ចិន ទាត់ចោល​របាយការណ៍​អាមេរិក​លើ​ប្រតិបត្តិការ​សេរីភាព​ធ្វើ​នាវាចរណ៍​

​ក្រសួងការពារជាតិ​អាមេរិក បានចេញ​ផ្សាយ​របាយការណ៍​ឆ្នាំ​២០១៥​ស្តីពី​ប្រតិបត្តិការ​នៃ​ការអនុវត្ត​សិទ្ធិសេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​។ របាយការណ៍​នោះ ក៏បាន​បញ្ជាក់​ពី​បញ្ហា​ប្រឈម​ជាមួយនឹង​ចិន​ផងដែរ​។ យ៉ាងណាក៏ដោយ រដ្ឋាភិបាល​ក្រុង​ប៉េកាំង មិន​ទទួលស្គាល់​របាយការណ៍​នោះឡើយ និង​ថែមទាំង​ឲ្យ​ក្រុង​វ៉ាស៊ីនតោន គោរព​សិទ្ធិ​ប្រទេស​ដទៃទៀត​ផង​។​

​ចិន បាន​ទាត់ចោល​របាយការណ៍​ក្រសួងការពារជាតិ​អាមេរិក​ឆ្នាំ​២០១៥​ស្តីពី​សិទ្ធិសេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ និង​ទទូច​ឲ្យ​អាមេរិក​បង្ហាញ​ពី​ការគោរព​អធិបតេយ្យ និង​សន្តិសុខ​របស់ខ្លួន​ផងដែរ​។ ការអះអាង​នេះ ត្រូវបាន​លើកឡើង​ដោយ​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី ហួរ ជួន​ណី​ង នាឱកាស​សង្ខេប​ព័ត៌មាន​ប្រចាំថ្ងៃ​នៅ​ថ្ងៃទី​២៦ ខែមេសា​ម្សិលមិញ​នេះ​។

​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួងការបរទេស​អាមេរិក​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២៥​ខែមេសា កន្លងទៅ ទាហាន​អាមេរិក បាន​អនុវត្ត​សិទ្ធិសេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​ក្នុង​តំបន់​ដែល​មានការ​បញ្ហា​ចំនួន​១៣ ដែល​រាប់បញ្ចូល​ទាំង​ចិន​ផងដែរ​នោះ​។ របាយការណ៍ បាន​បញ្ជាក់ថា ប្រតិបត្តិការ​សេរីភាព នៃ​ការធ្វើ​នាវាចរណ៍​របស់​អាម​រិ​ក​កាលពី​ឆ្នាំមុន បាន​ប្រឈម​ជាមួយនឹង​ការទាមទារ​យុត្តាធិការ​របស់​ចិន​លើ​ដែនអាកាស​ខាងលើ​តំបន់សេដ្ឋកិច្ចផ្តាច់មុខ និង​ការ​រឹតត្បិត​លើ​ការហោះហើ​របស់​យន្តហោះ​បរទេស​តាមរយៈ​តំបន់​កំណត់​ដែនអាកាស​លើ​តំបន់​សមុទ្រ​ខាងកើត​ផងដែរ​។

​ជុំវិញ​បញ្ហា​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន បាន​អះអាងថា​គោលបំណង​នៃ​របាយការណ៍​នោះ​គឺមាន​សារសំខាន់​ដើម្បី​បង្កើន​តួនាទី​របស់​អាមេរិក​តា​មរយៈ​កងកម្លាំង និង​ការគាបសង្កត់​។ អ្នកនាំពាក្យ​ដដែល ក៏បាន​បន្ថែម​ដែលថា សកម្មភាព​របស់​អាមេរិក​ទាំងនេះ គឺជា​ការប៉ុនប៉ង​គ្រប់គ្រង​សណ្តាប់ធ្នាប់​ដែនសមុទ្រ និង​បង្ហាញ​ពី​អនុ​ត្តភាព​របស់​អាមេរិក​ផងដែរ​។​

​ជាមួយគ្នា​នៅ​ថ្ងៃទី​២៥ ខែមេសា កន្លងទៅ ក្រសួងការពារជាតិ​ចិន ក៏បាន​ប្រតិកម្ម និង​ចោទ​អាមេរិក ថា​កំពុងតែ​ជំរុញ​ឲ្យ​មាន​យោ​ធូប​នីយកម្ម​សមុទ្រ​ចិន​ខាងត្បូង ក្រោមលេស​នៃ​ការអនុវត្ត​សិទ្ធិសេរីភាព​នៃ ការធ្វើ​នាវាចរណ៍ និង​ការហោះហើរ​។ ហើយ ចិន ក៏មាន​ការព្រួយបារម្ភ និង​ប្រឆាំង​ចំពោះ​សកម្មភាព ទាំងនោះ ដែល​កំពុងតែ​គំរាមកំហែង​ដល់​អធិបតេយ្យ និង​សន្តិសុខ នៃ​ប្រទេស​ដែល​នៅ​ជុំវិញ​សមុទ្រ​ចិន​ខាងត្បូង និង​កំពុង​បំផ្លាញ​នូវ​សន្តិសុខ និង​ស្ថិរភាព​ក្នុង​តំបន់​ផងដែរ​។​

​សូមបញ្ជាក់​ផងដែរ​ថា អវត្តមាន​នៃ​ដំណោះស្រាយ​លើ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង បាន​ជំរុញ​ឲ្យ​អាមេរិក បង្កើន​វត្តមាន​របស់​កង​ទ​ព័​ខ្លួន​តាមរយៈ​ការអនុវត្ត​សិទ្ធិសេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​ដើម្បី​ប្រឆាំងនឹង​សកម្មភាព​របស់​ចិន ក្នុងការ​បន្តសកម្មភាព​វាតទី​ក្នុង​តំបន់​ជម្លោះ​៕