Super Tuesday III ៖ ហ៊ី​ឡា​រី គ្លី​ន​តុ​ន និង​ដូ​ណា​ល់ ត្រាំ ឆ្ពោះទៅរក​ការតែងតាំង​ពី​បក្ស​

​លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​យកជ័យ​ជម្នះ​នៅ​រដ្ឋ​ចំនួន ៥​ក្នុងការ​បោះឆ្នោត​សាកល្បង​នៅ​ថ្ងៃ​អង្គារ​ពិសេស​ទី ២៧​មេសា ម្សិលមិញ​នេះ​។  ចំណែក​នៅក្នុង​បក្ស​ប្រជាធិបតេយ្យ​លោកស្រី ហ៊ី​ឡា​រី​គ្លី​ន​តុ​ន  (Hillary Clinton) បាន​ផ្តួល​គូប្រជែង​លោកស្រី​នៅតែ​ក្នុង​រដ្ឋ​ចំនួន ៣ ក្នុងចំណោម​រដ្ឋ​ទាំង ៥ ប៉ុណ្ណោះ​។ តែ​ជ័យជម្នះ​នេះ​បង្ហាញថា អ្នក​ទាំងពីរ​កំពុងកាន់​ឆ្ពោះទៅ​ទទួលបាន​ការតែងតាំង​ពី​បក្ស​។​

សូមស្ដាប់ព័ត៌មានលម្អិត៖

​សេដ្ឋី​អចលនទ្រព្យ​និង​ជា​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​លោក ដូ​ណា​ល់ ត្រាំ  នៅតែ​បន្ត​ទទួលបាន​ជ័យជម្នះ​ទៀត ជាពិសេស​ឈ្នះ​នៅក្នុង​រដ្ឋ​ទាំង​ប្រាំ​ដែល​បោះឆ្នោត​សាកល្បង​កាលពី​ម្សិលមិញ​។ ក្នុងចំណោម​រដ្ឋ​ទាំងនោះ​មានដូចជា Connecticut,  Delaware,  Maryland,  Pennsylvania និង​Rhode Island​។

​ក្រោយ​ចេញ​លទ្ធផល​លោក ដូ​ណា​ល់ ត្រាំ ថ្លែងប្រាប់​អ្នកគាំទ្រ​របស់លោក​ថា​៖«​ខ្ញុំ​ចាត់ទុក​ខ្លួនឯង​ជា​អ្នកតំណាង​បក្ស​រួចទៅហើយ តាម​ដែល​ខ្ញុំ​គិត​»​។  លោក​ចាត់ទុក​ខ្លួនឯង​ជា​អ្នកឈ្នះ​រួចទៅហើយ​បើទោះជា​លោក​នៅ​មិនទាន់​រកបាន​តំណាង​គ្រប់ ១២៣៧ តាម​ការកំណត់​ក៏ដោយ​។​

​ជ័យជម្នះ​ថ្ងៃ​អង្គារ​នេះ វា​ជា​ជោគជ័យ​ដ៏​ធំធេង​បំផុត​មួយទៀត​សម្រាប់​បេក្ខជន​បក្ស​សាធារណរដ្ឋ​នេះ ទោះបី​ជាមាន​ចលនា​ប្រឆាំង​លោក​កើតមានឡើង​ច្រើន​ក្នុង​បក្ស​ក៏ដោយចុះ​។ វា​ជា​សារ​មួយ​ប្រាប់​បក្ស​សាធារណរដ្ឋ​ថា គេ​ប្រហែលជា​លែង​បញ្ឈប់ ដូ​ណា​ល់ ត្រាំ បាន​ហើយ​។  ហើយ​បេក្ខជន​ពីរ​នាក់​ទៀត​មាន​ទាំង​លោក ថេត គ្រុស (Ted Cruz) និង​លោក ច​ន កា​សិ​ក (John Kasich) ដែល​បានប្រកាស​ចងសម្ព័ន្ធភាព​ជាមួយគ្នា​ដើម្បី​ប្រឆាំង លោក ដូ​ណា​ល់ ត្រាំ ចុង​សប្តាហ៍​មុន​នោះ ចាប់ផ្តើម​សើច​លេង​សម ព្រោះ​វា​ស្ទើរតែ​ហួសពេល​រារាំង​លោក ដូ​ណា​ល់ ត្រាំ ពី​ការ​ឆ្ពោះទៅ​ទទួលបាន​ការតែងតាំង​ពី​បក្ស​ទៅហើយ​។ នេះ​ក៏ដោយ​សារ អ្នកនយោបាយ​ទាំងពីរ​ខាងលើ​មិនមាន​ឆន្ទៈ​ពិតប្រាកដ​និង​នៅ​គិតពី​ការខាតបង់​ឬ​ចំណេញ​ខ្លាំងពេក ក្រោយ​ប្រកាស​រួមដៃគ្នា​ទប់ទល់ ដូ​ណា​ល់ ត្រាំ ។ ដូច្នេះហើយ​ការព្រមព្រៀង​គ្នា​នោះ​មិន​ត្រូវបាន​អនុវត្ត​ទេ​។ 

​ងាក​ទៅ​មើល​គណបក្ស​ប្រជាធិបតេយ្យ​វិញ លោកស្រី​អតីតរដ្ឋមន្ត្រី​ការបរទេស ហ៊ី​ឡា​រី គ្លី​ន​តុ​ន បានទទួល​ជ័យជម្នះ​ដែរ​តែ​បានតែ ៤​រដ្ឋ ក្នុងនោះ​មាន Connecticut, Maryland, Delaware និង Pennsylvania​។ លោកស្រី ក៏​រំពឹងថា ឈ្នះ​នៅ​រដ្ឋ Rhode Island ដែរ តែ​ចុងក្រោយ​លោក ប៊ែ​នី សេន​ដឺ (Bernie Sanders) ឯណោះ​វិញ​ដណ្តើមបាន​ជោគជ័យ​។ វា​បានន័យថា លោកស្រី​បាន​វ៉ា​ដាច់​ឆ្ងាយ​ពី​គូប្រជែង​លោកស្រី សមាជិក​ព្រឹទ្ធសភា​វ័យ​ចំណាស់ ប៊ែ​នី សេន​ដឺ មែនទែន​ហើយ​។ 
 
​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បានទទួល​គាំទ្រ​ច្រើន​ទាំង​ក្នុង​នៅក្រៅ​ប្រទេស ហើយ​គេ​រំពឹងថា លោកស្រី​នឹង​ក្លាយជា​ប្រធានាធិបតី​ស្ត្រី​ទីមួយ​របស់​អាមេរិក​ផង​។ លោកស្រី​ត្រេកអរ​ពេលដែល លោក ដូ​ណា​ល់ ត្រាំ ឈ្នះ​ហើយ​ឈ្នះ​ទៀត និង​បន្ត​ទទួលបាន​ការតែងតាំង​ពី​បក្ស​នៅ​សមាជ​ខែកក្កដា ព្រោះ​លោកស្រី​ងាយ​ផ្តួល​គូប្រជែង​ដូចជា​លោក ដូ​ណា​ល់ ត្រាំ​នេះ​៕