ចិន ថា ប្រតិបត្តិការ​អាមេរិក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង មិនអាច​បញ្ឈប់​សកម្ម​ភាព​អភិវឌ្ឍន៍​ចិន​ឡើយ​

​ខណៈពេលដែល​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង កំពុងតែ​ស្ថិតនៅក្នុង​ភាព​តានតឹង​កាន់តែខ្លាំង អាមេរិក បាន បញ្ជូន​នាវា​ល្បាត​ជា​បន្តបន្ទាប់​នៅក្នុង​តំបន់​ជម្លោះ​នោះ​ក្រោម​ហេតុផល​នៃ​ការអនុវត្ត​សិទ្ធិសេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ ។ តែ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បានចាត់ទុក​ប្រតិបត្តិការ​របស់​ក្រុង​វ៉ាស៊ីនតោន​ជាការ​បង្កហេតុ ហើយ​ប្រតិបត្តិការ​នោះ ក៏​មិនអាច​បញ្ឈប់​សកម្មភាព​អភិវឌ្ឍន៍​របស់​ចិន​បានដែរ​។

«​ប្រតិបត្តិការ​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​ធ្វើ​ដោយ​ទាហាន​អាមេរិក គឺជា​មាន​លក្ខណៈ​គ្រោះ​ថា្នក់​ខ្លាំង​»​។ នេះ គឺជា​លើកឡើង​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន លោក Wu Qian នាឱកាស​នៃ​ការធ្វើ​សន្និសីទ​សារព័ត៌​ប្រចាំខែ​នៅ​ថ្ងៃទី​២៨ ខែមេសា ម្សិលមិញ​។​

​លោក Wu Qian បាន​ថ្លែងថា​ប្រតិបត្តិការ​របស់​អាមេរិក គឺជា​ការ​បង្ករឿង​ផ្នែក​នយោបាយ និង​យោធា​ប្រឆាំង​ចិន និង​អាច​បង្ក​ឲ្យ​មាន​ឧប្បទ្ទវ​ហេតុដែល​មិនអាច​ស្មាន​ទុក​មុន​បាន​។ នេះ​បើ​យោងតាម​ភ្នាក់ងារ​ព័ត៌មាន​ស៊ិន​ហួរ​ដែល​បាន​ដកស្រង់​សម្តី​អ្នកនាំពាក្យ​ដដែល​ដែរ​ថា សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ ត្រូវបាន​ប្រើប្រាស់​ដោយ​អាមេរិក​ដើម្បី​ជា​លេស​មួយ​សម្រាប់​អន្តរាគមន៍​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

​អ្នកនាំពាក្យ​រូបនោះ ក៏បាន​សង្កត់ធ្ងន់ថា សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង មិនមែនជា​ចំណោទបញ្ហា​នោះទេ តែ​ភាគី​អាមេរិក​នោះទេ ដែល​កំពុងតែ​បំផ្លាញ ស្ថិរភាព សន្តិភាព​នៅក្នុង​តំបន់ និង​ផលប្រយោជន៍​សន្តិសុខរ​បស់​រដ្ឋ​ជាប់​ដែនសមុទ្រ​។ ហើយ លោក ថា «​ប្រតិបត្តិការ​យោធា​អាមេរិក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង មិនអាច​បញ្ឈប់​ការបន្ត​ការអភិវឌ្ឍន៍ និង​ការលូតលាស់​របស់​ចិន​បាន​នោះទេ​។​

​សូមបញ្ជាក់​ផងដែរ​ថា បញ្ហា​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​ដែន​អធិបតេយ្យ​ដែលមាន​រដ្ឋ​ទាមទារ​ជា សមាជិក​អាស៊ាន​រួមមាន ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន​។ គិត​ចាប់ពី​ឆ្នាំ​២០១៥​មក អាមេរិក បាន​ប្រតិបត្តិការ​ទាំង​នាវាចម្បាំង និង​យន្តហោះ​ទម្លាក់​គ្រាប់​ជាច្រើនលើក​ច្រើនសារ​មក​ហើយ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​ដែល​ប្រតិបត្តិការ​ទាំងនោះ អាមេរិក​អះអាងថា​ដើម្បី​អនុវត្ត​សិទ្ធិសេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ និង​ការហោះហើរ​។​

​រយៈពេល​ចុងក្រោយ​នេះ ចិន និង​អាមេរិក បាន​ចោទ​ដាក់គ្នា​ថា​កំពុងតែ​ធ្វើ​យោ​ធូប​នីយកម្ម​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ អាមេរិក ថា ចិន កំពុង​ព្យាយាម​បំពាក់​សម្ភារ​យោធា ខណៈ ចិន ចោទ​អាមេរិក ថា កំពុង​យក​លេស​ច្បាប់​អន្តរជាតិ​ដើម្បី​ប្រតិបត្តិការ​នាវា និង​យន្តហោះ​យោធា​នៅក្នុង​តំបន់​ជម្លោះ​៕