សម្ដេច ហ៊ុន សែន បញ្ជា​ឲ្យ​មន្ត្រី​ខ្លួន ត្រៀម​មេធាវី​សម្រាប់​ប្ដឹង​បុគ្គល​ណា ដែល​បង្ខូច​កិត្តិយស​CPP

​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោក​មិន​មានការ​អត់ឱន​ឲ្យ​អ្នកណា ដែល​មួល​បង្កាច់បង្ខូច​កិត្តិយស​គណបក្ស​ប្រជាជន​ទៀតឡើយ​។ ប្រធាន​បក្ស​កាន់អំណាច​រូបនេះ ក៏បាន​អំពាវនាវ​ឲ្យ សមាជិក​សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា និង​ថ្នាកដឹកនាំ​គ្រប់​ជាន់ថ្នាក់​ទាំងអស់ រៀបចំ​មេធាវី ដើម្បី​ត្រៀម​ប្តឹង​ទៅកាន់​តុលាការ ក្នុងករណី​មានការ​មួលបង្កាច់​រំលោភ​សិទ្ធិ​ដោយ​បុគ្គល​ណាមួយ មកលើ​គណបក្ស​លោក​។​

​សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា លោក​គោរព​សិទ្ឋិ​បញ្ចេញមតិ ប៉ុន្តែ​ប្រឆាំង​ដាច់ខាត​ចំពោះ​អ្នក​មួល​បង្កាច់បង្ខូច​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​ចំពោះ​គណបក្ស​ប្រជាជន ដែល​លោក​ចាំបាច់​ត្រូវ​រក្សា​នូវ​សិទ្ឋិ​របស់ខ្លួន ដើម្បី​ការពារ​កិត្តិយស និង​សេចក្ដីថ្លៃថ្នូរ​ក្នុងនាម​បក្ស​ដឹកនាំ​រាជរដ្ឋាភិបាល​។​

​លោកនាយក​រដ្ឋមន្ត្រី ក៏បាន​អំពាវនាវ​ចំពោះ​អ្នកវិភាគ អ្នក​អត្ថាធិប្បាយ កុំ​ព្យាយាម​ក្លែងបន្លំ ពណ៌​ក្រហម និង​ពណ៌​ផ្កាឈូក ថា​វា​ដូចគ្នា ដោយ​លោក​ព្រមាន​ដូច្នេះ​ថា​៖« អស់លោក​មាន​សិទ្ឋិ សូម​កុំភ្លេចថា យើងខ្ញុំ​ក៏មាន​សិទ្ឋិ​ដូច​អស់លោក​ដែរ​»​។​

​សម្ដេច ហ៊ុន សែន បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ថា​៖« កន្លងមក​យើង​បាន​អត់ឱន​ចំពោះ​ជនខិលខូច​ទាំងនេះ ច្រើនណាស់​រួចមកហើយ ប៉ុន្តែ​ពួកគេ​មិនបាន​គិតដល់​សេចក្តីថ្លៃថ្នូរ​របស់​យើង​ឡើយ​។ ការអត់ឱន​ពិតជា​មាន​ព្រំដែន ដែល​បង្ខំ​អោយ​យើង​ចាប់​ផ្តើមធ្វើ​សកម្មភាព​ផ្លូវច្បាប់​ប្រឆាំង​ជន​ទាំងឡាយណា​ដែល​នៅតែ​បន្ត​ការ​មួល​បង្កាច់បង្ខូច​កិត្តិយស​សេចក្តីថ្លៃថ្នូ​រគ​ណ​បក្ស​ប្រជាជន​កម្ពុជា​យើង​។ ពេលនេះ​យើង​កំពុង​រៀបចំ​ពាក្យ​ប្តឹង​ចំពោះ​បុគ្គល ដែល​បាននិងកំពុង​បំផ្លាញ​កិត្តិយស និង​សេចក្តី​ថ្នូរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​»៕