ក្រោយពី​ប្រគល់​វត្ថុ​បុរាណ​ដល់​អាជ្ញាធរ​លោក វ៉ាត វាន់ ទទួលបាន​ការកោតសរសើ​រ​

​សៀមរាប​៖ ដើម្បី​កោតសរសើរ​ពី​ទឹកចិត្ត​ស្រឡាញ់ និង​ថែរក្សា​វត្ថុ​បុរាណ លោក វ៉ាត វាន់ ទទួលបាន​ការកោតសរសើ​រ​ពី​អាជ្ញាធរ​អប្សរា តាមរយៈ​លិខិត​ថ្លែងអំណរគុណ ពី​ស្ថាប័ន​មួយ​នេះ​។ កាលពី​សប្តាហ៍​មុន លោក វ៉ាត វាន់ បាន​ប្រទះឃើញ​រូបចម្លាក់​មួយ​ដុំ និង​បាន​នាំយកមក​ប្រគល់​ឲ្យ​អាជ្ញាធរ​អប្សរា ដើម្បី​ថែរក្សា​។​

​អាជ្ញាធរ​អប្សរា បានប្រគល់​លិខិត​ថ្លែងអំណរគុណ​ដល់​លោក វ៉ាត វាន់ ពលរដ្ឋ​រស់នៅ​ភូមិ តាប៉ាង ឃុំ​ក្តី​រុន ស្រុក​ពួក ខេត្តសៀមរាប​។ កាលពី​ថ្ងៃទី​២២ មេសា​កន្លងទៅ លោក វាន់ បាន​ជីកដី និង​បាន​ប្រទះឃើញ​ចម្លាក់​ទេវរូប​មួយ​ដុំ ធ្វើ​អំពី​ថ្មភក់ មាន​កម្ពស់ ៣៣៨ សង់ទីម៉ែត្រ ទទឹង ១៤​សង់ទីម៉ែត្រ កម្រាស់ ៩​សង់ទីម៉ែត្រ ស្ថិតនៅក្នុង​សម័យកាល​សតវត្ស​ទី​១០ ។ នេះ​បើតាម​ការអះអាង​របស់​ក្រុម​អ្នកជំនាញ​របស់​អាជ្ញាធ​រ​អប្សរា​។

ក្រោយពី​ប្រគល់​វត្ថុ​បុរាណ​ដល់​អាជ្ញាធរ​លោក វ៉ាត វាន់ ទទួលបាន​ការកោតសរសើ​រ​

​ក្នុង​ពិធី​ប្រគល់​លិខិត​ថ្លែងអំណរគុណ​នៅ​សារមន្ទីរ ព្រះ​នរោត្តម សីហនុ​-​អង្គរ នៅ​រសៀល​ថ្ងៃទី​២៩ មេសា​នេះ លោក វ៉ាត វាន់ មាន​ក្តីរំភើប​រីករាយ ដែល​ទទួលបាន​ការកោតសរសើ​រ​ពី​អាជ្ញាធរ​អប្សរា ចំពោះ​ការសម្រេច​ប្រគល់​វត្ថុ​បុរាណ​ដើម្បី​ថែរក្សា​។ ចំណែក​លោក ត័ន ប៊ុន​ស៊ុយ អគ្គនាយករង​អាជ្ញាធរ​អប្សរា បាន​អរគុណ​ពី​ទឹកចិត្ត​របស់លោក វ៉ាត វាន់ ដែល​បាន​មានចិត្ត​ស្រឡាញ់ និង​គោរព​វត្ថុ​បុរាណ និង​ដែល​បានប្រគល់​ឲ្យ​អាជ្ញាធរ​ថែរក្សា​ទុក​។​

ក្រោយពី​ប្រគល់​វត្ថុ​បុរាណ​ដល់​អាជ្ញាធរ​លោក វ៉ាត វាន់ ទទួលបាន​ការកោតសរសើ​រ​

​គួរ​បញ្ជាក់ថា ចម្លាក់​ទេវរូប​ដែល​ប្រជាពលរដ្ឋ​បាន​ពើបប្រទះ​នៅក្នុង​ដី​ជម្រៅ​ជាង ៣​ម៉ែត្រ ខណៈដែល​កំពុង​ជីកដី​នៅក្បែរ​ផ្ទះ​។ ក្រោយពី​ជីក​ឃើញ​នៅ​ថ្ងៃទី​២២ មេសា​មក រូបចម្លាក់​នេះ ត្រូវបាន​ប្រគល់​ឲ្យ​អាជ្ញាធរ​អប្សរា​នៅ​ថ្ងៃទី​២៥ មេសា ឆ្នាំ​២០១៦ ៕