ផ្ទះ​ជាង​១០០​ខ្នង​រង​ផលប៉ះពាល់​ដោយសារ​ខ្យល់​កន្ត្រាក់​នៅ​ខេត្តសៀមរាប​

រូបភាព៖ ហ្វេសប៊ុកលោក យូ វង្ស​សៀមរាប​៖ ផ្ទះ​ប្រជាពលរដ្ឋ​ប្រមាណ ១៦៤​ខ្នង បាន​រង​ការខូចខាត ក្នុងនោះ​មាន​ទាំង​រលំ និង​ប៉ើង​ដំបូល ដោយសារ​ប៉ះ​នឹង​ខ្យល់​កន្ត្រាក់​។ ខ្យល់​កន្ត្រាក់​កាលពី​ល្ងាច​ថ្ងៃទី​២៨ និង​ព្រឹក​ថ្ងៃទី​២៩ មេសា​នេះ បាន​បណ្តាល​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ស្រុក​បា​រិ​ន ដែលមាន​ភូមិសាស្ត្រ​ជាប់​ខេត្ត​ឧ​ត្ត​រ​មានជ័យ រង​ផលប៉ះពាល់​ចំនួន ១៥៩​ខ្នង និង ស្រុក​ពួក ចំនួន​៥​ខ្នង​។​

សូមស្ដាប់ព័ត៌មានលម្អិត៖

​អភិបាលរង​ខេត្តសៀមរាប លោក ប៊ុន ថា​ឫទ្ធិ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​រសៀល​ថ្ងៃទី​២៩ មេសា​នេះ​ថា យ៉ាងហោចណាស់​ផ្ទះ​ចំនួន ១៥៩​ខ្នង បាន​ដួលរលំ និង​ប៉ើង​ដំបូល នៅ​ភូមិ​ស្រែ​ណូយ ស្រុក​បា​រិ​ន ខេត្តសៀមរាប​។ លោក​អភិបាលរង​ខេត្ត​បញ្ជាក់ថា ហេតុការណ៍​បានកើត​ឡើង​នៅវេលា​ម៉ោង​ប្រមាណ ៥​រសៀល​ថ្ងៃទី​២៨ មេសា ហើយ​តាម​ការចុះ​ពិនិត្យឃើញថា មានផ្ទះ ២៤​ខ្នង​បាន​ដួលរលំ និងរ​ប៉ើ​ក​ដំបូល ជាង​១០០​ខ្នង​។​

​នៅ​ព្រលឹម​ថ្ងៃទី​២៩ មេសា​នេះដែរ ខ្យល់​កន្ត្រាក់​ក៏បាន​ធ្វើ​ឲ្យ​ផ្ទះ​ចំនួន ៥​ខ្នង​ដួលរលំ​ផងដែរ គឺ​ភូមិ​ដូន​កែវ ស្រុក​ពួក​។ សរុប​ទាំង​ស្រុក​ពួក និង​ស្រុក​បា​រិ​ន ធ្វើ​ឲ្យ​ខេត្តសៀមរាប​មានផ្ទះ​ជាង​១០០​ខ្នង បាន​ប៉ះពាល់​ដោយសារ​ខ្យល់​កន្ត្រាក់​។ បើតាម​លោក ប៊ុន ថា​ឫ​ទិ្ធ បច្ចុប្បន្ន​កងពលតូច​លេខ​៥ ដែលមាន​មូលដ្ឋាន​នៅក្បែរនោះ បាននិងកំពុង​ជួយ​រុះរើ និង​ជួយ​ជួសជុលផ្ទះ​ប្រជាពលរដ្ឋ​ឡើងវិញ​។​

​ទាក់ទង​នឹង​បញ្ហា​ដួលរលំ​ផ្ទះ​នេះ នៅ​ព្រឹក​ថ្ងៃទី​២៩ មេសា​នេះ អភិបាលខេត្ត​សៀមរាប លោក ឃឹម ប៊ុន​សុង បាន​ដឹកនាំ​ក្រុមការងារ ចុះទៅ​មើល​ស្ថានភាព​ជាក់ស្តែង​នៅ​កន្លែងកើតហេតុ និង​បាន​ចែក​សម្ភារ​មួយចំនួន ដល់​ជនរងគ្រោះ​ផងដែរ​។ តាម​ការបញ្ជាក់​របស់​លោក ប៊ុន ថា​ឫទ្ធិ នៅ​ថ្ងៃស្អែក គឺ​ក្រុមការងារ​កាកបាទក្រហម​ខេត្ត នឹង​ចុះ​យក​អំណោយ​មនុស្សធម៌ ទៅ​ចែក​ជនរងគ្រោះ ដោយសារ​ខ្យល់​កន្ត្រាក់​ទាំងពីរ​កន្លែង មានស្រុក​បា​រិ​ន និង​ស្រុក​ពួក​។​

​សូមបញ្ជាក់ថា ពលរដ្ឋ​ដែល​រងរបួស​ដោយសារ​ប៉ះ​ខ្យល់​កន្ត្រាក់​នេះ មាន​ចំនួន ៣​នាក់ ដោយ​ក្នុងនោះ​របួសស្រាល​ពីរ​នា​ក់ និង​ម្នាក់ទៀត​របួស​មធ្យម​៕