សង្គមស៊ីវិល ថាអង្គភាពប្រឆាំងអំពើពុករលួយប្រើតួនាទី លើសពីអំណាចរបស់ខ្លួន

ក្រុមសង្គមស៊ីវិលចំនូន២៧ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ជុំវិញចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ មកលើមន្ត្រីសមាគមអាដហុក និងមន្ត្រីនៃស្ថាប័នផ្សេងទៀត។ ក្រុមសង្គមស៊ីវិលទាំងនោះ យល់ថាអង្គភាពប្រឆាំងអំពើពុករលួយ កំពុងតែប្រើតួនាទី ដោយលើសពីអំណាចរបស់ខ្លួន។

អង្គការក្រៅរដ្ឋាភិបាល ចាត់ទុកការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយមកលើសកម្មភាពស្របច្បាប់របស់មន្រ្តីអាដហុក និងអ្នកផ្សេងទៀត ថាប្រាសចាកពីដែនសមត្ថកិច្ចរបស់ខ្លួន។ ពួកគេ ព្រួយបារម្ភយ៉ាងខ្លាំងចំពោះវិធានការរបស់អង្គភាពប្រឆាំងអំពើពុករលួយបែបនេះ។

ខ្លឹមសារនៃសេចក្តីថ្លែងការណ៍នោះ បានថ្កោលទោសចំពោះអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានកោះហៅនិងសាកសួរមន្រ្តីសង្គមស៊ីវិល ខណៈដែលពួកបានបំពេញបេសកកម្មរបស់ខ្លួនដោយស្របច្បាប់កន្លងមក។ សង្គមស៊ីវិលទាំងនោះ មើលឃើញយ៉ាងច្បាស់ថា ការចាត់វិធានការមកលើមន្រ្តីនៃអង្គការក្រៅរដ្ឋាភិបាលដូច្នេះ មិនមែនជាបំណែងក្នុងការកម្ចាត់អំពើពុករលួយនោះទេ ប៉ុន្តែវាចេតនាក្នុងបន្ទច់បង្អាក់និងយាយីដល់សកម្មភាពការពារសិទ្ធិមនុស្សរបស់ពួកគេទៅវិញ។

បន្ទាប់ពីបញ្ចប់ការសាកសួរអស់រយៈពេល២ថ្ងៃ អង្គភាពប្រឆាំងអំពើពុករលួយ សម្រេចឃាត់ខ្លួនមន្រ្តីអាដហុកចំនួន៤រូប រួមទាំងលោក នី ចរិយា ដែលជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតផង នៅថ្ងៃទី២៩ ខែមេសានេះ។ មន្ត្រីអាដហុកទាំង៤រូបនោះគឺ លោក នី សុខា, លោក យី សុខសាន្ត, លោក ណៃ វង់ដា និងលោកស្រី លឹម មុនី។ ពួកគេទាំង៥រូប នឹងត្រូវបញ្ជូនទៅតុលាការ ឲ្យចាត់ការតាមផ្លូវច្បាប់ តាមការចោទប្រកាន់ពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ។

សូមបញ្ជាក់ថា ការសាកសួររបស់អង្គភាពប្រឆាំងអំពើពុករលួយ ធ្វើឡើងក្រោយពីកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ លាតត្រដាងលិខិតចំនួន៤ទំព័រ ដែលសរសេរដៃផ្ទាល់។ ក្នុងលិខិតបើចំហនោះ កញ្ញា ខុម ចាន់តារាទី បានចោទមន្ត្រីខាងលើ ថាបានបញ្ចុះបញ្ចូលនាងឲ្យនិយាយកុហកមហាជននិងសមត្ថកិច្ច ជុំវិញទំនាក់ទំនងស្នេហារបស់ខ្លួន ជាមួយឯកឧត្តម កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ៕