ចិនឈ្នះពានរង្វាន់ពិភពលោក ក្នុងការឌីហ្សាញ អគារមានរូបរាងចម្លែកៗ

ចិន៖ ពានរង្វាន់ពិភពលោក ក្នុងការរចនាម៉ូតនៃទ្រង់ទ្រាយអគារ ដែលមានរូបរាងចម្លែកៗ ដាច់គេលើពិភពលោក ត្រូវបានធ្លាក់មកលើប្រទេសចិន។

នេះបើតាមប្រភពសារព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែមេសាមុននេះ អគារខ្ពស់ ដែលជាទីស្នាក់ការកណ្តាលនៃមជ្ឈមណ្ឌលសារព័ត៌មាន People’s Daily ក្នុងទីក្រុងប៉េកាំង បានឈ្នះពានរង្វាន់មាសឆ្នើម The A’Design Award ដែលនេះជាពានរង្វាន់ ក្នុងការប្រកួតប្រជែងឌីហ្សាញមួយ យ៉ាងធំបំផុតក្នុងពិភពលោក។

ប្រភពបានបន្តឲ្យដឹងថា អគារដែលមានសណ្ឋានជាត្រីកោណ ដូចជារូបលិង្គ ដែលជាទីស្នាក់ការកណ្ដាល នៃសារព័ត៌មានរបស់ចិននោះ គឺមានកម្ពស់ ៥៩០វ៉ីត (ប្រហែលជា ១៨០ម៉ែត្រ) និងមាន ៣៣ជាន់ ដែលបានបញ្ចប់ការសាងសង់ កាលពីឆ្នាំ២០១៥ និងចំណាយពេលជាង ៤ឆ្នាំ ដោយស្ថាបត្យករជនជាតិចិនវ័យ ៥៩ឆ្នាំ លោក Zhou Qi ជាមួយនឹងមិត្ដរួមការងារ នៅឯសកលវិទ្យាល័យស្ថាបត្យកម្មឌីហ្សាញ និងស្រាវជ្រាវ។ 

ទន្ទឹមនឹងនេះ សារព័ត៌មាន People’s Daily អនឡាញ បានបញ្ជាក់នៅក្នុងរបាយការណ៍ទទួលរង្វាន់នោះថា នេះគឺជាអគារតែមួយគត់ ដែលទទួលបានពានរង្វាន់ The A’Design Award នៅក្នុងឆ្នាំនេះ ដែលកាលពីក្នុងពេលបញ្ជូន សំនុំឯកសារដាក់ពាក្យប្រកួតប្រជែងទៅកាន់ The A’Design Award ពួកគេបានសរសេរថា «ពួកយើងមិនត្រឹមតែខិតខំធ្វើគ្រប់អ្វីៗ ដែលជាការច្នៃប្រឌិត ទៅតាមសហសម័យ និងសម័យទំនើបប៉ុណ្ណោះទេ ប៉ុន្តែវាក៏ឆ្លុះបញ្ចាំងពីវប្បធម៌ និងប្រពៃណីទំនៀមទំលាប់របស់យើងផងដែរ ហើយពួកយើងបានប្រើប្រាស់គម្របបាំងជុំវិញអគារ ជាលក្ខណៈ ៣D ដែលមានលាបថ្នាំយ៉ាងរលោង ដែលជាវត្ថុធាតុដើមរបស់ចិន» ។ ជាមួយគ្នានេះ ក្រុមស្ថាបត្យករ បានលើកឡើងថា បញ្ហាដ៏ធំបំផុតដែលពួកគេត្រូវប្រឈមមុខនោះ គឺការស្វែងរកវិធីសាស្រ្ត ក្នុងការបំពាក់កញ្ចក់កោង ដើម្បីបំពេញតាមជញ្ជាំង និងមានគ្របដណ្តប់គម្របរលោងសេរ៉ាមិច ការពារពីក្រៅផងដែរ។

ដោយឡែក ការប្រកួតពានរង្វាន់ The 2015-2016 A’Design Award & Competition Award មានចំនួនអ្នកឈ្នះ ១,២៧៧នាក់ ដែលមកពី ៨៨ប្រទេស ក្នុងការរចនាបែបបថខុសៗគ្នា ចំនួន៩៤ ដែលមានតាំងពី គ្រឿងសង្ហារឹម ផ្ទះ និងអគារ ដែលមានគណៈកម្មាធិការវិនិច្ឆ័យត្រឹមត្រូវ ដែលមានចំនេះដឹងខ្ពង់ខ្ពស់ ខាងផ្នែកស្ថាបត្យកម្ម ជំនាញឌីហ្សាញ សហគ្រិនភាព និងសមាជិកជាច្រើនរូបទៀត ចូលរួមផងដែរ។

គួរបញ្ជាក់ដែរថា ការិយាល័យអគារមួយនេះ មានទីតាំងស្ថិតនៅតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម នៃទីក្រុងប៉េកាំង ប្រទេសចិន ក្បែរទីស្នាក់ការកណ្តាលនៃស្ថានីយ៍ទូរទស្សន៍ CCTV  និង People’s Daily ជាក្រុមហ៊ុនកាសែតមួយ របស់រដ្ឋាភិបាលចិនកណ្ដាលផងដែរ៕

ប្រភព៖

កំណត់ត្រាខ្មែរឡូត៖

តួយ៉ាងកាលពីពាក់កណ្តាលខែកុម្ភះ បន្ទាប់ពីធ្វើការប្រជុំក្រុមប្រឹក្សារដ្ឋរបស់ប្រទេសចិនរួច បានចេញគោលការណ៍ណែនាំថ្មីមួយស្តីពីការរៀបចំផែនការទីក្រុង នៅក្នុងប្រទេស ដើម្បីរក្សាបាននូវបេតិកភ័ណ្ឌវប្បធម៌ដ៏យូរលង់ ក៏ដូចជារក្សាបាននូវសេដ្ឋកិច្ច និងទីក្រុងបៃតង ដែលអនុញ្ញាតឲ្យសាងសង់តែអគារណា មានសោភណ្ឌដល់ទីក្រុង និងតំណាងឲ្យជាតិរបស់ខ្លួនតែប៉ុណ្ណោះ។

ដោយឡែកកាលពីឆ្នាំ ២០១៤ លោកប្រធានាធិបតីចិន Xi Jinping បានផ្តល់ជាអនុសាសន៏ថា “មិនត្រូវមានការសាងសង់អគារមានរូបរាងចំឡែកៗនៅក្នុងប្រទេសឡើយ”។ នៅក្នុងឆ្នាំដដែលនោះផងដែរ អភិបាលរងក្រុងលោក Chen Gang ក៏បានប្រកាសផងដែរថា នឹងធ្វើការចាប់ខ្លួនជនណា ដែលប្រកាសថារដ្ឋាភិបាលទីក្រុងប៉េកាំង ជាអ្នកដើរតួយ៉ាងសំខាន់ក្នុងការផ្តល់សិទ្ធិកសាងអគារ ដែលបញ្ជាក់ពីស្តង់ដារទំហំអគារ ពណ៌និងវត្ថុធាតុដើមផ្សេងៗ។ យ៉ាងណាមិញ ពេលថ្មីៗនេះ ក្រុមប្រឹក្សាបានប្រកាសប្រាប់ផងដែរថា អ្នកដែលល្មើសការសាងសង់នឹងត្រូវទទួលទោសតាមច្បាប់។

គួរបញ្ជាក់ដែរថា ចិនគឺជាប្រទេសមួយ ដែលសំបូរទៅដោយរូបរាងអគារចម្លែកៗ រួមមានដូចជា អគាររាងប៉ាន់តែ អគាររាងលិង្គ អគាររាងមូលដូចព្រះខែ អគាររាងដបស្រាចិន ជាដើម ហើយអ្នកខ្លះមើលទៅហាក់បីដូចជា យានអវកាសយក្ស និងអ្នកខ្លះទៀតមើលទៅហាក់បីដូចជាដុំមេដែកយក្ស និងរួមមានអគារផ្សេងៗជាច្រើនទៀត។ ទោះជាយ៉ាងណា អគារ Poenix Towers នៅរដ្ឋធានី Wuhan ក្នុងខេត្ត​ Hubei ដែលជាអគារខ្ពស់កប់ពពកកំពុងតែធ្វើការសាងសង់នោះវិញ អាចនឹងត្រូវបញ្ចប់ការសាងសង់រួចរាល់នៅចុងឆ្នាំ២០១៧ ឬអាចដើមឆ្នាំ២០១៨ផងដែរ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ចិនឈ្នះពានរង្វាន់ពិភពលោក ក្នុងការឌីហ្សាញ អគារមានរូបរាងចម្លែកៗ
រូបភាព៖ អគារឈ្នះពានរង្វាន់មាសឆ្នើម The A’Design Award

ចិនឈ្នះពានរង្វាន់ពិភពលោក ក្នុងការឌីហ្សាញ អគារមានរូបរាងចម្លែកៗ
រូបភាព៖ អគារឈ្នះពានរង្វាន់មាសឆ្នើម The A’Design Award

ចិនឈ្នះពានរង្វាន់ពិភពលោក ក្នុងការឌីហ្សាញ អគារមានរូបរាងចម្លែកៗ
រូបភាព៖ អគារឈ្នះពានរង្វាន់មាសឆ្នើម The A’Design Award ពេលកំពុងសាងសង់

ចិនឈ្នះពានរង្វាន់ពិភពលោក ក្នុងការឌីហ្សាញ អគារមានរូបរាងចម្លែកៗ
រូបភាព៖ អគារឈ្នះពានរង្វាន់មាសឆ្នើម The A’Design Award ពេលកំពុងសាងសង់

ចិនឈ្នះពានរង្វាន់ពិភពលោក ក្នុងការឌីហ្សាញ អគារមានរូបរាងចម្លែកៗ
រូបភាព៖​ អគារចម្លែក

ចិនឈ្នះពានរង្វាន់ពិភពលោក ក្នុងការឌីហ្សាញ អគារមានរូបរាងចម្លែកៗ
រូបភាព៖​ អគារចម្លែក