំនឿ សាសនា ប្រពៃណី ទំនៀមទម្លាប់ សីលធម៌ ជោគជ័យ និង ភាពទំនើប ជាដើម​។ ដោយឡែក នៅក្នុង​សង្គម​ខ្មែរ ចាប់ពី​ក្រោយ​សមាហរណកម្ម ឆ្នាំ​១៩៩៣​មក មុនដំបូង មនុស្ស​ទូទៅ ខិតខំ​ស្វះស្វែង​រកតែ​តម្លៃ​ណា​ដែល​ពាក់​ពន្ធ​នឹង​ការងារ ឬ លទ្ធភាព​ដែល​ខ្លួន​អាច​រកបាន​ប៉ុណ្ណោះ ដូចជា មន្ត្រីរាជការ ទទួលបាន​តម្លៃ​ខាង​បុណ្យស័ក្ដិ ឋានៈ គ្រឿង​ឥស្សរិយយស​, អ្នកនយោបាយ​ទទួលបាន​តម្លៃ​ខាង​ភាពជា​អ្នកដឹកនាំ​ល្អ​និង​ស្នាដៃ​កសាង​ជាតិ​, អ្នករៀន​សូត្រ​និង​អ្នកស្រាវជ្រាវ ទទួលបាន​តម្លៃ​ខាង​ចំណេះដឹង​និង​របកគំហើញ​, អ្នករកស៊ី ទទួលបាន​តម្លៃ​ខាង​ទ្រព្យសម្បត្តិ​, សិល្បៈករ ទទួលបាន​តម្លៃ​ខាង​ការសម្ដែង​និង​ការអភិរក្ស​វប្បធម៌​...​។

​ប៉ុន្តែ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ គេ​សង្កេតឃើញ ពលរដ្ឋ​ខ្មែរ​មួយចំនួន ជាពិសេស ក្រុម​អ្នកមាន​និង​ក្រុម​អ្នកធំ ហាក់ដូចជា​កំពុង​ចង់​ប្រមូលយក​តម្លៃ​ទាំងអស់​ដែល​បាន​រៀបរាប់​ខាងលើ​។ ជា​រូបភាព​ជាក់ស្ដែង គេ​សង្កេតឃើញ អ្នក​ទាំងនោះ ខិតខំ​ប្រឹងប្រែង​ប្រមូល​ទ្រព្យសម្បត្តិ​តាម​លទ្ធភាព​ដែល​គេ​អាចធ្វើ​បាន ទាំង​ស្របច្បាប់ ទាំង​ខុសច្បាប់ ដូចជា ការប្រព្រឹត្តិ​អំពើពុករលួយ និង ការរកស៊ី​ខុសច្បាប់ ជាដើម​។ លើសពីនេះ ពួកគេ​បាន​ចុះឈ្មោះ​ចូល​សិក្សា​ស្រាវជ្រាវ​នៅក្នុង​សាកលវិទ្យាល័យ​នានា ក្នុង​បំណង​ទទួលបាន​តម្លៃ​ខាង​ចំណេះដឹង បើទោះបីជា ពួកគេ​មិន​គ្រប់​លក្ខខណ្ឌ ឬ មិនមាន​ពេល​គ្រប់គ្រាន់​សម្រាប់​សិក្សា ស្រាវជ្រាវ​ក៏ដោយ​។ ទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏​ទីបំផុត ពួកគេ​នៅតែ​ទទួលបាន​ទាំង​ទ្រព្យសម្បត្តិ ទាំង​បុណ្យស័ក្ដិ និង គោរមងារ ដូចជា ឯកឧត្តម​បណ្ឌិត​(​ឋានៈ​+​ចំណេះ​), ឧកញ៉ា​បណ្ឌិត​(​ទ្រព្យ​+​ចំណេះ​), ឯកឧត្តម​ឧកញ៉ា​បណ្ឌិត​(​ឋានៈ​+​ទ្រព្យ​+​ចំណេះ​)​។​ល​។​
 
​តាមពិត ការស្វែងរក​តម្លៃ មិនមែនជា​រឿង​អាក្រក់​នោះទេ អ្វីដែល​អាច​អាក្រក់​នោះ​គឺ​វិធី​នៃ​ការស្វែងរក​តម្លៃ​។ ក្នុងចំណោម​អ្នក​ដែល​ទទួលបាន​ទ្រព្យសម្បត្តិ ឋានៈ គ្រឿង​ឥស្សរិយយស និង គោរមងារ​ទាំងនោះ មាន​អ្នក​ខ្លេះ ក៏បាន​ធ្វើ​អ្វីៗ​ស្របតាម​ច្បាប់ បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់ និង ធ្វើតាម​នីតិវិធី​ត្រឹមត្រូវ ប៉ុន្តែ មួយចំនួនទៀត ត្រូវបាន​គេ​អះអាងថា ធ្វើឡើង​ដោយ​មិន​ស្របច្បាប់ មិនបាន​បំពេញ​លក្ខខណ្ឌ​គ្រប់គ្រាន់​និង​នីតិវិធី​ត្រឹមត្រូវ​ទេ ពួកគេ​បាន​ប្រើប្រាស់​ទឹក​លុយ ឬ វិធី​ផ្សេងៗ ដើម្បី​ទទួលបាន​សញ្ញាបត្រ ឋានៈ ឬ គោរមងារ​ទាំងនោះ ដូចជា យកលុយ​ទិញ​ងារ​ជា​ឧកញ៉ា​, ទិញ​ឋានៈ ទិញ​គ្រឿង​ឥស្សរិយយស និង យកលុយ​ជួល​គេ​សរសេរ​និ​ក្ខ​ប​បទ​ឬ​ទិញ​វត្តមាន​និង​សញ្ញាបត្រ ជាដើម ដែល​ធ្វើឱ្យ​គុណភាព​នៃ​តម្លៃ​របស់​ពួកគេ មិន​គ្រប់​ស្តង់ដារ ឬ មិន​សម​នឹង​ងារ​ឬ​កម្រិត​សញ្ញាបត្រ​របស់ខ្លួន​។​

​លើសពីនេះ​ទៀត វា​ក៏បាន​ធ្វើឱ្យ​ខូច​កេរ្ដិ៍ឈ្មោះ​អ្នក​ដែលមាន​ឋានៈ ងារ​ជា​ឧកញ៉ា និង បណ្ឌិត​ដែលមាន​គុណភាព​គ្រប់​ស្តង់ដារ និង បាន​ប្រព្រឹត្ត​ទៅដោយ​ត្រឹមត្រូវ​។ ក្រៅពីនេះទៀត  វា​ក៏​ធ្វើ​ខូច​ឈ្មោះ​សាកលវិទ្យាល័យ និង ស្ថាប័ន​ដែល​ផ្ដល់ ឋានៈ គោរមងារ គ្រឿង​ឥស្សរិយយស ឬ សញ្ញាបត្រ​ឱ្យ​បុគ្គល​ទាំងនោះ​ផងដែរ​។

​តាមពិត បុគ្គល​មួយចំនួន​ដែល​ទួលបាន​ឋានៈ គ្រឿង​ឥស្សរិយយស ងារ​ជា​ឧកញ៉ា និង សញ្ញាបត្រ​បណ្ឌិត ឬ សញ្ញាបត្រ​កម្រិត​ផ្សេងៗ​ទៀត ដោយ​មិនបាន​គោរព​តាម​ស្តង់ដារ​គុណភាព​និង​នីតិវិធី​ត្រឹមត្រូវ​នោះ ពួកគេ​ទទួល​បានតែ​ទម្រង់ ឬ សំបក​ក្រៅ​នៃ​តម្លៃ​ប៉ុណ្ណោះ ឯ​ខ្លឹម​ខាងក្នុង​ពិតប្រាកដ ដូចជា ភាពជា​អ្នកដឹកនាំ​ល្អ ភាពជា​ឧកញ៉ា ចំណេះដឹង​ជ្រៅជ្រះ គតិបណ្ឌិត ឬ សារជាត​ពិត នៃ​ឋានៈ ងារ និង កម្រិត​សញ្ញាបត្រ ពួកគេ​មិនទាន់​ទទួល​បានទេ​។​

​ហើយ​អ្វីដែល​ខ្វះ​ច្រើនជាងគេ​បំផុត​នោះ គឺ​សីល​តម្លៃ ដែលជា​ស្នូល​នៃ​តម្លៃ​ទាំងអស់ ហេតុនេះ បើទោះបីជា​គេ​សង្កេតឃើញថា​មាន អ្នកធំ​និង​អ្នក​មាននៅ​កម្ពុជា​មួយចំនួន មាន​សញ្ញាបត្រ​ខ្ពស់ មាន​ងារ​ជា​ឧកញ៉ា​ច្រើន និង មាន​ឋានៈ​ខ្ពស់ៗ​ស្ទើរ​មេឃ​ក៏ដោយ ក៏​គុណភាព​នៃ​ការដឹកនាំ ការគ្រប់គ្រង ការអភិវឌ្ឍ និង ការលើកកម្ពស់​ទំនួល​ខុសត្រូវ​សង្គម​និង​ភាព​សុខដុម​រនា មិនទាន់បាន​ល្អប្រសើរ​ដែរ​៕