ចិន និង​រុស្សី ប្រាប់​អាមេរិក​មិនត្រូវ​តាំង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នៅ​កូរ៉េខាងត្បូង​

​ចិន និង​រុស្សី បានទាមទារ​ឲ្យ​អាមេរិក​មិនត្រូវ​ដាក់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នៅ​កូរ៉េខាងត្បូង​នោះទេ​។ ក្រុង​ប៉េកាំង និង​ក្រុង​មូ​ស្គូ​ទាមទារ​ដូចនេះ នៅក្រោយ​ពេលដែល​អាមេរិក​និយាយថា ខ្លួន​នឹង​ពិភាក្សា​ជាមួយ​កូរ៉េខាងត្បូង​លើ​ការពង្រាយ​មី​ស៊ី​ល ដើម្បី​ការពារ​ពី​ការវាយប្រហារ និង​ការសាកល្បង​អាវុធ​របស់​កូរ៉េខាងជើង​កាលពី​ខែមករា​។​

​និយាយ​ក្នុង​សន្និសីទ​រួមគ្នា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​រុស្សី​នៅ​ថ្ងៃទី​២៩ ខែមេសា រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង យី បាន​ប្រាប់​ឲ្យ​អាមេរិក មិនត្រូវ​ដាក់តាំង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នៅ​ទឹកដី​កូរ៉េខាងត្បូង​។ លោក វ៉ាង យី និយាយ​ដែរ​ថា អាមេរិក​គួរ​គោរព​ការព្រួយបារម្ភ​តាមផ្លូវ​ច្បាប់​ពី​សំណាក់​ចិន និង​រុស្សី លើ​ករណី​មី​ស៊ី​ល​ការពារ​នេះ​។

​អាមេរិក និង​កូរ៉េខាងត្បូង ចាប់ផ្ដើម​ការពិភាក្សា​លើ​លទ្ធភាព​នៃ​ការពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ប្រភេទ THAAD បន្ទាប់ពី​កូរ៉េខាងជើង​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​បួន​កាលពី​ខែមករា ដើមឆ្នាំ​នេះ​។ ការសាកល្បង​នេះ គឺ​ល្មើ​សនឹង​បម្រាម​របស់​សេចក្ដីសម្រេច​ក្រុមប្រឹក្សាសន្តិសុខ​ពី​សំណាក់​កូរ៉េខាងជើង ដែល​គាំទ្រ​ដោយ​ចិន និង​រុស្សី​។ ចំណែក​កូរ៉េខាងត្បូង​វិញ ក៏​បង្ហាញ​ពី​ការព្រួយបារម្ភ​របស់ខ្លួន​ថា ក្រុង​ព្យុងយ៉ាង​អាច​នឹង​ប៉ុនប៉ង​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​ប្រាំ នៅមុន​ការបើក​សមាជ​បក្ស​ពលករ​កូរ៉េ ដែល​ចាប់ផ្ដើម​នៅ​ខែឧសភា​។

​ទាក់ទង​នឹង​ការពង្រាយ​ប្រព័ន្ធ​ការពារ រដ្ឋមន្ត្រីការបរទេស​ចិន​និយាយថា ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នេះ គឺ​ទៅ​ឆ្ងាយ​ពី​តម្រូវការ​របស់​ប្រទេស​ពាក់ព័ន្ធ​។ លោក​សង្កត់ធ្ងន់ថា ប្រសិន​ប្រព័ន្ធ​ការពារ​THAAD ត្រូវបាន​ពង្រាយ​មែន វា​នឹង​ប៉ះពាល់​ដោយផ្ទាល់​ដល់​យុទ្ធសាស្ត្រ​សន្តិសុខ​របស់​ចិន និង​រុស្សី​។ លោក​បន្តថា បញ្ហា​នេះ​ប្រៀបដូចជា​ចាក់​សាំង​លើ​ភ្លើង ដែល​កំពុងតែ​ឆេះ​សន្ធោសន្ធៅ ហើយ​វា​នឹង​បំផ្លាញ​តុល្យភាព​នៅ​ឧបទ្វីប​កូរ៉េ​ទៀតផង​។​

​ឆ្លៀតពេល​នោះដែរ រដ្ឋមន្ត្រីការបរទេស​រុស្សី​លោក Sergei Lavrov រិះគន់​អាមេរិក ដោយ​មិន​ត្រូវយក​សកម្មភាព​កូរ៉េខាងជើង ធ្វើជា​លេស​ដែល​នាំ​ឲ្យ​វិបត្តិ​កាន់តែ​ក្ដៅ​នោះទេ ជាពិសេស​ការពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD​។​

​បើ​យោងតាម​សារព័ត៌មាន​Reuter តាមពិតទៅ ចិន​មិនសូវ​សប្បាយ​ចិត្តនឹង​ការអភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ប៉ុន្មាន​នោះទេ​។ ប៉ុន្តែ​ក្រុង​ប៉េកាំង​បារម្ភ​ថា ការពង្រាយ​ប្រព័ន្ធ​ការពារ និង​រ៉ា​ដា​រប​ស់វា គឺ​លាតសន្ធឹង​ផុត​ដែនដី​កូរ៉េខាងត្បូង ហើយ​មកដល់​ទឹកដី​របស់​ចិន​។

​អ្វីដែល​គេ​មិនត្រូវ​ភ្លេច​នោះ គឺ​កូរ៉េ​ទាំងពីរ​នៅតែ​ស្ថិតក្នុង​លក្ខណៈ​សង្គ្រាម​នៅឡើយ ដ្បិត​សង្គ្រាម​កូរ៉េ​ដែល​ចប់​ក្នុង​ឆ្នាំ​១៩៥៣​នោះ គឺ​ចប់​ត្រឹម​ការចុះហត្ថលេខា​យុទ្ធសន្តិភាព​ប៉ុណ្ណោះ មិនមែន​សន្ធិសញ្ញា​បញច​ប់​សង្គ្រាម​នោះទេ​។ ប៉ុន្តែ​ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ពីង នៅ​ថ្ងៃទី​២៨ ខែមេសា បានបញ្ជាក់​ហើយ​ថា ចិន​នឹងមិន​អនុញ្ញាត​ឲ្យ​ឧបទ្វីប​កូរ៉េ​ធ្លាក់​ក្នុង​ភ្លើងសង្គ្រាម​ទេ​៕