រុស្ស៊ី​ប្រើ​វេទិកា​សន្តិសុខ រក​ការគាំទ្រ​បង្កើត​ប្រព័ន្ធ​សន្តិសុខ​រួម​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​

​សន្និសីទ​ស្តីពី​សន្តិសុខ​អន្តរជាតិ​លើក​ទី​៥​នៅ​ទីក្រុង​ម៉ូស្គូ បានចាប់ផ្តើម​ឡើង​នៅ​ថ្ងៃ ពុធ ទី ២៧ មេសា​ម្សិលមិញ​នេះ​។ មុន​សន្និសីទ​ចាប់ផ្តើម  រុស្ស៊ី​បាន​លើក​ជា​គំនិត​ក្នុង​ការបង្កើត​ប្រព័ន្ធ​សន្តិសុខ​សមូហភាព​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ គំនិត​ផ្តួចផ្តើម​នេះ​ត្រូវបាន​គេ​ចាត់ទុកថា ជា​យន្តការ​សំខាន់​សម្រាប់​ដោះស្រាយ​និង​ធានា​សន្តិសុខ​តំបន់​ទាំងមូល​ផង​។ ហើយ​ម្សិលមិញ​នេះ ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស រុស្ស៊ី​បាន​ឆ្លៀតឱកាស​ស្នើ​ឲ្យ​កូរ៉េខាងជើង​បញ្ចប់​មហិច្ឆតា​ដើម្បី​ក្លាយជា​មហាអំណាច​នុយក្លេអ៊ែរ ព្រោះ​វា​បានក្លាយ​ជា​លេស​មួយ​ដែល​ប្រទេសមួយ​ចំនួន​ប​ប្រើប្រាស់​ក្នុងការ​បង្កើន​សកម្មភាព​យោធា​នៅ​តំបន់​អាស៊ី​ផង​។ ក្រៅពីនេះ ភាគី​រុស្ស៊ី​បាន​ឆ្លៀត​ស្នើ​ឲ្យ មានការ​បង្កើត​សម្ព័ន្ធ​ធំ​មួយ​ប្រឆាំង​ភេរវកម្ម ដែល​ធ្វើ​សកម្មភាព​ក្រោម​ស្លាក​អង្គការសហប្រជាជាតិ និង​ផ្អែកលើ​ច្បាប់​អន្តរជាតិ​ផង​។​

​សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ​៖

​សន្និសីទ​សន្តិសុខ​អន្តរជាតិ​លើក​ទី ៥ ត្រូវបាន​រៀបចំឡើង​នៅក្នុង​ទីក្រុង​ម៉ូស្គូ​ចាប់ពី​ថ្ងៃ ២៧​មេសា ម្សិលមិញ​នេះ ហើយ​វា​និង​ត្រូវ​បិទ​បញ្ចប់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២៨​មេសា​នេះ​។ មន្ត្រី​ក្រុង​ម៉ូស្គូ បាន​អះអាងថា អ្នកចូលរួម​ក្នុង​វេទិកា​សន្តិសុខ​នេះ​មាន​រហូតដល់ ៥០០​នាក់ ហើយ​វេទិកា​នេះ​ក៏​ប្រមូលផ្តុំ​ប្រមុខ​ការពារជាតិ មន្ត្រី​យោធា​ជាន់ខ្ពស់ អ្នកស្រាវជ្រាវ អ្នកជំនាញ មកពី​ទូទាំង​ពិភពលោក​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS  ដែល​ស្រង់​សម្តី​អនុរដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី Anatoly Antonov អ្នកចូលរួម​ជា​ប្រតិភូ​មកពី​ប្រទេស​ចំនួន​ច្រើនជាង ៨០ ហើយ​ក្នុងនោះ​មាន​ឧបនាយករដ្ឋមន្ត្រី ៣​រូប រដ្ឋមន្ត្រី​ការពារជាតិ ២០​រូប​, នាយសេនាធិការ​យោធា ១៥​រូប​, តំណាង​អង្គការ​អន្តរជាតិ​ចំនួន ១០ រូប និង​ប្រតិភូ​យោធា​ជាន់ខ្ពស់​ច្រើន​រូប​ផងដែរ​។  រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​ទាំង ១០ ក៏មាន​វត្តមាន​នៅក្នុង​វេទិកា​សន្តិសុខ​អន្តរជាតិ​ដែល​រៀបចំ​នៅ​រុស្ស៊ី​នេះដែរ ដោយ​ការចូលរួម​នេះ​ធ្វើឡើង​ដោយមាន​ការអញ្ជើញ​ពី​សំណាក់ រដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​លោក Sergei Shoigu ។​

​វេទិកា​សន្តិសុខ​ដែល​រៀបចំ​ឡើ​នៅ​រុស្ស៊ី​នេះ​មាន​សារសំខាន់​ក្នុងការ​ផ្តល់ឱកាស​ដល់​ភាគី​ស្វែងយល់​ពី​ជំហរ​គ្នា​ទៅវិញទៅមក ក៏ដូចជា​ជជែក​ពិភាក្សាគ្នា​ពី​អនាគត​នៃ​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​ប្រទេស​ពាក់ព័ន្ធ​ទូទាំង​ពិភពលោក​ដើម្បី​ដោះស្រាយ​បញ្ហា​សន្តិសុខ​ពិភពលោក​។ បញ្ហា​ភេរវកម្ម បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង ការដោះស្រាយ​ជម្លោះ​ប្រដាប់អាវុធ និង​បញ្ហា​អស្ថិរភាព​នៅ​អាហ្វ្រិក និង​មជ្ឈិមបូព៌ា ជាដើម​នោះ ជា​ប្រធានបទ​នៃ​សន្និសីទ​នេះ​។​

១.​រុស្ស៊ី​ចង់​មាន​ប្រព័ន្ធ​សន្តិសុខ​សមូហភាព​អាស៊ី​ប៉ាស៊ីហ្វិក​
​តាមពិតទៅ មុន​វេទិកា​សន្និសីទ​នេះ​មកដល់ អនុរដ្ឋមន្ត្រី​ការពារជាតិ​រុស្ស៊ី​លោក Anatoly Antonov បានបង្ហាញ​និន្នាការ​គាំទ្រ​ការបង្កើត​ប្រព័ន្ធ​សន្តិសុខ​សមូហភាព​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ មន្ត្រី​ការពារជាតិ​ជាន់ខ្ពស់​រុស្ស៊ី​ខាងលើ​បាន​ពន្យល់ថា ការបង្កើត​ប្រព័ន្ធ​សន្តិសុខ​ដែលមាន​លក្ខណៈ​ជា​សមូហភាព បំបែក​មិនបាន ស្មើភាព​គ្នា​និង ផ្អែកលើ​ច្បាប់​អន្តរជាតិ ជា​រឿង​ចំ​បាច់​បំផុត​សម្រាប់​តំបន់ ហើយ​វា​ក៏​ជា​ផ្នែក​មួយ​យុទ្ធសាស្ត្រ​រុស្ស៊ី​ដែរ​។ លោក​ក៏​អះអាងថា​ផងដែរ​ថា វា​ជា​រឿង​ចាំបាច់​បំផុត​ដែល​អាស៊ី​ត្រូវ​រៀន​ពី​កំហុស​ក្នុងពេលដែល​មានការ​បង្កើត​ប្រព័ន្ធ​សន្តិសុខ​សមូហភាព​នៅ​អឺរ៉ុប​។ ដែល​វា​មានន័យថា រដ្ឋ​នៅ​អាស៊ី​ត្រូវ​ពិនិត្យ​ដោយ​យកចិត្តទុកដាក់ តើ​អ្វីខ្លះ​ត្រូវ​រៀនសូត្រ​តាម​យក អ្វីខ្លះ​ត្រូវ​ចៀសវាង​។  អាច​ថា ការកសាង​វេទិកា​សន្តិសុខ​ប្រមូលផ្តុំ​ដែលមាន​ការចូលរួម​ពី​បណ្តា​ប្រទេស​ជា​មិត្ត​និង​បណ្តា​តួអង្គ​សំខាន់ៗ​ក្នុង​តំបន់​ជា​រឿង​ចាំបាច់​មួយ ខណៈដែល​បរិបទ​សន្តិ​សុខ​អន្តរជាតិ​ប្រែប្រួល និង​មានការ​កើនឡើង​នៃ​បញ្ហា​សន្តិសុខ​នាពេល​បច្ចុប្បន្ន​ផង​។ ហើយ​ទាំង​រុស្ស៊ី និង​មហា​យក្ស​ចិន  បានបង្ហាញ​ជំហរ​ចង់​កសាង​ប្រព័ន្ធ​សន្តិសុខ​បែបនេះ​តាំងពី​យូរ​មកហើយ​។ តែ​អ្វីដែល​បារម្ភ​គឺ ការបង្កើត​ប្រព័ន្ធ​សន្តិសុខ​រួម​នេះ ជា​មធ្យោបាយ​មួយ​របស់​មហាអំណាច​ទាំងពីរ​ក្នុងការ​ប្រឆាំង​ការបង្កើន​ឥទ្ធិពល​យោធា​និង​នយោបាយ​របស់​អាមេរិក នៅក្នុង​តំបន់​ទាំងមូល​ផង​។ 

២. កូរ៉េខាងជើង​គួរ​ប្តូរ​ឥរិយាបថ​កុំ​ឲ្យ​អាមេរិក​មាន​លេស​បង្កើន​សកម្មភាព​យោធា​ក្នុង​តំបន់
​ដោយឡែក​ក្នុង​សន្និសីទ​នេះ រុស្ស៊ី​បានលើកឡើង​ពី​វិបត្តិ​នុយក្លេអ៊ែរ​ឧបទ្វីប​កូរ៉េ​ផងដែរ​។ ហើយ​វា​ជា​លើកដំបូង​ដែល​រុស្ស៊ី​បាន​ចេញមុខ​អំពាវនាវ​ឲ្យ​កូរ៉េខាងជើង​បោះបង់​មហិច្ឆតា​ឈាន​ឆ្ពោះទៅ​កា្ល​យ​ជា​មហាអំណាច​នុយក្លេអ៊ែរ​នោះ​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន Xinhua  រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergei Lavrov ដែលមាន​វត្តមាន​នៅក្នុង​វេទិកា​សន្តិសុខ​នេះ បាន​ថ្លែងថា ក្រុង​ព្យុងយ៉ាង​គួរតែ​ចៀសវាង​ឲ្យ​បាន​នូវ​ការប្រើប្រាស់​សកម្មភាព​ដែល​គ្មាន​ការទទួលខុសត្រូវ និង​បន្ត​សម្រេច​មហិច្ឆតា​ប្រែក្លាយ​ខ្លួន​ទៅជា​មហាអំណាច​នុយក្លេអ៊ែរ​។

​ក្រៅពី​ស្នើសុំ​ចំៗ​ឲ្យ​កូរ៉េខាងជើង​ឈប់​មាន​មហិច្ឆតា​ផលិត​អាវុធ​នុយក្លេអ៊ែរ   ប្រមុខ​ការទូត​រុស្ស៊ី​ជឿ​ជា​ថា ប្រទេសមួយ​ចំនួន​កំពុង​ប្រើប្រាស់​ស្ថានភាព​តានតឹង​នៅ​តំបន់​អាស៊ី​បូព៌ា​ដើម្បី​ជា​លេស​បង្កើន​សកម្មភាព​យោធា​នៅក្នុង​តំបន់​។ តែ​លោក​ព្រមាន​ថា យក​បញ្ហា​នេះ​ជា​លេស​នឹង​មិនបាន​ទទួលផល​ទេ តែ​ផ្ទុយទៅវិញ​វា​នឹង​បង្កើត​គ្រោះថ្នាក់​ទៅវិញ​ទេ​។ យ៉ាងណាមិញ​លោក មិនបាន​បញ្ជាក់​ទេ​ថា ប្រទេស​ទាំងនោះ​មាន​អ្វីខ្លះ តែ​គេ​ដឹងថា រុស្ស៊ី​ចង់​សំដៅលើ​អាមេរិក ព្រោះ​អាមេរិក​កំពុង​ស្វះស្វែង​តំឡើង​ប្រព័ន្ធ​ការពារ​អាកាស​នៅ​ឧបទ្វីប​កូរ៉េ​ជាដើម​។

​ស្របពេល ជាមួយគ្នា លោក Lavrov ក៏​លើកឡើង​ពី​សារសំខាន់​នៃ​ការបង្កើត​ប្រព័ន្ធ​សន្តិសុខ​រួមគ្នា​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ផងដែរ​។ យន្តការ​នៃ​ការបង្កើត​ប្រព័ន្ធ​សន្តិសុខ​រួមគ្នា​នេះ​គួរតែ​ផ្អែកលើ​ការមិន​ចូលបក្ស​សម្ព័ន្ធ ឈរលើ​គោល​ច្បាប់​អន្តរជាតិ ហើយ​ត្រូវ​ចៀស​ឲ្យ​ផុតពី​ការគាំទ្រ​សកម្មភាព​នានា​ដែល​សំដៅ​ដល់​ការផ្តួលរំលំ​រដ្ឋាភិបាល និង​ធ្វើ​ឲ្យ​មាន​អស្ថិរភាព​ក្នុង​តំបន់​ជាដើម​។ ការលើកឡើង​ម្តង​ជា​ពីរដង​របស់​រុស្ស៊ី​ពី​សន្តិសុខ​សមូហភាព​នេះ បង្ហាញ​ច្បាស់​ថា ចង់​ប្រមែរ​ប្រមូល​រក​ការគាំទ្រ​ដើម្បី​ឲ្យ​គំនិត​បង្កើត​ប្រព័ន្ធ​សន្តិសុខ​រួមគ្នា​នេះ​ចេញ​ជា​រូបរាង​ពិតប្រាកដ​។​

៣. លោក ពូ​ទីន ជំរុញ​ឲ្យ​មានការ​បង្កើត​រណសិរ្ស​រួម​ប្រឆាំង​
​ក្រៅពីនេះ រុស្ស៊ី​ក៏​ជំរុញ​ឲ្យ​មានការ​រួបរួម​កម្លាំង​គ្នា​ដើម្បី​ប្រឆាំង​ក្រុម​ភេរវជន​នៅលើ​ពិភពលោក​ផងដែរ​។ បច្ចុប្បន្ន​ពិភពលោក​បារម្ភ​ខ្លាំង​ពី​ចលនា​ភេរវកម្ម ដែល​រីក​រាលដាល​យ៉ាង​រហ័ស​និង​ពិបាក​ទប់ស្កាត់​។

​ក្នុងពេល​ថ្លែង​សុន្ទរកថា ថ្ងៃ​ពុធ​ម្សិលមិញ​ក្នុង​សន្និសីទ​ស្តីពី​សន្តិសុខ​អន្តរជាតិ លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​អំពាវនាវ​ឲ្យ​មានការ​រួមគ្នា​ជា​រណសិរ្ស​ដ៏​ធំ​មួយ​ដើម្បី​ប្រឆាំង​ភេរវកម្ម ហើយ​ការចង​ជា​សម្ព័ន្ធ​អន្តរជាតិ​នេះ​ត្រូវ​ផ្អែកលើ​ច្បាប់​អន្តរជាតិ​និង​ស្ថិតក្រោម​ស្លាក​អង្គការសហប្រជាជាតិ​ផងដែរ​។ ហើយក៏​មានការ​លើកឡើង​ថា ដើម្បី​ដោះស្រាយ​ភេរវកម្ម វា​ចាំបាច់​ត្រូវមាន​ការដោះស្រាយ​បញ្ហា​ជម្លោះ​ប្រដាប់អាវុធ​និង​បញ្ចប់​សង្គ្រាមស៊ីវិល​នៅ​មជ្ឈិមបូព៌ា​ជាពិសេស​សង្គ្រាមស៊ីវិល​នៅ​ស៊ី​រី​តែម្តង​។ ម្យ៉ាងវិញទៀត រុស្ស៊ី​ក៏​ព្រមាន​ពី​ការបន្ត​ប្រើប្រាស់​ការគំរាមកំហែង​របស់​ភេរវកម្ម​ជា​ឧបករណ៍​នយោបាយ​ផង​ក៏មាន​៕