យុវជនម្នាក់ លាតត្រដាង ពីវិប្បដិសារី ខុសធ្ងន់បំផុត ក្នុងជីវិត ដោយសារហ្គេមអនឡាញ

ភ្នំពេញ៖ ពាក្យថាវិប្បដិសារី មិនងាយអាចលុបចេញ ពីក្រអៅបេះដូងបានទេ។ប្រសិនបើយើងធ្វើអី្វមួយខុស ឬធ្វើអ្វីមួយដែលបង្កើតជាវិប្បដិសារីទៅថ្ងៃក្រោយ នោះវានឹងក្លាយជាស្រមោលខ្មៅ ដើរអន្ទងតាមយើង គ្មានថ្ងៃអាចលុបលាងចេញបាន។

ពាក្យចាស់ថា "ល្បែងតែងវិនាស" ពិតជាមិនខុសនោះទេ។ ក៏ព្រោះតែការភ្លើតភ្លើន មួយគ្រា ល្បែងអាចបំផ្លាញអនាគតយើង រហូតឈានទៅដល់ បំផ្លាញជីវិតថែមទៀតផង ព្រោះប្រសិនបើយើងជ្រុលខ្លួនជ្រៅហើយ គឺពិបាកនឹងដកខ្លួនចេញពីវា វិញណាស់។

ដោយហេតុខ្លាចយុវវ័យ ជាពិសេសយុវជនដែល ជាទំពាំងស្នងឫស្សីជំនាន់ក្រោយ ភ្លើតភ្លើន លង់ខ្លួនជាមួយនឹងការលេងហ្គេម Online ផ្សេងៗ យុវវជនម្នាក់បានលាតត្រដាង ពីបទពីសោធន៍ ក៏ដូចជាវិប្បដិសារីនានា ដែលកើតឡើងចេញពីការលេងហ្គេមទាំងនោះ ប្រាប់ដល់ប្រិយមិត្តឲ្យបានដឹង ដោយគ្មានលាក់លៀមនោះទេ។

យុវជនម្នាក់ សុំបញ្ចេញត្រឹមឈ្មោះហៅថា ប៊ី មានអាយុ ២៨ឆ្នាំហើយ ដែលបច្ចុប្បន្ន គេជាបុគ្គលិកឆ្នើមមួយរូបកំពុងបម្រើការងារ ឲ្យក្រុមហ៊ុនឯកជនមួយកន្លែង ដែលទទួលបាននូវប្រាក់ខែ កំរិតមធ្យមមួយ។

រំលឹកពីអតីតកាល ប៊ី ហាក់ទឹកភ្នែករលីងរលោង និងអួលដើមករ។ គេបានប្រាប់ឲ្យដឹងថា កាលពីខ្ទង់ ៤ឆ្នាំមុន គេជាមនុស្សម្នាក់ ដែលវក់លេងហ្គេមខ្លាំង រហូតដល់ចំណាយលុយ រាប់ពាន់ដុល្លារដើម្បីវាទៀតផង។ ក្នុងនាមជាកូនទោលមួយរូប ដែលមានតែពីរនាក់ម្តាយនឹងកូន ប៊ី ហាក់មិនបានខិតខំប្រឹងប្រែងរៀនសូត្រ ក៏ដូចជាជួយការងារម្តាយនោះទេ គឺភាគច្រើន គេចំណាយពេល ដល់ទៅជិត ១៦ម៉ោងក្នុងមួយថ្ងៃ ក្នុងការលេងហ្គេមអនឡាញ និងបានលួចដកលុយម្តាយជាញឹកញាប់ ដើម្បីយកទៅបំប៉នតួអង្គហ្គេម។ ទង្វើររបស់ខ្លួននេះ បានធ្វើឲ្យគេមានការស្តាយក្រោយ និងនឹកអាណិតម្តាយរបស់គេជាខ្លាំង បន្ទាប់ពីបានដឹងច្បាស់ថា អ្វីដែលគេធ្វើកន្លងមកទាំងនោះ គឺអត់ប្រយោជន៍ និងបំផ្លាញដល់ខ្លួនគេ ក៏ដូចជាក្រុមគ្រួសារជាខ្លាំង។

ទឹកភ្នែក និងសម្តីរបស់អ្នកម្តាយ ប៉ុន្មានម៉ាត់ បានធ្វើឲ្យប៊ីភ្ញាក់ខ្លួន ដូចខ្មោចប្រាំពីរថ្ងៃ និងស្បថឈប់កាន់ Mouse បញ្ជាហ្គេមមកទល់នឹងសព្វថ្ងៃនេះ។ ដោយតឹងទ្រូង និងអស់សង្ឃឹមខ្លាំងពេកម្តាយប៊ី បាននិយាយទៅកាន់រូបគេថា៖ "កូនចង់យកប៉ុន្មានក៏បាន(លុយ) តែត្រូវចេះ គិតអាណិតដល់ម៉ែផង"។

ពិតមែនហើយ ម្តាយប៊ីគឺអ្នកអាជីវករលក់ដូរម្នាក់ ដែលប៊ីពុំមានឪពុកជួយសម្រាលបន្ទុក ទំនុកបម្រុងដល់គ្រួសារនោះទេ។ ជារឿយៗ ប៊ីចំណាយលុយ ចន្លោះពី២០-៣០ដុល្លារប្រចាំថ្ងៃ ដើម្បីដាក់ពង់ហ្គេម គោលបំណងចង់ឲ្យតួអង្គរបស់ខ្លួនខ្លាំងជាងគេ និងល្បីជាងគេ។ អាចនិយាយបានថា ដោយសារការផ្សព្វផ្សាយ ញុះញង់បន្ថែម ពីសំណាក់ក្រុមហ៊ុនហ្គេមអនឡាញ ប៊ីតែងតែលួចដកយកលុយ ពីកន្លែងដែលម្តាយរបស់គេទុកដាក់ ក៏ដូចជាធ្វើពុតជាជួយលក់គាត់ ដើម្បីយកលុយទៅបុក ក្នុង Event មួយៗ របស់ហ្គេមនោះ។

ប៊ីបានឲ្យដឹងទៀតថា នៅក្នុងកំឡុងពេលដែលគេកំពុង វក់នឹងហ្គេមអនឡាញនោះ គេហាក់ដូចជាងងឹតងងុល គ្មានគិតឃើញអ្វីទាំងអស់។ ជាក់ស្តែង គេធ្លាប់មានបង្កជម្លោះ ជាមួយអ្នកលេងហ្គេមដូចគ្នា រហូតដល់មានការវ៉ៃតប់ ជាច្រើនលើក។ ចំពោះការគេចសាលាវិញ ក៏ក្លាយជារឿងធម្មតារបស់គេទៅហើយ។ ជារៀងរាល់ថ្ងៃក្នុងអារម្មណ៍របស់ប៊ី គ្មានគិតអ្វីក្រៅពីបំប៉នតួអង្គហ្គេម របស់ខ្លួនឲ្យខ្លាំងជាងមុននោះទេ។

ក្រោយមកលទ្ធផលដែលប៊ីទទួលបានគឺ ទទេរស្អាតទាំងអស់ តួអង្គហ្គេមដែលខ្លួន ខំបុកលុយ អស់រាប់ពាន់ដុល្លារ ក្លាយជាស្រមោលអតីតកាលគ្មានតំលៃមួយ ចំណែកខ្លួនគេផ្ទាល់ ទទួលបានលទ្ធផល នូវការសិក្សារមិនសមប្រកប ក៏ដូចជាពេលវេលា និងការខិតខំប្រឹងប្រែង មិនបានដេកពួនរបស់គេ ក្នុងមួយថ្ងៃៗ ក្លាយជាគ្មានន័យ បានត្រឹមតែធ្វើឲ្យម្តាយកំសត់គ្រាំទ្រូង ស្រក់ទឹកភ្នែកតែប៉ុណ្ណឹង។ មិនតែប៉ុណ្ណោះគេត្រូវបាត់បង់ឱកាស ក្នុងជីវិតជាច្រើនដោយសារហ្គេមមួយនោះ ព្រោះការងារល្អជាច្រើនត្រូវបានកន្លងផុតពីដៃរបស់គេ ក៏ដូចជាការសិក្សានានារបស់គេ ធ្លាក់ដល់បាតតារាង ទម្រាំស្រង់ដើមឡើងវិញ ទាំងត្រដាបត្រដួស។

ប៊ីបានឲ្យដឹងថែមទៀតថា មកទល់បច្ចុប្បន្ននេះ គេស្អប់ហ្គេមអនឡាញខ្លាំងណាស់ មិនតែប៉ុណ្ណោះ ទង្វើររបស់គេកន្លងមកទាំងនោះ បានក្លាយជាវិប្បដិសារីជាខ្លាំង ដល់ថ្នាក់មិនអាចលុបបាត់ បានពីការចងចាំរបស់គេនោះទេ។ រហូតដល់ជារឿយៗគេតែងតែ យល់សប្តិអាក្រក់ទាក់ទង នឹងទង្វើរទាំងនោះ ថែមទៀតផង។

ជាចុងក្រោយ ប៊ីក៏បានផ្តែផ្តាំឲ្យកុមារ ក៏ដូចជាយុវវ័យទាំងអស់ ឲ្យគិតគូរការរៀនសូត្រ និងក្រុមគ្រួសារជាសំខាន់ ដោយជៀសសឲ្យឆ្ងាយពីល្បែងនានា ដោយទុកវាគ្រាន់ជាការកម្សាន្តយូរម្តងៗ នៅពេលទំនេរពីកិច្ចការសំខាន់ៗ បានហើយ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

យុវជនម្នាក់ លាតត្រដាង ពីវិប្បដិសារី ខុសធ្ងន់បំផុត ក្នុងជីវិត ដោយសារហ្គេមអនឡាញ
លោក​ ប៊ី

យុវជនម្នាក់ លាតត្រដាង ពីវិប្បដិសារី ខុសធ្ងន់បំផុត ក្នុងជីវិត ដោយសារហ្គេមអនឡាញ

យុវជនម្នាក់ លាតត្រដាង ពីវិប្បដិសារី ខុសធ្ងន់បំផុត ក្នុងជីវិត ដោយសារហ្គេមអនឡាញ

យុវជនម្នាក់ លាតត្រដាង ពីវិប្បដិសារី ខុសធ្ងន់បំផុត ក្នុងជីវិត ដោយសារហ្គេមអនឡាញ
លោក ប៊ី បង្ហាញឧទាហរណ៍ពីហ្គេមអនឡាញមួយប្រភេទ