បារាំង​ចោទប្រកាន់​មេក្លោង​វាយប្រហារ​នៅ​ប៉ារីស ក្រោយ​ធ្វើ​បត្យាប័ន​ពី​បែ​ល​ហ្សិ​ក

​តុលាការ​បារាំង​សម្រេច​ចោទប្រកាន់​មេក្លោង​នៅ​ពីក្រោយ​ការវាយប្រហារ​នៅ​ទីក្រុង​ប៉ារីស ចំពោះ​តួនាទី​របស់គេ ដែល​បានសម្លាប់​មនុស្ស​១៣០​នាក់ និង​ជាច្រើន​នាក់​ទៀត​របួស​។ ការសម្រេច​ចោទប្រកាន់​នេះ ធ្វើឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​រូបគេ​ត្រូវបាន​បញ្ជូន​មកពី​បែ​ល​ហ្សិ​ក ជាទី​ដែល​ត្រូវបាន​ចាប់ខ្លួន​។

សូមស្ដាប់ព័ត៌មានលម្អិត៖

​អាជ្ញាធរ​បែ​ល​ហ្សិ​ក​បានធ្វើ​បត្យាប័ន​ជន Salah Abdeslam ដែលជា​មេក្លោង​នៅ​ពីក្រោយ​ការ​វាយ​ភេរវកម្ម​នៅ​ទីក្រុង​ប៉ារីស ទៅដល់​បារាំង​ហើយ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែមេសា​។ ប៉ុន្មាន​ម៉ោង​ក្រោយ​ការធ្វើ​បត្យាប័ន តុលាការ​បារាំង​សម្រេច​ចោទប្រកាន់​ជននេះ ចំពោះ​តួនាទី​របស់គេ​ក្នុងការ​វាយប្រហារ​លើ​ទីតាំង​ជាច្រើន​ក្នុង​ក្រុងប៉ារីស​។

​គេ​ជឿថា ជន Salah Abdeslam ដែល​ធំ​លូតលាស់​នៅ​បែ​ល​ហ្សិ​ក ជា​ជនសង្ស័យ​ចុងក្រោយ​គេ​ដែលមាន​ជីវិត​ក្នុង​ក្រុម​ភេរវ​ករ​ដែល​វាយប្រហា​រលើ​ហាង​កាហ្វេ និង​កីឡដ្ឋាន​ជាតិ​បារាំង នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥​។ ក្រោយ​ការកើត​ហេតុ ជននេះ​បាន​រត់​ទៅដល់​បែ​ល​ហ្សិ​ក និង​ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​១៨ ខែមីនា បន្ទាប់ពី​ប៉ូលិស​បែលហ្ស៊ិក​ស្វែងរក​ចាប់ខ្លួន​អស់​រយៈពេល​ជាង​បួន​ខែ​មក​។​

​ទាក់ទិន​នឹង​ការចោទប្រកាន់​វិញ លោក Frank Berton មេធាវី​ជន Salah និយាយថា ចៅក្រម​ស៊ើបអង្កេត​បាន​ចោទប្រកាន់​ជននេះ​លើ​បទ​ឃាតកម្ម ការពាក់ព័ន្ធ​នឹង​ក្រុម​ភេរ​វករ ការកាន់កាប់​អាវុធ​និង​គ្រៀង​ផ្ទុះ ក៏ដូចជា​ការ​រឹបអូស​ទ្រព្យសម្បត្តិ​ខុសច្បាប់​ក្នុងពេល​វាយប្រហារ​នៅ​ប៉ារីស​។ លោក​បន្តថា Salah នឹងត្រូវ​សាកសួរ​បន្ត​ទៀត​នៅ​ថ្ងៃទី​២០ ខែឧសភា ហើយ​ពេលនេះ​រូបគេ​កំពុង​ឃុំខ្លួន​នៅ​ពន្ធ​ធនាគារ​មួយកន្លែង​ក្រៅ​ក្រុងប៉ារីស​។ ចំណែក​រដ្ឋមន្ត្រី​យុត្តិធម៌​បារាំង​និយាយថា ជន Salah នឹងត្រូវ​ដាក់​ឃុំ​ក្នុង​កន្លែង​ដាច់ស្រយាល និង​យាមកាម​ដោយ​កងកម្លាំង​ដែលមាន​បទពិសោធ​ការពារ​ជនសង្ស័យ​របៀបនេះ​។

​បើតាម​រដ្ឋអាជ្ញា​បារាំង ជន Salah មាន​ភារៈ​ទទួលបន្ទុក​ខាង​ដឹកជញ្ជូន​ក្នុង​ប្រតិបត្តិ​ការវាយប្រហារ​ភេរវកម្ម​នៅ​ប៉ារីស​។ រូបគេ​ជា​អ្នក​ជួល​ឡាន និង​បន្ទប់​សណ្ឋាគារ​សម្រាប់​ក្រុម​វាយប្រហារ​ដែល​ជាប់ទាក់ទង​ជាមួយ​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​។ ចំណែក​ប្អូនប្រុស​របស់គេ​ម្នាក់ទៀត គឺ​បាន​បំផ្ទុះ​ខ្លួនគេ​នឹង​គ្រាប់បែក​ដែល​ដាក់​ភ្ជាប់​នឹង​ចង្កេះ ហើយ​គេ​ជឿ​ដែរ​ថា ជន Salah ក៏​គ្រោង​នឹងធ្វើ​ដូចគ្នានេះដែរ ប៉ុន្តែ​រូបគេ​ក៏​សម្រេចចិត្ត​មិន​បំផ្ទុះ​វិញ​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​ទូរទស្សន៍ Al Jazeera​។​

​សូម​រម្លឹក​ដែរ​ថា កន្លងមក កងកម្លាំង​បែលហ្ស៊ិក​បាន​បើក​ប្រតិបត្តិការ​ជាច្រើនលើក ដើម្បី​ស្វែងរក​ភេ​វរ​ករ​ដៃ​ឆៅ​រូបនេះ​។ រូបគេ​ក៏ត្រូវ​ចាប់បាន បន្ទាប់ពី​មានការ​វាយប្រហារ​នៅ​ព្រលានយន្តហោះ​ក្រុង​ព្រុ​ច​សែ​ល និង​នៅឯ​ស្ថានីយ៍​រថភ្លើង​ក្រោម​ដី ដែល​បណ្ដាល​ឲ្យ​មនុស្ស ៣៨​នាក់​បាត់​បង់ជីវិត​។ ប៉ូលិស​បាន​រកឃើញ​ទំនាក់ទំនង​រវាង​ជន Salah និង​អ្នក​វាយប្រហារ​នៅ​ព្រុ​ច​សែ​ល ប៉ុន្តែ​មេធាវី​រូបគេ​និយាយថា Salah មិនដឹង​ពី​ការវាយប្រហារ​ទេ​៕