ស្វា​ខ្មៅ និង​សត្វ​ផ្សេងទៀត​ងាប់​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​នៅ​បាត់ដំបង

​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក បំផ្លាញ​ទីជម្រក​របស់​សត្វ​មួយចំនួន​ដែល​រស់នៅ កំពុង​ក្លាយជា​ក្តីបារម្ភ​របស់​ប្រជា​សហគមន៍​។ ប៉ុន្តែ​ក្តីបារម្ភ​ជាងនេះទៀត​នោះ គឺ​ការរានដី​ព្រៃ​ដែល​ឆេះ​នោះ មក​ធ្វើ​កសិកម្ម​បែប​អនាធិបតេយ្យ ដែល​អាច​បង្ក​ឲ្យ​មានទំនាស់​ផលប្រយោជន៍​ទៅ​ថ្ងៃ​អនាគត​។

​សត្វ​ស្វា​ខ្មៅ​ជាង​៥០​ក្បាល ត្រូវបាន​ប្រជា​សហគមន៍​ប្រទះឃើញ​ងាប់ នៅ​ចំណុច​ម្តុំ​វាល​ដូន​អំ ក្នុង​ឃុំ​ព្រែក​លួង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង​។ តាម​ការសន្និដ្ឋាន ស្វា​ទាំងនេះ បាន​ងាប់​នៅក្រោយ​ថ្ងៃ​ចូលឆ្នាំ​។ នេះ​ជា​បញ្ជាក់​របស់លោក ហោ សំអាត តំណាង​សហគមន៍​នេសាទ​ស្តី​ក្រោម​រហាល់​សួង ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ​។

សូមស្ដាប់ព័ត៌មានលម្អិត៖

ស្វា​ខ្មៅ  និង​សត្វ​ផ្សេងទៀត​ងាប់​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​នៅ​បាត់ដំបង

​តំណាង​សហគមន៍​រូបនេះ បញ្ជាក់ទៀតថា ស្វា​ខ្មៅ​ទាំងនេះ​ងាប់​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​បំផ្លាញ​ជម្រក និង​ចំណី និង​ប្រភពទឹក របស់​សត្វ​ស្វា​នៅ​តំបន់​នោះ​។ ក្រៅពី​សត្វ​ស្វា​ខ្មៅ នៅមាន​សត្វ​មួយចំនួនទៀត​ត្រូវបាន​រកឃើញ​ងាប់​ដែរ មានដូចជា​ពស់ អណ្តើក ភេ និង​អ​ន្ស​ង​ជាដើម​។​

​ការបាត់​ជម្រក​សត្វ​ស្វា និង​សត្វ​មួយចំនួនទៀត​ដែល​បណ្តាលមកពី​ការឆេះ​រាលដាល​នៃ​ព្រៃ​លិច​ទឹក​នេះ​ជា​ក្តីបារម្ភ​មួយ​។ ប៉ុន្តែ​អ្វីដែល​លោក ហោ សំអាត បារម្ភ​ជាង​នេះ គឺ​ការកាប់​រាន​ដីព្រៃ​លិច​ទឹក​ដែល​ឆេះ​នោះ មក​ធ្វើ​កសិកម្ម​យ៉ាង​អនាធិបតេយ្យ ប្រសិនបើ​គ្មាន​វិធានការ​ច្បាស់លាស់​ពី​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទេនោះ​។ លោក​ថា​៖« បើតាម​អ្វីដែល​ខ្ញុំ​បាន​ដើរ​ពិនិត្យ​ជាមួយ​សមត្ថកិច្ច​មកទល់​នឹង​ពេលនេះ ព្រៃ​នៅសល់​ពី​ការឆេះ​មាន​ប្រហែល​១០​ភាគរយ​យ៉ាងច្រើន ហើយ​តាម​ខ្ញុំ​ដឹង​ព្រៃ​លិច​ទឹក​នៅក្នុង​ឃុំ​ព្រែក​ហ្លួង​នេះ​មាន​ប្រហែល​១​ពាន់​ហិច​តា​។ ដូច្នេះ​ឆេះ​អស់​ច្រើនណាស់​។ ជាទូទៅ​ព្រៃ​ដែល​ឆេះ​ហើយ នឹង​ឆេះ​បន្តទៀត ហើយ​មាន​ការរាន​ធ្វើ​កសិកម្ម​»​។

ស្វា​ខ្មៅ  និង​សត្វ​ផ្សេងទៀត​ងាប់​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​នៅ​បាត់ដំបង

​តំណាង​សហគមន៍​រូបនេះ បញ្ជាក់​ទាំង​បារម្ភ​ថា ប្រសិនបើ​គ្មាន​វិធានការ​ទប់ទល់​នឹង​ការរានដី​ព្រៃ​យក​ធ្វើ​កសិកម្ម​នេះ​ទេ អាចមាន​ជម្លោះ​រវាង​ប្រជាពលរដ្ឋ និង​ប្រជាពលរដ្ឋ​ដែល​ដ​ណ្តើ​ដីព្រៃ​សល់​ពី​ការឆេះ​ព្រៃ​នោះ​យកមក​ធ្វើ​កសិកម្ម​។ លើសពីនេះ ដីព្រៃ​លិច​ទឹក​ដែល​នៅ​សេសសល់ នឹង​បន្ត​ឆេះ​បន្តទៀត ដោយសារ​ការ​លួច​ដុត ដើម្បី​បាន​លេស​រាន​ដី​នោះ យកមក​ធ្វើ​កសិកម្ម​៕

ស្វា​ខ្មៅ  និង​សត្វ​ផ្សេងទៀត​ងាប់​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​លិច​ទឹក​នៅ​បាត់ដំបង