ភ្នំពេញ មិន​ប្រឈម​នឹង​កង្វះ​ទឹកស្អាត​ប្រើ​ឡើយ

​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ នឹងមិន​ប្រឈម​នឹងមិន​ខ្វះ​ទឹកស្អាត​ប្រើប្រាស់​ប្រចាំថ្ងៃ​ឡើយ  ខណៈ បញ្ហា​កង្វះ​ទឹក បាន​វាយប្រហារ​បណ្តា​ខេត្ត​នានា​នៅ​កម្ពុជា និង​ជា​ក្តីបារម្ភ​របស់​រដ្ឋាភិបាល​ផង​នោះ​។ មិន​ខ្វះ​ទឹក​ក៏ពិតមែន ប៉ុន្តែ​បើតាម​លោក ស៊ឹម ស៊ីថា អគ្គនាយក​នៃ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ តំបន់​មួយចំនួន​ដែល​ស្ថិតនៅ​ចុង​បណ្តាញ​នៃ​ការផ្គត់ផ្គង់​របស់ PPWSA នឹងមាន​សម្ពាធ​ទឹក​ខ្សោយ​ជាង​ធម្មតា​។

​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ PPWSA បាន​ចេញមុខ​ធានាថា ប្រជាពលរដ្ឋ​រស់នៅក្នុង​រាជធានី​ភ្នំពេញ នឹងមិន​ប្រឈម​នឹងខ្វះ​ទឹកស្អាត​ប្រើប្រាស់​នោះឡើយ គ្រាន់តែ​តំបន់​នៅ​ចុង​បណ្តាញ​នៃ​ការផ្គត់ផ្គង់​មាន​សម្ពាធ​ខ្សោយ​ប៉ុណ្ណោះ​។  ការអះអាង​នេះ ធ្វើឡើង​ស្របពេល​ដែល​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ខេត្ត​កំពុងតែ​ប្រឈម​នឹង​ការខ្វះខាត​ទឹកស្អាត​ប្រើប្រាស់​។
 
​លោក ស៊ឹម ស៊ីថា អគ្គនាយក​នៃ​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃទី​២៨​ខែមេសា​នេះ​ថា ៖ «​បច្ចុប្បន្ន​តម្រូវការ​ទឹក​ច្រើនជាង​តម្រូវការ​រួចទៅហើយ​។ ហើយ​ឥឡូវ​អាកាសធាតុ​ក្តៅ​អ៊ីចឹង​ទៀត ការប្រើប្រាស់​ទឹក​ក៏​កើនឡើង​ដែរ​។ ដូច្នេះ​ប្រជាពលរដ្ឋ​នៅ​កន្លែង​ខ្លះ នឹង​ទទួលបាន​សម្ពាធ​ទឹក​ខ្សោយ​។ មិន​ខ្វះ ឬ​ដាច់ទឹក​នោះទេ គ្រាន់តែ​សម្ពាធ​ទឹក​ចេញ​តិចជាង​ធម្មតា​»​។​

​បើតាម​អគ្គនាយក​PPWSA តំបន់​នឹង​ការទទួលបាន​នូវ​សម្ពាធ​ទឹក​ខ្សោយ​នេះ មានដូចជា តំបន់​មួយចំនួន​តាម​បណ្តោយ​ផ្លូវជាតិ​៤ ផ្លូវ​ទំនប់​កប់​ស្រូវ និង​សង្កាត់​ស្ទឹងមានជ័យ​ជាដើម ។​

​លោក ស៊ឹម ស៊ីថា បាន​គូសបញ្ជាក់ថា បច្ចុប្បន្ន​រោងចក្រ​ផលិត​ទឹកស្អាត​របស់​PPWSA មានលទ្ធភាព​ផលិត​ទឹកស្អាត​បានតែ​៤៥​ម៉ឺន​ម៉ែត្រ​គីប​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ ខណៈ​តម្រូវការ​មាន​រហូតដល់​ជាង​ទៅ​៥០​ម៉ឺន​ម៉ែត្រ​គីប​។ ដូច្នេះ​មានតែ​ប្រជាពលរដ្ឋ​ប្រមាណ​៨៥​ភាគរយ​ប៉ុណ្ណោះ​ដែល​ទទួលបាន​ការផ្គត់ផ្គង់​ទឹកស្អាត​ប្រើប្រាស់​គ្រប់គ្រាន់​។​

​ដើម្បី​ធានាបាន​នូវ​និរន្តរភាព​នៃ​ការផ្គត់ផ្គង់​ទឹកស្អាត​របស់ខ្លួន ស្រប​ពេលដែល​កំណើន​ការប្រើប្រាស់​ទឹក​របស់​ប្រជាពលរដ្ឋ​កើនឡើង​ជា​លំដាប់ រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ កំពុង​សង់រោង​ចក្រ​ផលិត​ទឹកស្អាត​ថ្មី​មួយទៀត នៅក្នុង​សង្កាត់​និរោធ​។ បើតាម​លោក ស៊ឹម ស៊ីថា រោងចក្រ​ថ្មី​នេះ​ចំណាយ​ទុន​វិយោគ​ប្រមាណ​៣០​លាន​អឺរ៉ូ មានលទ្ធភាព​ផលិត​ទឹកស្អាត​បាន​ចំនួន​១៣​ម៉ឺន​ម៉ែត្រ​គីប​ក្នុង​មួយថ្ងៃ និង​បញ្ចប់​ការសាង់សង់​នៅក្នុង​ឆ្នាំ​២០១៧ ៕