UN ព្រមាន​ពី​កង្វះ​ស្បៀង​នៅ​កូរ៉េខាងជើង ខណៈ​លោក​គីម​ផ្តោត​តែ​លើ​មី​ស៊ី​ល និង​អាវុធ​នុយក្លេអ៊ែរ​

​បាតុភូត​ឡើងក​ម្តៅ​ខ្លាំង បាន​និង​កំពុងតែបន្ត​វាយប្រហារ​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់​អាស៊ី​។ ជាមួយគ្នានេះ អង្គការ​ស្បៀងអាហារ និង​កសិកម្ម​នៃ​អង្គការសហប្រជាជាតិ ក៏បាន​ព្រមាន​ពី​ស្ថានភាព​កូរ៉េខាងជើង​ដែលមាន​ការផ្គត់ផ្គង់​អាហារ​ទាប​ស្រាប់​នោះ នឹង​ប្រឈម​នឹង​ស្ថានភាព​កាន់តែ​អាក្រក់​ខណៈ​អាកាសធាតុ​ក្តៅ​បាន​វាយប្រហារ​ទៅលើ​ផលដំណាំ​ជាច្រើន​នោះ​។

«​ស្ថានភាព​នៃ​សន្តិសុខ​ស្បៀង​របស់​កូរ៉េខាងជើង ត្រូវបាន​រំពឹងថា​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ជាង​ឆ្នាំមុន ខណៈ គ្រួសារ​ភាគច្រើន បានរស់នៅ​ក្នុង​សា្ថ​ន​ភាពក្រីក្រ ឬ​កម្រិត​នៃ​ការទទួលបាន​ការផ្គត់ផ្គង់​អាហារ​តិច​ស្រាប់​ផងដែរ​នោះ​»​។ នេះ បើ​យោងតាម​របាយការណ៍រ​បស់​ភា្ន​ក់​ងារ​អង្គការ​ស្បៀងអាហារ​និង​កសិកម្ម (FAO) ដែល​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២៧ ខែមេសា ម្សិលមិញ​នេះ​។

​តាម​របាយការណ៍​ដដែល​នោះ ផលិតផល​អាហារ​កូរ៉េខាងជើង បាន​ធ្លាក់ចុះ​៩​ភាគរយ​ដែល​ស្មើនឹង ៥.៤​លាន​តោន​នៅក្នុង​ឆ្នាំ​២០១៥ ដែល​ការ​ធា្ល​ក់​ចុះ​នោះ មាន​កត្តា​មួយចំនួន​បណ្តាលមកពី​ភ្លៀង​ធា្ល​ក់​តិចតួច និង​កង្វះ​នៃ​ប្រព័ន្ធ​ធានា​សាស្ត្រ​។ ការ​ធា្ល​ក់​ចុះ​នេះ គឺជា​លើកដំបូង​ហើយ​គិត​ចាប់ពី​ឆ្នាំ​២០១០​មក​។

​សូមបញ្ជាក់​ផងដែរ​ថា មកទល់ពេលនេះ ការឡើង​កម្តៅ​ដែល​បង្ក​ឲ្យ​មាន​ភាពរាំងស្ងួត​ដោយ​បាតុភូត El Nino បាននិងកំពុង​កើតឡើង​ស្ទើរ​គ្រប់​តំបន់​។ បើ​យោងតាម FAO បាតុភូត El Nino អាច​កើតឡើង​ដោយ​អូសបន្លាយ​រយៈពេល​លើសពី​១៨​ខែ​ឯណោះ​។

​យ៉ាងណាក៏ដោយ អ្វីដែល​គួរកត់សម្គាល់​នោះ ខណៈពេលដែល​អង្គការ​សហប្រជាជាតិ​បាន​ព្រមាន​ពី កង្វះ​អាហារ​នេះ រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ហាក់ដូចជា​មិនមាន​ការព្រួយបារម្ភ​នោះទេ​។ ផ្ទុយទៅវិញ អ្វីដែល​គេ​សង្កេតឃើញ​នោះ ប្រមុខ​កំពូល​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន បែរជា​ផ្តោត​តែ​លើ​ការអភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ប៉ុណ្ណោះ​។ ជាក់ស្តែង​នោះ គិត​ចាប់ពី​ដើមឆ្នាំ​២០១៦​នេះ​មក កូរ៉េខាងជើង បាន​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ប៉ា​លី​ស្ទីក មិនតិចជាង​១០​ដងនោះ​ទេ​៕