អះ​ម៉ាត់ យ៉ះ​យ៉ា​៖ អូស្មាន ហាស្សាន់ ជា​អ្នក​គូរ​ប្លង់​ផ្លូវ​ឲ្យ​សាលាក្រុង​ដើម្បី​ផលប្រយោជន៍​

​ភ្នំពេញ​៖ រឿង​ធ្វើ​ផ្លូវ​កាត់​វិហារ​បឹងកក់ ខាងក្រោយ​សណ្ឋាគារ​ភ្នំពេញ កំពុង​ក្លាយជា​រឿងចម្រូងចម្រាស​។ ថ្នាក់ដឹកនាំ​ខ្មែរឥស្លាម​ម្ខាង​គាំទ្រ​ឲ្យ​ធ្វើ និង​ម្ខាង​ទៀត​ជំទាស់ ដោយ​លើក​ហេតុផល​ថា នឹងធ្វើ​ឲ្យ​ប៉ះពាល់ និង​បង្ក​ភាព​អានាធិបតេយ្យ ដល់​បរិ​វេ​ណា វិហារ​ឥស្លាម ដែល​ជាទី​សក្ការបូជា​របស់​សាសនា​ឥស្លាម​។ ទាក់ទង​នឹង​បញ្ហា​នេះ រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីត​យុវជន និង​យុវនីតិសម្បទា បាន​អះអាងថា លោក អូស្មាន ហាស្សាន់ ដែល​គេ​ស្គាល់​ថា ជា​ឧកញ៉ា​ដ៏​មាន​ឥទ្ធិពល​មួយរូប​នោះ ជា​អ្នក​ផ្តើម​ឲ្យ​មានការ​ធ្វើ​ផ្លូវ​ពុះ​កាត់​វិហារ​បឹងកក់ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក អះ​ម៉ាត់ យ៉ះ​យ៉ា បាន​បញ្ជាក់ថា លោក អូស្មាន ហាស្សាន់ បាន​គូរ​ប្លង់​ផ្លូវ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​អនុម័ត ក្នុង​បំណង​ដើម្បី​ផលប្រយោជន៍​។ តាម​គម្រោង​សាលា​រាជធានី​ភ្នំពេញ​គ្រោង​ដោះដូរ​ដី​វិហារ​បឹងកក់ ទៅនឹង​ផ្លូវ​ក្រោយ​វិហារ​បឹងកក់​របស់​ក្រុមហ៊ុន ហើយ​នៅពេលនោះ​អ្នក​ដែល​បាន​ផលប្រយោជន៍ គឺ អូស្មាន ហាស្សាន់ ដែល​គេច​ង់​ធ្វើ​ផ្ទះ ខុន​ដូ ។​ល​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក អះ​ម៉ាត់ យ៉ះ​យ៉ា​។​

​តាម​ការរៀបចំ​ពី​ប្រវត្តិ​ដី​វិហារ​បឹងកក់ គឺ​ដើមឡើយ​នៅ​ជំនាន់​សង្គមរាស្ត្រនិយម អតីត​ព្រះ​ហា​ក្សត្រ​ខ្មែរ សម្តេច ព្រះ​នរោត្តម សីហនុ បានប្រគល់​ដី​ទៅ​ឲ្យ​សហគមន៍​ខ្មែរឥស្លាម​។ ក្រោយ​របប​ខ្មែរក្រហម ដី​នេះ​គឺ​គ្រប់គ្រង​ដោយ​ឯកជន និង​ជា​បា​កម្សាន្ត ក្នុងអំឡុង​ឆ្នាំ​៩០​ជាង​។ ជា​បន្តបន្ទាប់ ដី​វិហារ​នេះ ត្រូវបាន​ថ្នាក់ដឹកនាំ​ខ្មែរឥស្លាម​ទាមទារ​មក​គ្រប់គ្រង​ឡើងវិញ និង​បច្ចុប្បន្ន​មាន​ប្លង់​ចំនួន​ពីរ ដាច់ដោយឡែក​ពីគ្នា​។ ប្លង់ដី​មួយចំណែក គ្រប់គ្រង​ដោយ លោក អូស្មាន ហាស្សាន់ ប្រធាន​មូលនិធិ​អភិវឌ្ឍន៍​មូ​ស្លិ​ម​កម្ពុជា និង​ប្លង់​មួយទៀត គ្រប់គ្រង​ដោយ​លោក វ៉ាន់ ម៉ាត់ ប្រធាន​សមាគម​ខ្មែរឥស្លាម​កម្ពុជា​។​

​ព័ត៌មាន​លម្អិត​ជុំវិញ​ភាពចម្រូងចម្រាស​រឿង​ពុះ​ដី​វិហារ​ធ្វើ​ផ្លូវ និង​ប្រវត្តិ​ការគ្រប់គ្រង​ដី​វិហារ​បឹងកក់ របស់​សហគមន៍​ខ្មែរឥស្លាម សូម​ស្តាប់​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក អះ​ម៉ាត់ យ៉ះ​យ៉ា ដូចតទៅ