ដល់​ម៉ោង១១ យប់​នេះ ACU មិនទាន់បញ្ចប់ការសាកសួរអគ្គលេខាធិការរង គជប និង មន្ត្រី​សង្គម​ស៊ីវិល

រហូតមកដល់​ម៉ោង១១យប់​ទៅហើយ តែ​អគ្គលេខាធិការរង គ.ជ.ប លោក នី ចរិយា និង​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក៤រូប​ទៀត ដែល​ចូលខ្លួន​ឆ្លើយបំភ្លឺ​នៅក្នុង​អង្គភាព​ប្រឆាំង​អំពើពុករលួយ តាំងពីព្រឹក​ថ្ងៃទី២៨ មេសា នេះ ដែល​ទាក់ទង​នឹង​ករណី​កញ្ញា ខុម ចាន់​ដា​រ៉ា​ទី ហៅ ស្រីមុំ​នោះ មិនទាន់បាន​ចាកចេញ​ពី​ស្ថាប័ន​នេះ​នៅឡើយ​ទេ។

អ្នកសារព័ត៌មានថ្មីៗ ដែល​កំពុង​ឈរ​រង់ចាំ​ព័ត៌មាន​ជុំវិញ​​ការ​សួរដេញដោលលើ​មន្ត្រី​ទាំងនេះ បាន​ឲ្យ​ដឹងថា នៅ​យប់​ថ្ងៃទី២នេះ មិនទាន់​ឃើញ​មាន​មន្ត្រី​គជប និង​មន្ត្រី​សមាគម​អាដហុក បាន​ចាកចេញ​ត្រឡប់ទៅផ្ទះ​វិញ ដូច​កាលពី​ថ្ងៃទី២៧ មេសា ឡើយ ក្រៅពី​អ្នកស្រី ធីតា ឃឹះ ប្រធាន​អង្គការ​សីល​ការ ដែល​បានបញ្ចប់​ការសាកសួរ និង​បាន​ត្រឡប់ទៅផ្ទះ​តាំងពី​រសៀល។

បើតាម​អ្នករាយការណ៍​របស់​សារព័ត៌មានថ្មីៗ នៅពេលនេះ​មានតែ​ក្រុមអ្នកកាសែត​ប្រមាណ​ជា១០នាក់ និង​ក្រុម​សន្តិសុខ​ខណ្ឌដូនពេញ ដែល​កំពុងមាន​វត្តមាន​នៅ​ពីមុខ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ប៉ុណ្ណោះ។

អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​កោះហៅ​មន្ត្រី​អង្គការ​និង​ស្ថាប័ន​ជាតិ​ទាំងនេះ មក​សាកសួរ​ពាក់ព័ន្ធ​នឹង​ករណី​កញ្ញា ខុម ចាន់​ដា​រ៉ា​ទី ហៅ​ស្រីមុំ ក្រោយពី​មាន​ព័ត៌មាន​ថា មាន​មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត បាន​បង្គាប់​នាង​ឲ្យ​និយាយ​កុហក​នៅ​ចំពោះមុខ​សមត្ថកិច្ច។

មន្ត្រី​ដែល​កំពុង​ស្ថិតនៅក្នុង​ACU នេះ​រួមមាន អគ្គលេខាធិការរង គជប លោក នី ចរិយា លោកស្រី លឹម មុនី មន្ត្រី​អង្កេត​ជាន់ខ្ពស់​នៃ​សមាគម ខណៈដែល​លោក នី សុខា លោក យី សុខសាន្ត និង​លោក ណៃ វង្ស​ដា មន្ត្រី​សមាគម​អាដហុក បាន​ចូលខ្លួន​បំភ្លឺ​ផ្ដល់​ចម្លើយ​ថ្ងៃទី២ ក្នុង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​នេះ៕