ធ្លាប់ឆ្ងល់ទេថា ឲ្យតែគេងនៅកន្លែងថ្មី ហាក់ដូចជាគេងមិនលក់? ពេលនេះអ្នកវិទ្យាសាស្ត្រ បកស្រាយបានហើយ

អាមេរិក៖ អស់ពេលជាយូរមកហើយ ដែលមនុស្សជាច្រើន ធ្លាប់មានចម្ងល់ថា ឲ្យតែពេលខ្លួនគេង នៅកន្លែងថ្មីដែល មិនធ្លាប់គេងពីមុន ដឹងតែយប់ហ្នឹងប្រាកដ ជាគេងមិនលក់ជាមិនខាន ឬម្យ៉ាងវិញទៀត ព្រឹកបន្ទាប់ច្បាស់ជាអស់កម្លាំង ឬអាចមានអារម្មណ៍មិនល្អ តែយ៉ាងណាមិញ ចម្ងល់ទាំងនេះ ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រ នាពេលថ្មីៗនេះ រកឃើញ និងធ្វើការបកស្រាយពន្យល់ ឲ្យបានដឹងហើយ។

យោងតាមប្រភពរបាយការណ៍ របស់ក្រុមអ្នកវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Brown សហរដ្ឋអាមេរិក បានឲ្យដឹងថា មនុស្សភាគច្រើនតែងមាន អារម្មណ៍ថាអស់កម្លាំងខ្លាំង ក្រោយពីពួកគេបានគេង នៅកន្លែងថ្មី ដែលមិនធ្លាប់គេងពីមុនមក តែយ៉ាងណាមិញ ស្ថានភាពបែបនេះ គឺមានឡើងត្រឹមតែយប់ដំបូង ឬក៏អាចឈានដល់ ២-៣យប់ បន្ទាប់ប៉ុណ្ណោះ ដែលក្រោយៗមកទៀត គឺស្ថានភាពគេង នឹងប្រែទៅជាធម្មតា។ 

Yuka Sasaki សាស្ត្រាចារ្យជំនាញផ្នែក កម្រិតយល់ដឹង ភាសាសាស្ត្រ និងចិត្តសាស្ត្រ នៃសាកលវិទ្យាល័យ Brown ហើយក៏ជាអ្នកដឹកនាំ ក្នុងការស្រាវជ្រាវនេះ បាននិយាយថា “ក្រោយពីការពិសោធន៍ ពួកយើងបានរកឃើញថា មូលហេតុដែលធ្វើឲ្យ មនុស្សមានស្ថានភាពគេងមិនលក់ នៅកន្លែងថ្មី ឬក៏អស់កម្លាំង នាពេលព្រឹកបន្ទាប់នោះ ក៏បណ្តាលមកពី មនុស្សគេងនៅកន្លែងថ្មី ខួរក្បាលរបស់ពួកគេ ត្រឹមតែពាក់កណ្តាលប៉ុណ្ណោះ ដែលអាចសម្រាកបាន ស្របពេលដែលពាក់កណ្តាលទៀត គឺនៅភ្ញាក់ដឹងខ្លួន”។

អ្នកស្រីសាស្ត្រាចារ្យ Sasaki បានបន្តទៀតថា “យើងអាចដឹងបានថា ខួរក្បាលផ្នែកខាងឆ្វេង របស់មនុស្ស គឺនៅភ្ញាក់ដឹងខ្លួន ស្របពេលដែលខួរក្បាល ផ្នែកខាងស្តាំ អាចសម្រាកបាន យ៉ាងស្រួល។ យ៉ាងណាមិញ ដំណើរការនៃខួរក្បាលបែបនេះ គឺប្រព្រឹត្តឡើងដោយឯកឯង ហើយបើទោះជាមនុស្ស ព្យាយាមធ្វើយ៉ាងណា ដើម្បីការពារវា ក៏មិនបាននោះដែរ ដូច្នេះមានតែ ត្រៀមអារម្មណ៍សម្រាប់ព្រឹកបន្ទាប់ តែប៉ុណ្ណោះ”។

ជាមួយគ្នានេះដែរ សាស្ត្រាចារ្យ Niels Rattenborg អ្នកដឹកនាំក្រុមស្រាវជ្រាវ ទៅលើដំណេករបស់សត្វ នៃវិទ្យាស្ថានបសុវិទ្យា Max Planck ក្នុងតំបន់ Seewiesen ប្រទេសអាល្លឺម៉ង់ ក៏បានលើកឡើងថា “ស្ថានភាពរបស់មនុស្ស ទាក់ទងនឹងករណីនេះ ក៏វាដូចទៅនឹង ស្ថានភាពខ្លះៗរបស់សត្វមួយចំនួន ដូចជា ត្រីដូហ្វីន សត្វបក្សីជាដើម ដែលពួកវាអាច ដេកដោយមានខួរក្បាលពាក់កណ្តាលទៀត នៅដំណើរការ ឬក៏ភ្ញាក់ដឹងខ្លួន”។

Rattenborg បានបន្តទៀតថា “ដំណើរការទាំងនេះ របស់សត្វគឺធ្វើឡើង ដើម្បីការពារខ្លួន របស់វា ជាពិសេសគឺប្រុងប្រយ័ត្ន ពីពពួកសត្រូវ។ មិនខុសគ្នាប៉ុន្មាននោះដែរ ខួរក្បាលពាក់កណ្តាល របស់មនុស្សមានដំណើរការ នៅពេលដែលពួកគេ គេងនៅកន្លែងថ្មី គឺដើម្បីជាការប្រុងប្រយ័ត្ន ជាពិសេសគឺនៅពេលយប់ ដែលពោរពេញដោយភាពងងឹត និងរឿងគួរឲ្យខ្លាច”។

ទាំងនេះគឺជាការបកស្រាយ របស់ក្រុមអ្នកវិទ្យាសាស្ត្រ ទាក់ទងទៅនឹងចម្ងល់ជាច្រើន ចំពោះការគេងមិនលក់ នៅកន្លែងគេងថ្មី ឬក៏មានអារម្មណ៍មិនស្រស់ស្រាយ នាព្រឹកបន្ទាប់ ក្រោយពេលដែលគេង នៅកន្លែងថ្មី៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ធ្លាប់ឆ្ងល់ទេថា ឲ្យតែគេងនៅកន្លែងថ្មី ហាក់ដូចជាគេងមិនលក់? ពេលនេះអ្នកវិទ្យាសាស្ត្រ បកស្រាយបានហើយ
ភាគច្រើនអ្នកដែល គេងមិនលក់នៅកន្លែងថ្មី ក៏អាចមកពីមាន អារម្មណ៍ខ្លាច ផងដែរ