សមាជិក​អឺរ៉ុប​បន្ត​រឹតបន្តឹង​លំហូរ​ជនភៀសខ្លួន​ដោយ​ឯកតោភាគី​

​ខណៈដែល​លំហូរ​ជនភៀសខ្លួន​នៅតែ​បន្ត​កើនឡើង ប្រទេស​ជា​សមាជិក​អឺរ៉ុប​ហាក់ដូចជា​មិន​ឯកភាព​លើ​នយោបាយ​រួម​សម្រាប់​ដោះស្រាយ​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​នេះ​ទេ បើទោះជា​អឺរ៉ុប​មាន​កិច្ចព្រមព្រៀង​ជាមួយ​តួ​ក​គី​ក៏ដោយ​។ ប៉ុន្តែ​ប្រទេស​ខ្លះ​បានសម្រេច​អនុវត្ត​ដោយ​ឯកតោភាគី​នូវ​វិធានការ សម្រាប់​ទប់ស្កាត់​លំហូរ​ជនភៀសខ្លួន​ទាំងនោះ និង​ដើម្បី​ធានា​ពី​សុវត្ថិភាព និង​សន្តិសុខ​របស់ខ្លួន​ទៅវិញ​។​

​លំហូរ​ជនភៀសខ្លួន​នៅតែ​ជា​បញ្ហា ដែល​បន្ត​រួមរឹត​តំបន់​អឺរ៉ុប ស្រប​ពេលដែល​ជនភៀសខ្លួន​មកពី​ស៊ី​រី និង​អ៊ីរ៉ាក់​នៅតែ​បន្ត​ហូរ​ចូល​ដដែល​។ ជាមួយ​សភាពការណ៍​មិន​ស្រួល​បែបនេះ រដ្ឋ​ជា​សមាជិក​អឺរ៉ុប​ខ្លះ សម្រេចចិត្ត​ដោយ​ខ្លួន​ក្នុងការ​ទប់ស្កាត់​ជនភៀសខ្លួន ដ្បិត​ពួកគេ​ព្រួយបារម្ភ​ពី​ផលប៉ះពាល់​ដល់​សន្តិសុខ​ផ្ទៃក្នុង​របស់ខ្លួន​។ ជាក់ស្ដែង​នោះ អូទ្រីស​ទើបតែ​អនុម័ត​ច្បាប់​ស្ដីពី​សិទ្ធិ​សុំ​ជ្រកកោន​ដ៏​តឹងរឹង សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​មួយ​នេះ​។   

​នៅ​ថ្ងៃទី​២៧ ខែមេសា សភា​អូទ្រីស​បានអនុម័ត​ច្បាប់​ចម្រូងចម្រាស់​មួយ ដែល​មើលឃើញថា រឹត​ត្បឹ​ត​សិទ្ធិ​ជនភៀសខ្លួន ហើយ​វា​ក៏​ផ្ដល់​សិទ្ធិ​ដល់​រដ្ឋាភិបាល​ឲ្យ​បោះបង់​ជនភៀសខ្លួន ប្រសិនបើ​ខ្លួន​គ្មាន​សមត្ថភាព​ទទួល​។ ការអនុម័ត​ច្បាប់​នេះ គឺ​ចំ​ពេលដែល​អូទ្រីស​កំពុង​រៀបចំ​រប​ង​តាម​ព្រំដែន និង​ការកើនឡើង​កំហឹង​របស់​ប្រជាជន ដោយសារ​ករណី​រំលោភបំពាន​ពី​សំណាក់​ជនភៀសខ្លួន​នាពេល​កន្លងមក​។ ជាមួយ​ច្បាប់​ថ្មី​នេះ រដ្ឋាភិបាល​អូទ្រីស​មាន​សិទ្ធិ​ប្រកាស​ដាក់​ប្រទេស​ក្នុងស្ថានភាព​មាន​អាសន្ន​ចំពោះ​ករណី​ទេសន្តរប្រវេសន៍ ប្រសិនបើ​រដ្ឋាភិបាល​មិនមាន​សម្ថ​ភាព​ទទួល ផ្ដល់​ជម្រក ដល់​ជនភៀសខ្លួន​ដែល​ចង់​ចូល​ទឹកដី​អូទ្រីស​។​

​យ៉ាងណាក្ដី ប្រទេសមួយ​ចំនួន​បាន​ដើរ​មុន​អូទ្រីស​មួយ​ជំហាន​ក្នុងការ​ទប់ស្កាត់​លំហូរ​ជនភៀសខ្លួន​ដែលជា​វិបត្តិ​ធ្ងន់ធ្ងរ​បំផុត តាំងពី​សង្គ្រាមលោកលើកទី​ពីរ​មក​។ កាលពី​ខែមីនា ប្រទេស​តំបន់​បាល​កង់​ចំនួន​បី​រួមមាន ម៉ា​សេ​ដ្វា​ន ក្រូ​អាត និង​ស្លូ​វេ​នី បានប្រកាស​បិទ​ព្រំដែន​របស់ខ្លួន ខណៈ​នេះ​ជា​ច្រក​ដ៏​សំខាន់​របស់​ក្រុម​ជនភៀសខ្លួន​ដែល​ធ្វើដំណើរ​ទៅ​តំបន់​អឺរ៉ុប​ខាងលិច ដូចជា​អាល្លឺម៉ង់ បារាំង​ជាដើម​។​

​សកម្មភាព​ឯកតោភាគី​ទាំងនេះ ទំនងជា​សញ្ញា​បង្ហាញ​ពី​ការមិន​រួបរួមគ្នា​របស់​ប្រទេស​តំបន់​អឺរ៉ុប ក្នុងការ​ការដោះស្រាយ​វិបត្តិ​ជនភៀសខ្លួន​។ រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប និង​មិនមែន​សមាជិក​តែ​ស្ថិតក្នុង​តំបន់​អឺរ៉ុប​ដូចគ្នា សម្រេចចិត្ត​ចាត់វិធានការ​រៀងៗ​ខ្លួន​លើ​លំហូរ​ជនភៀសខ្លួន ដែល​ទាំងនេះ​គឺ​ផ្ទុយ​ទាំងស្រុង​នឹង​គោលការណ៍​រួម​របស់​អឺរ៉ុប​។

១. អ៊ីតាលី​ថា ច្បាប់​ថ្មី​របស់​អូទ្រីស​គឺ​ខ្ជះខ្ជាយ​លុយ និង​ល្មើសច្បាប់​អឺរ៉ុប​
​នៅ​ថ្ងៃទី​២៨ ខែមេសា រដ្ឋមន្ត្រី​មហាផ្ទៃ​អ៊ីតាលី​លោក Angelino Alfano និយាយប្រាប់​សម​ភាគី​អូទ្រីស​ថា ទីក្រុង​វី​យ៉ែ​ន​កំពុងតែ​ខ្ជះខ្ជាយ​លុយ​លើ​ចំណាត់ការ​ទប់ស្កាត់​លំហូ​រ​ជន​ភៀស ហើយ​ការបិទ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ ជា​កំហុស​ដ៏​ធំ​។ ការលើកឡើង​ដូចនេះ ធ្វើឡើង​នៅពេលដែល​រដ្ឋមន្ត្រី​មហាផ្ទៃ​អូទ្រីស​បញ្ជាក់ថា អូទ្រីស​កំពុង​រៀបចំ​ធ្វើ​របង​តាម​ព្រំដែន​ប្រវែង​៣៧០​ម៉ែត​។

​ចំណែក​នាយករដ្ឋមន្ត្រី​អ៊ីតាលី​លោក Matteo Renzi និយាយ​ដែរ​ថា ការបិទ​ព្រំដែន​ជា​អំពើ​ល្មើស​ជាក់ស្ដែង​ប្រឆាំងនឹង​ច្បាប់​អឺរ៉ុប​។ បើតាម​ទីភ្នាក់ងារ AFP លោក Renzi នឹង​ជំរុញ​គណៈកម្មាការ​អឺរ៉ុប​ឲ្យ​បង្ខំ​អូទ្រីស​លុបចោល​វិធានការ​ទាំងឡាយ ដែល​ផ្ទុយ​ពី​ប្រព័ន្ធ​ព្រំដែន​រួមគ្នា Schengen របស់​អឺរ៉ុប​។      

​តាមពិតទៅ វិធានការ​រឹតបន្តឹង​ព្រំដែន​របស់​អូស​ទ្រី​ស បណ្ដាលមកពី​កំណើន​ជនភៀសខ្លួន​យ៉ាងច្រើន​ហូរ​ចូល​អ៊ីតាលី ហើយ​អូទ្រីស​បារម្ភ​ថា ជនភៀសខ្លួន​ទាំងនោះ​នឹង​បន្ត​ហូរ​ចូល​អូទ្រីស​ទៀត​។ ចំណែក​អ៊ីតាលី​វិញ ទំនងជា​ប្រឈមមុខ​នឹង​បញ្ហា ប្រសិនបើ​លំហូរ​ជនភៀសខ្លួន ចេះតែ​ហូរ​ចូល​អត់​ឈប់​នោះ បន្ទាប់ពី​ផ្លូវ​ឆ្លងកាត់​តាម​តំបន់​បាល់​កង់​ត្រូវបាន​បិទ​។   

២. លោក បាន គី​មូ​ន រិះគន់​គោលនយោបាយ​រឹត​ត្បឹ​តរបស់​អឺរ៉ុប​
​ព្រម​ជាមួយគ្នានេះ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក បាន គី​មូ​ន បាន​រិះគន់​ខ្លាំងៗ លើ​អ្វីដែល​លោក​ហៅថា នយោបាយ​រឹត​ត្បឹ​តរបស់​អឺរ៉ុប ដែល​ប្រឈមមុខ​នឹង​វិបត្តិ​ជនភៀសខ្លួន​។ និយាយ​នៅ​សភា​អូទ្រីស នៅ​ថ្ងៃទី​២៨ ខែមេសា លោក បាន គី​មូ​ន និយាយថា លោក​បារម្ភ​ការកើនឡើង​ការ​ស្អប់ខ្ពើម​នៅ​អូទ្រីស និង​នៅ​កន្លែង​ដទៃទៀត​នៅ​អឺរ៉ុប​។

​លោក​ប្រាប់​សមាជិកសភា​អូទ្រីស​ថា លោក​ព្រួយ​ខ្លាំង​ចំពោះ​ប្រទេស​អឺរ៉ុប​ដែល​អនុម័ត​ច្បាប់​សំដៅ​បន្ត​ការ​រឹតបន្តឹង​គោលនយោបាយ​ជនភៀសខ្លួន និង​អន្តោរ​ប្រវេសន៍​។ លោក​ថា នយោបាយ​បែបនេះ​គឺមាន​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​កា​ត្វ​កិច្ច​របស់​ប្រទេស​ក្រោម​ច្បាប់​មនុស្សធម៌​អន្តរជាតិ និង​ច្បាប់​អឺរ៉ុប​។

​លោក បាន គី​មូ​ន ថ្លែង​បែបនេះ បន្ទាប់ពី​សភា​អូទ្រីស​អនុម័ត​ច្បា​ប់ដ៍​តឹងតែង​មួយ​។ នៅពេល​យន្តការ​ចាប់ផ្ដើម​អនុវត្ត អាជ្ញាធរ​ព្រំដែន នឹង​អនុញ្ញាត​ឲ្យ​ជន​ភៀស​ខ្លូន​ប្រឈមមុខ​នឹង​ការ​គំរាម​សុវត្ថិភាព​ប៉ុណ្ណោះ​ឆ្លងកាត់​ព្រំដែន ឬក៏​អ្នក​ដែលមាន​សាច់ញាតិ​រស់នៅ​អូទ្រីស​រួចស្រេច​។ យ៉ាងណាក្ដី ក្មេង​តូចៗ និង​ស្ត្រី​មាន​ផ្ទៃពោះ នឹងមិន​ត្រូវ​រាប់បញ្ចូល​នោះទេ​៕