លោក ប្រា​យុទ្ធ គាំទ្រ​ការចាប់ខ្លួន​អ្នក​រិះគន់​តាម​អន​ឡាញ​

​នាយករដ្ឋមន្ត្រី​ថៃ​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ច័ន្ទ​អូ​ចា បានបង្ហាញ​ការគាំទ្រ​របស់លោក​ចំពោះ​ការចាប់ខ្លួន​មនុស្ស​១០​នាក់ ដែល​បាន​បង្ហោះ​សារ​រិះគន់​លើ​បណ្ដាញ​អន​ឡាញ​។ មនុស្ស​ទាំង​១០​នាក់​នោះ ត្រូវបាន​ចាប់ខ្លួន​នៅ​ទីក្រុង​បាងកក និង​នៅឯ​ខេត្ត​ខន​កែន​។

​ប្រមុខ​រដ្ឋាភិបាលយោធា​ថៃ​លោក ប្រា​យុទ្ធ ច័ន្ទ​អូ​ចា បានបញ្ជាក់​ជំហរ​របស់លោក​គាំទ្រ​អាជ្ញាធរ ដែល​ឃាត់ខ្លួន​មនុស្ស​១០​នាក់ បន្ទាប់ពី​ពួកគេ​បង្ហោះ​សារ​រិះគន់​រដ្ឋាភិបាលយោធា និង​លោកនាយក​រដ្ឋមន្ត្រី​។ មនុស្ស​ទាំង​១០​នាក់​នោះ​ត្រូវបាន​ចោទប្រកាន់ថា ល្មើស​នឹង​ច្បាប់​ប្រឆាំង​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​កុំព្យូទ័រ​។​

​ឆ្លើយតប​នឹង​ការចាប់ខ្លួន​នេះ​លោក ប្រា​យុទ្ធ​សួរ​បែប​ចំអក​វិញ​ថា តើ​ពួកគេ​ពិតជា​ធ្វើ​ខុស​មែន​ឬទេ​? ប្រសិនបើ​មែន ពួកគេ​ត្រូវតែ​ចាប់ខ្លួន​។ លោក​បន្ថែមថា ប៉ូលិស និង​ក្រសួង​ព័ត៌មាន និង​ទូរគមនាគមន៍ នឹង​ស៊ើបអង្កេត​រឿងនេះ ហើយ​តុលាការ​នឹង​សម្រេច​ថា ពួកគេ​មាន​កំហុស​ឬ​អត់​។

​ជាមួយគ្នានេះ ទាក់ទិន​នឹង​ការព្រួយបារម្ភ​ថា អន្តរជាតិ​អាចដាក់​សម្ពាធ​មកលើ​ថៃ​ដោយសារ​ការចាប់ខ្លួន​នេះ នាយករដ្ឋមន្ត្រី​ថៃ​រូបនេះ​និយាយថា ពួកគេ​មិនគួរ​ច្របល់​រវាង​សិទ្ធិមនុស្ស និង​ការអនុវត្ត​ច្បាប់​នោះទេ​។ លោក​ថា​៖ «​ប្រសិនបើ​អ្នក​មិន​ធ្វើ​ខុស វា​គ្មានអ្វី​កើតឡើង​ចំពោះ​អ្នក​ទេ​»​។ លោក ប្រា​យុទ្ធ ក៏​ប្រាប់​ឲ្យ​ប្រជាជន​ទាំងអស់​គោរព​តាមច្បាប់​ស្ដីពី​ប្រជាមតិ ដោយ​លោក​សង្កត់ធ្ងន់ថា គណៈកម្មាការ​បោះឆ្នោត​មានអំណាច​ដើម្បី​ធានាថា ច្បាប់​ត្រូវបាន​ការពារ​។

​ទាក់ទិន​នឹង​ការចាប់ខ្លួន អ្នកនាំពាក្យ​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព និង​សណ្ដាបធ្នាប់ (NCPO) លោក Winthai Suwaree និយាយថា ក្នុងចំណោម​អ្នក​ទាំង​១០ មាន​៨​នាក់​ត្រូវបាន​ឃុំខ្លួន​នៅ​ក្រុង​បាងកក ខណៈ​២​នាក់​ទៀត​ឃុំខ្លួន​នៅ​ខន​កែន ប៉ុន្តែ​គេ​មិន​ស្គាល់ឈ្មោះ​ពួកគេ​ទេ​។ លោក​បង្ហើប​ដែរ​ថា ប៉ូលិស​តាមដាន​សកម្មភាព​រប​ស់​ពួកគេ​លើ​អន​ឡាញ ហើយ​ជឿជាក់ថា អាច​នឹង​ដំណើរការ​ផ្លូវច្បាប់​ចំពោះ​មនុស្ស​ទាំង​១០​នាក់​នោះ​។  

​បើតាម​Bangkok Post ការឃាត់ខ្លួន​មនុស្ស​ទាំង​១០​នាក់ គឺ​ធ្វើតាម​ប្រការ​៤៤ នៃ​រដ្ឋធម្មនុញ្ញ​បណ្ដោះអាសន្ន​ថៃ​។ ដោយឡែក ការសួរចម្លើយ​នឹងត្រូវ​ធ្វើ​ដោយ NCPO ផ្នែក​ឧក្រិដ្ឋកម្ម​តាម​បច្ចេកវិទ្យា និង​នាយកដ្ឋាន​ស៊ើបអង្កេត​ពិសេស​។ ពេលនេះ ប៉ូលិស​កំពុងតែ​ពិនិត្យ​មើលថា ពួកគេ​ទាំង​១០​នាក់​ពិតជា​ល្មើ​សនឹង​ច្បាប់​ប្រជាមតិ​ឬ​អត់​។​

​ព្រមជាមួយ​គ្នា​ដែរ នៅ​ថ្ងៃទី​២៧ ខែមេសា របប​យោធា​ថៃ​ក៏បាន​បណ្ដេញ​មនុស្ស​១៦​នាក់​ពី​វិមាន​ជ័យជម្នះ ដ្បិត​ពួកគេ​យក​ទីតាំង​នោះ​ធ្វើជា​កន្លែង​តវ៉ា​ប្រឆាំង នឹង​ការឃាត់ខ្លួន​មនុស្ស​ទាំង​១០​នាក់​ខាងលើ​។ ទន្ទឹមនឹង​ការ​រឹតត្បិត​នេះ វា​កាន់តែ​បង្ហា​ញី​ការធ្លាក់ចុះ​សេរីភាព​បញ្ចេញមតិ​នៅ​ប្រទេស​ថៃ ក្រោម​ការគ្រប់គ្រង​រប​ស់​យោធា បើ​ទោះ​យោធា​ប្រកាស​រៀបចំ​ការបោះឆ្នោត​ឆ្នាំ​២០១៧​ក៏ដោយ​៕