លោក ស៊ិ​ក ប៊ុន​ហុក​៖ លោក នី ចរិយា អាច​នឹង​បាត់បង់​ដំណែង បើសិនជា​មានទោស​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅតែ​រក្សា​ដំណែង​ជា​អគ្គលេខាធិការរង សម្រាប់​លោក នី ចរិយា ដដែល ខណៈដែល​លោក កំពុងតែ​ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (​អ​.​ប​.​ព​) ឃាត់ខ្លួន​។ លោក នី ចរិយា រួមទាំង​មន្ត្រី​អាដហុក​៤​រូប​ទៀត នឹងត្រូវ​បញ្ចូល​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ការចោទប្រកាន់រ​បស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

​លោក ស៊ិ​ក ប៊ុន​ហុក ប្រធាន គ​.​ជ​.​ប បាន​អះអាងថា ដំណែង​ជា​អគ្គលេខាធិការរង​រប​ស់លោក នី ចរិយា មិនត្រូវ​ដកហូត​ឬ​ប៉ះពាល់​នោះទេ​។ លោក​បញ្ជាក់ថា ការបញ្ឈប់​ឬ​បន្ត​មុខងារ​របស់លោក នី ចរិយា ត្រូវ​រងចាំ​មើល​សេចក្តីសម្រេច​របស់​តុល​ការ​ជា​មុខ​សិន​។

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ ប្រធាន គ​.​ជ​.​ប រូបនេះ បាន​ពន្យល់ថា ប្រសិនបើ​តុលាការ​សម្រេច​ទោស​លោក នី ចរិយា ពីបទ​មជ្ឈិម​ឬ​បទឧក្រិដ្ឋ​ណាមួយ នោះ​លោក នី ចរិយា នឹងត្រូវ​បាត់បង់​ឋានៈ​ជា​អគ្គលេខាធិការរង​ដោយ​ស្វ័យប្រវត្តិ​។ ប៉ុន្តែ​ប្រសិនបើ​តុលាការ​មិនបាន​ចោទប្រកាន់​លោក នី ចរិយា ពី​ទោស​អ្វី​ទេ នោះ​លោក នឹង​អាច​ចូល​បំពេញការងារ​ក្នុង​គ​.​ជ​.​ប ជាធម្មតា​។

​លោក ស៊ិ​ក ប៊ុន​ហ៊ុ​ក សុំ​បដិសេធ មិន​បកស្រាយ​ពី​ចំណាត់​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មកលើ​លោក នី ចរិយា ដែលជា​មន្ត្រី​របស់ខ្លួន ថា​ខុស​ឬ​ត្រូវ​នោះទេ​។ ប្រធាន គ​.​ជ​.​ប រូបនេះ​ថា ខ្លួន​គ្មាន​សិទ្ធិ​អ្វីដែល​អាច​លូកដៃ​ចូលក្នុង​ដែន​សមត្ថកិច្ច​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឡើយ ដោយ​លោក​ថា បញ្ហា​លោក នី ចរិយា នេះ​ទុក​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច ជា​អ្នកដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​ចុះ ។​

​យ៉ាងណាក៏ដោយ លោក ស៊ិ​ក ប៊ុន​ហ៊ុ​ក មិនបាន​ព្រងើយ​ក​ន្លើ​យ​នឹង​លោក នី ចរិយា នោះទេ​។ លោក បាន​បញ្ចូល​មន្ត្រី​របស់​ខ្លួន ឲ្យ​ទៅ​ឃ្លាំមើល​និង​តាមដាន ស្ថានការណ៍​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ជាប់​ជានិច្ច ជុំវិញ​ការសាកសួរ លោក នី ចរិយា​។​

​បន្ទាប់ពី​សាកសួរ លោក នី ចរិយា និង​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក​៤​រូប​ទៀត អស់​រយៈពេល​២​ថ្ងៃ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ឃាត់ខ្លួន​ពួកគេ​ទាំង​៥ និង​ត្រៀម​បញ្ជូនទៅ​ឲ្យ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​។ មន្ត្រី​អាដហុក​ទាំង​៤​នាក់​នោះ​គឺ លោក នី សុខា​, លោក យី សុខសាន្ត​, លោក ណៃ វ៉ង់​ដា និង​លោកស្រី លឹម មុនី​។

​ការសាកសួរ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ធ្វើឡើង​ក្រោយពី​កញ្ញា ខុម ចាន់​តារា​ទី ហៅ​ស្រីមុំ ទំលាយ​លិខិត​ចំនួន​៤​ទំព័រ ដែល​សរសេរ​ដោយ​ដៃ​ផ្ទាល់​។ ក្នុង​លិខិត​បើកចំហ​នោះ កញ្ញា ខុម ចាន់​តារា​ទី បាន​ចោទ​មន្ត្រី​អាដហុក​ខាងលើ រួមទាំង​លោក នី ចរិយា ផង ថា​បាន​លួងលោម​នាង ឲ្យ​កុហក​សាធារណជន​និង​សមត្ថកិច្ច ជុំវិញ​ទំនាក់ទំនង​ស្នេហា​របស់ខ្លួន ជាមួយ​ឯកឧត្តម កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​៕