ប្រវត្តិ​ជីវិត​របស់​អ្នកនិពន្ធ ហ៊ែ​ល ស៊ុំ​ផា

ខេត្តពោធិ៍សាត់៖ លោក​ហ៊ែ​ល ស៊ុំ​ផា កើត​នៅ​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​១៩២២ នៅ​ឃុំ​ផ្សារ​ក្រោម ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។ មាតា​នាម​សេង លិញ បិតា​នាម​ម៉ៅ ហ៊ែ​ល ជា​មន្ត្រីរាជការ​ជំនាន់​អាណានិគម​មាន​តួនាទី​ជា​លេខាធិការ «​រ៉េ​ស៊ី​ដង់​» បារាំង ។ អាយុ​បាន​៧​ឆ្នាំ​ចូល​រៀន​នៅ​កំពង់ស្ពឺ រួច​នៅ​កំពង់ចាម ។ ដល់​អាយុ​១២​ឆ្នាំ បិតា​ទទួលអនិច្ចកម្ម​ទៅ​រៀន​នៅ​ភ្នំពេញ​។ នៅ​ឆ្នាំ១៩៤០ បាន​ចូល​រៀន​សាលា​ច្បាប់ ចេញ​ទៅ​ធ្វើ​ជា​មន្ត្រី​ក្នុង​តុលាការ ។ នៅ​ឆ្នាំ​១៩៤៣ បាន​ធ្វើ​ជា​ក្រឡាបញ្ជី​នៅ​សាលាដំបូង​កំពង់ធំ ហើយ​ក្នុង​ឆ្នាំ​១៩៤៥​បាន​ឡើង​ធ្វើ​ជា​សុភាចារបុរស​ នៅ​សាលាដំបូង​សៀមរាប​ ក៏​បាន​រៀប​អាពាហ៍ពិពាហ៍​នៅ​ក្នុង​ខេត្ត​នេះ ។

យោង​តាម​សៀវភៅ «​អក្សរសិល្ប៍​ខ្មែរ សតវត្ស​ទី​២០» ឱ្យ​ដឹង​ថា នៅ​ឆ្នាំ​១៩៤៧ លោក​ហ៊ែ​ល ស៊ុំ​ផា បាន​ឡើងជា​ចៅក្រម​នៅ​សាលាឧទ្ធរណ៍​រួច​ផ្លាស់​ប្តូរ​ទៅ​ខេត្តកំពង់ចាម រួច​មក​ក្រុងភ្នំពេញ ហើយ​បាន​ទៅ​បំពេញ​ការ​សិក្សា​នៅ​ប្រទេស​បារាំង​មួយ​ឆ្នាំ ។ នៅ​ឆ្នាំ​១៩៦២ លោក​បាន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​មណ្ឌល​ជីក្រែង​ក្នុង​ខេត្តសៀមរាប ។ ពី​ឆ្នាំ​១៩៥៧ ដល់​១៩៦៤ លោក​បាន​ជាប់​ឆ្នោត​ជា​ប្រធាន​សមាគម​អ្នកនិពន្ធ​ខ្មែរ ។

ទន្ទឹម​នឹង​តួនាទី​ជា​ចៅក្រម​លោក​ហ៊ែ​ល ស៊ុំ​ផា បាន​ធ្វើ​ជា​សាស្ត្រាចារ្យ​ជំនួយ​នៅ​មហាវិទ្យាល័យ​ច្បាប់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ។

លោក​ហ៊ែ​ល ស៊ុំ​ផា បាន​ទទួលអនិច្ចកម្ម​នៅ​ថ្ងៃ​ទី​៤ កញ្ញា ១៩៧១ ។ លោក​ហែល ស៊ុំ​ផា បាន​ទុក​ស្នាដៃ​ដូច​តទៅ​នេះ ៖

ប្រលោមលោក

-​រឿង​«​ចោរ​បិទមុខ​», ភ្នំពេញ​, ១៩៤១

-​រឿង «​ចោរលួច​ប្រាក់​», ភ្នំពេញ​, ១៩៥៣

-​រឿង «​ចោរ​ភ្នំ​ត្បែង​», ភ្នំពេញ​, ១៩៥៥

-​រឿង «​ចិត្ត​ឪពុក​», ភ្នំពេញ​, ១៩៥៩

សិក្សា​កថា

-​ពន្យល់​ច្បាប់​សម្រាប់​ប្រជារាស្ត្រ​, ភ្នំពេញ​, ១៩៦០

-​វចនានុក្រម​ច្បាប់​, ភ្នំពេញ​, ១៩៦៨ ។

ដោយ​លោក​ហ៊ែ​ល ស៊ុំ​ផា ជា​នីតិ​វិទូ និង​ជា​ចៅក្រម​ដែល​ធ្លាប់​ស៊ើបអង្កេត និង​កាត់ទោស​ជន​ប្រព្រឹត្ត​បទល្មើស​, ចោរកម្ម និង​ឧក្រិដ្ឋកម្ម​នានា លោក​បាន​តែង​និពន្ធ ប្រលោមលោក​បែប​ប្រភេទ​នេះ​ជា​ច្រើន ៕

ផ្តល់សិទ្ធដោយ 

កំណត់ហេតុខ្មែរឡូត

កាលពីពេលកន្លងទៅ ខ្មែរឡូតធ្លាប់ធ្វើការចុះផ្សាយអត្ថបទ 

ស្ទឹងសង្កែ និងម្លប់ដូងទីដប់ រក្សាទុកនូវប្រវត្តិស្នេហា ប្រេះឆាខ្ទេចខ្ទាំមួយ រាប់សិបឆ្នាំមកហើយ ។ នៅពេលថ្ងៃរៀបលិច គ្របដណ្តប់ទីឋាននោះ បង្កើតនូវមនោសញ្ចេតនា លន្លង់លន្លោច ខ្លោចផ្សា ជាពិសេសសម្រាប់អ្នក មានបេះដូងប្រេះស្រាំ ដូចរឿងនិទានក្នុងបទ «ម្លប់ដូងទីដប់» ។

អធិរាជសំឡេងមាសស៊ីន ស៊ីសាមុត ជាអ្នកច្រៀងថ្ងួចថ្ងូរ វិយោគខ្លោចផ្សារឿងស្នេហានេះ ប៉ុន្តែលោកគ្រាន់តែជា តួអង្គសម្តែងជំនួស តួអង្គពិត គឺកវីគង្គ ប៊ុនឈឿន ប៉ុណ្ណោះ ។

ទីតាំងម្លប់ដូងទីដប់ នៅមាត់ស្ទឹងសង្កែ មិនទាន់រលត់រលាយនៅឡើយ តែជីវិតស្នេហាកវី គង្គ ប៊ុនឈឿន រលត់រលាយសូន្យបង់ យូរមកហើយ ឥឡូវទីឋាននោះ ក្លាយជាផ្នូរស្នេហារបស់លោកទៅវិញ ។

ក្នុង ចំណោមដើមដូងទាំងជួរ នៅត្រើយខាងលិចស្ទឹងសង្កែ មានដើមដូងមួយស្ថិតនៅ ចំពីមុខកំពង់វត្តពោធិ៍វាល គឺដើមដូងនោះហើយ ជាដើមដូងទីដប់ បង្កប់នូវប្រវត្តិស្នេហ៍ របស់លោក គង្គ ប៊ុនឈឿន និងជាដើមដូងដើមកំណើត នៃបទចម្រៀងមនោសញ្ចេត នាលន្លង់លន្លោច «ម្លប់ដូងទីដប់» ។ នៅក្រោមដើមដូងនោះ មានបង់ថ្មមួយដែលកវីគង្គ ប៊ុនឈឿន ធ្លាប់ទៅអង្គុយបណ្តែតអារម្មណ៍ នាពេលទឹកជន់ និងទឹកស្រក ជាពិសេសអង្គុយរង់ចាំ គូសង្សាររបស់លោក ប៉ុន្តែនាងពុំបានមកជួបលោក តាមការសន្យាទេ ។

«ពេលមួយខ្ញុំបាន ណាត់ជួបនាងនៅមាត់ស្ទឹងសង្កែ ក្រោមម្លប់ដូងទីដប់ តែនាងមិនមកទេ ទោះជាខ្ញុំបានណាត់សន្យា កាលពីថ្ងៃក៏ដោយ ។ ទឹកជន់ហូរកាចស្ទឹងបោះពួយ នាំពពុះសំណាត់រសាត់ទៅកាន់បឹងទន្លេ សាបដោយគ្មានវិលត្រឡប់ ពាំនាំទាំងស្នេហា អស់សង្ឃឹមរបស់ខ្ញុំទៅជា មួយផង ធ្វើឱ្យបេះដូងខ្ញុំមានរបួស» ។ លោកគង្គ ប៊ុនឈឿន បានថ្លែងបែបនេះ ក្នុងសៀវភៅកំណាព្យស្នេហ៍ មាសរបស់លោក ។

ពន្លក ស្នេហារបស់លោកគង្គ ប៊ុនឈឿន កើតឡើងចំពេលដំណើរជីវិត របស់លោកធ្លាក់ចុះដុនដាបខ្លាំង ។ ពេលនោះម្តាយរបស់លោក ឈឺស្លាប់នៅក្រោមផ្ទះគេ ឯរូបលោកត្រូវបង្ខំចិត្ត បោះបង់ចោលការសិក្សា ។ លើសពីនេះទៀត កូនស្រីអ្នកជិតខាងម្នាក់ ដែលជាគូសង្សាររបស់លោក ហើយនាងធ្លាប់សច្ចាស្បថស្បែថា ស្មោះស្ម័គ្រចំពោះរូបលោកនោះ បែរជាបោះបង់ចោលរូបលោក ទាំងគ្មានអាល័យទៅវិញ ។

លោកគង្គ ប៊ុនឈឿន បញ្ជាក់ថា បទចម្រៀងម្លប់ដូងទីដប់ ចាប់កំណើតឡើង នៅក្នុងកំណត់ហេតុនិពន្ធរបស់ លោកតាំងតែពីឆ្នាំ១៩៦៩ ម៉្លេះ ប៉ុន្តែលោកមិនទាន់បានបញ្ចេញឱ្យ អ្នកចម្រៀងណាម្នាក់ច្រៀងទេ ។ លុះដល់ឆ្នាំ១៩៧២ ទើបលោករៀបចំបទចម្រៀងនេះ ឡើងវិញដើម្បីថតចូលថាសផ្សព្វផ្សាយ ។ បទនេះស្ថិតក្នុងកម្រងបទចម្រៀង «កំលោះហុងដា កញ្ញាប៉េសេ» ហើយមានប្រជាប្រិយភាពរហូតដល់បច្ចុប្បន្ន ។ ទំនុកច្រៀងខ្លោចផ្សាលាយឡំ ដោយសំឡេងថ្ងួចថ្ងូររបស់លោកស៊ីន ស៊ីសាមុត ធ្វើឱ្យបទ «ម្លប់ដូងទីដប់» កាន់តែលន្លង់លន្លោចខ្លោចផ្សាខ្លាំងឡើង។

«មើលស្ទឹងសង្កែ មើលខ្សែទឹកហូរ រគាំងវត្តពោធិ៍លាយ នឹងជំនោរថ្ងួចថ្ងូរផ្តាំ ពេលសាយណ្ហ រៃយំទ្រហឹងលាស្ទឹងកវីនិពន្ធ សូរិយាទោរទន់ពួនក្រោយផ្ទះស្រី ។ ដើមដូងទីដប់ម្លប់គ្របមាត់ស្ទឹង បងឈររំពឹង ឈរចាំព្រលឹង ស្ងាត់ឈឹងលុះលង់រាត្រី អូនភ្លេចសន្យាដែលបានវាចាពីថ្ងៃ ថាម៉ោងប្រាំបីស្រីមកជួបបង ។ ឥឡូវស្ងាត់សូន្យដូចក្បូនរសាត់ ទឹកកួចសំណាត់ហូរលឿនកន្លង បុណ្យផ្កាវត្តពោធិ៍ នៅមិនទាន់ឆ្លង មិនគួរនួនល្អងបែរខ្នងសូន្យសោះ ។ ភ្លេងការ គ្រឹមៗពីទួលតាឯក ក្លាយជាក្លងខែក នារីពស់វែកបិទភ្នែករៀបការនឹងប្រុស បងឈរមាត់ស្ទឹងប្រឹងយំរងំក្នុងពោះ លាស្រីស្រោមងោះឈ្មោះក្នុងជាខ្លា» ។ ទំនុកច្រៀងនេះមិនត្រឹមតែកវីម្ចាស់រឿងពិតទេ ដែលឈឺចាប់ខ្លោចផ្សា សូម្បីតែលោកស៊ីន ស៊ីសាមុត ក៏ស្រណោះស្រណោកខ្លោចផ្សាដែរ ។

តាមលោកគង្គ ប៊ុនឈឿន ថ្លែងថា «លោកស៊ីន ស៊ីសាមុត ពេលច្រៀងបទនេះ ច្រៀងផង ខ្សឹកខ្សួលផង ហាក់ដូចជាជួយរួមចំណែក កាន់ទុក្ខមរណភាពស្នេហា របស់ខ្ញុំដែលមាន កំណើតនៅមាត់ស្ទឹងសង្កែ ហើយត្រូវរលាយទៅវិញនៅស្ទឹងនោះដែរ» ។

លោក គង្គ ប៊ុនឈឿន កើតនៅឆ្នាំ១៩៣៩ នៅភូមិចំការសំរោង ឃុំចំការសំរោង ស្រុកបាត់ដំបង ខេត្តបាត់ដំបង ។ ឪពុករបស់លោកឈ្មោះគង្គ ឈិន មានប្រភពកំណើតនៅឃុំព្រៃល្វា ខេត្តតាកែវ ម្តាយឈ្មោះម៉ ភឹង ជាអ្នកឃុំព្រែកហ្លួង ស្រុកសង្កែ ខេត្តបាត់ដំបង ។

បទ ចម្រៀង «ម្លប់ដូងទីដប់» រាប់សិបឆ្នាំមកហើយ នៅតែថ្ងួចថ្ងូរបង្ហាញរឿងស្នេហា ប្រេះឆារបស់កវី នៃបទនេះ ហើយនឹងនៅតែបន្តទៅទៀត មិនដឹងពេលណានឹងបញ្ចប់ទេ ។ ដោយមិនគិតថា ជារឿងពិតរបស់នរណាម្នាក់ បទនេះអាចត្រូវនឹងរឿងពិត របស់យុវជន ជំនាន់ក្រោយ ហើយជាចំណីអារម្មណ៍ ស្រូបទាញការចាប់អារម្មណ៍ របស់អ្នកស្តាប់យ៉ាង ខ្លាំង ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ប្រវត្តិ​ជីវិត​របស់​អ្នកនិពន្ធ ហ៊ែ​ល ស៊ុំ​ផា
អ្នកនិពន្ធ ហ៊ែ​ល ស៊ុំ​ផា

ប្រវត្តិ​ជីវិត​របស់​អ្នកនិពន្ធ ហ៊ែ​ល ស៊ុំ​ផា
លោក គង្គ ប៊ុនឈឿន