កូរ៉េខាងជើង បាញ់​សាកល្បង​មី​ស៊ី​ល​ចម្ងាយ​មធ្យម​មួយ​ជាថ្មី តែ​បាន​បរាជ័យ​

​កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល​ជាថ្មី​នៅ​ថ្ងៃទី​២៨ ខែមេសា​នេះ ដែល​ត្រូវបាន​គេ​ជឿជាក់ថា​ជា​ប្រភេទ​មី​ស៊ី​ល​ប៉ា​លី​ស្ទីក​រយៈ​ចម្ងាយ​មធ្យម Musudan​។ ប៉ុន្តែ​ការបាញ់​នោះ ទំនងជា​មិន​ជោគជ័យ​នោះទេ​។

​មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង បាន​ថ្លែងប្រាប់​ភ្នាក់ងារ​ព័ត៌មាន Xinhua ថា​កូរ៉េខាងជើង បាន​ដំណើរការ​មី​ស៊ី​ល ដែល​ត្រូវបាន​យោធា​វាយតម្លៃ​ជាបឋម​ថា​ជា​ប្រភេទ​មី​ស៊ី​ល Musudan នៅ​ព្រឹក​មិញ​នេះ​ពី​តំបន់ Wonsan ដែល​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​ប្រទេស​កូរ៉េខាងជើង​។

​តាម​ការសន្និដ្ឋាន​រប​ស់​មន្ត្រី​ការពារជាតិ​ដដែល​នោះ ការបាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង ទំនងជា​បាន បរាជ័យ ដ្បិត មី​ស៊ី​ល​ដែល​បាន​បាញ់​នោះ បាន​បែកខ្ញែក ក្រោយពី​ការបាញ់​តែ​ប៉ុន្មាន​វិនាទី​ប៉ុណ្ណោះ​។
​យ៉ាងណាក៏ដោយ នេះ​គ្រាន់តែ​ជាការ​សន្និដ្ឋាន​របស់​ទា​ហាន​កូរ៉េខាងត្បូង​តែប៉ុណ្ណោះ​។ រឿង ជោគជ័យ ឬ​បរាជ័យ​នៃ​ការបាញ់​សាកល្បង នឹងត្រូវ​បានបញ្ជាក់​ជា​ក្រោយ ពោលគឺ ប្រសិនបើ​កូរ៉េខាងជើង បាន​បាញ់​សាកល្បង​ជោគជ័យ​មែន នោះ​សារព័ត៌មាន​ជាតិ​កូរ៉េខាងជើង KCNA នឹង​ចុះផ្សាយ​ពី​សេចក្តី​របស់ លោក​គីម ជុង​អ៊ុន​ជាក់​ជាពុំខាន​។

​សូមបញ្ជាក់​ផងដែរ​ថា គិត​ចាប់ពី​ដើមឆ្នាំ​២០១៦​នេះ​មក កូរ៉េខាងជើង បាន​បាញ់​សាកល្បង​មី​ស៊ី​ល និង អាវុធ​នុយក្លេអ៊ែរ​ជាច្រើនលើក​ច្រើនសារ​មក​ហើយ​។ បើទោះបីជា​សហគមន៍​អន្តរជាតិ ជាពិសេស​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បានអនុម័ត​សម្រេច​ថ្មី​មួយ​ដើម្បី​ដាក់ទណ្ឌកម្ម​លើ​ការបាញ់​សាកល្បង​នោះ​ក៏ដោយ កូរ៉េខាងជើង មិនមាន​ថមថយ​អ្វី​ឡើយ​។ ផ្ទុយទៅវិញ ក្រុង​ព្យុងយ៉ាង បាន​បន្ត​បាញ់​សាកល្បង​ម្តង​ហើយ​ម្តងទៀត ដែល​សកម្មភាព​ទាំងនេះ គឺជា​ការបំពេញ​មហិច្ឆតា​របស់​មេដឹកនាំ​កំពូល​ត្រកូល​គីម​៕