ស៊ន សៀវ​ម៉ី នឹង​ត្រូវ​បញ្ជូន​ទៅ​ ហ្វឹកហាត់​នៅ​កូរ៉េ

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​១ និង​៥​នាទី​រសៀល​ថ្ងៃ​ទី​២១ មេ​សា នេះ វីរ​កីឡាការិនី​តេ​ក្វា​ន់​ដូ​ស៊ន សៀវ​មុ​ី នឹង​វិល​ត្រឡប់​មក​មាតុប្រទេស​វិញ​ហើយ បន្ទាប់​ពី​នាង​ដណ្ដើម​​បាន​មេដាយមាស​ពី​ការ​ប្រកួត​ជម្រុះ​អូ​ឡាំ​ពិ​ក​សម្រាប់​ទ្វីបអាស៊ី និង​មេដាយ​ប្រាក់​ពី​ការ​ប្រកួត​ជើងឯក​ទ្វីបអាស៊ី​ពី​ប្រទេស​ហ្វី​លី​ពី​ន​។ បើ​ទោះជា​មិន​មាន​ក្បួន​ដង្ហែ​ដល់​នាង​ដូច​គ្នា​នឹង​ពេល​ប្រកួត​ឈ្នះ​មេដាយមាស​កីឡា​អាស៊ី​កាលពី​ឆ្នាំ​២០១៤ ប៉ុន្តែ​ពិធី​សំណេះសំណាល​មួយ​នឹង​ត្រូវធ្វើ​ឡើង​នៅ​រសៀល​នេះ​នៅ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ព្រម​ជាមួយនឹង​ការ​ផ្ដល់​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ផង​ដែរ ។ ជាមួយ​គ្នា​នោះ ក៏​មានការ​បញ្ជាក់​ថា នាង​នឹង​ត្រូវ​ទទួល​សិទ្ធិ​ទៅ​ហ្វឹកហាត់​យ៉ាង​ហោច​២​ខែ​នៅ​ក្នុង​ប្រទេស​កូរ៉េ ដើម្បី​ត្រៀម​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​នៅ​ប្រទេស​ប្រេ​ស៊ី​ល​នា​ពេល​ខាង​មុខ ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ បាន​ថ្លែងប្រាប់​ថា ចាប់តាំងពី​ប្រទេស​កម្ពុជា​ក្លាយជា​សមាជិក​ របស់​កីឡា​អូ​ឡាំ​ពិ​ក​ពិភពលោក​កាលពី​ឆ្នាំ​១៩៥៤​មក នេះ​ជា​លើក​ដំបូង​បំផុត​ដែល​កីឡាការិនី​កម្ពុជា​ មាន​សិទ្ធិ​អង្គុយ​កៅអី​ទៅ​ប្រកួត​ដោយ​ស្វ័យប្រវត្តិ ដោយ​មិនមែន​ជា​សិទ្ធិ​ដែល​ខាង​អូ​ឡាំ​ពិ​ក​ធ្លាប់​បាន​អនុគ្រោះ​ឡើយ។ លោក​ថា នេះ​ជា​អ្វី​ដែល​កម្ពុជា​ចង់បាន និង​មាន​មោទនភាព​បំផុត ដែល​មាន​ន័យ​ថា​វត្តមាន​របស់ ស៊ន សៀវ​ម៉ី នៅ​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​នា​ខែសីហា​ខាង​មុខ​នេះ គឺ​នឹង​ធ្វើ​ឲ្យ​ពិភពលោក​ទទួលស្គាល់​សមត្ថភាព​អត្ត​ព​លិ​ក​របស់​កម្ពុជា ។ លោក​ថា​នា​ពេល​កន្លង​មក ប្រទេស​កម្ពុជា​តែងតែ​ទទួល​បាន​​សិទ្ធិ​ឲ្យ​ចេញ​ទៅ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​រៀង​រាល់​៤​ឆ្នាំ​ម្ដង ប៉ុន្តែ​ឱកាស​ដែល​កម្ពុជា​ទទួល​បាន​នោះ គឺ​សម្រាប់​តែ​វិញ្ញាសា​រត់ប្រណាំង​២​នាក់ និង​វិញ្ញាសា​ហែល​ទឹក​២​នាក់​ប៉ុណ្ណោះ ។ លោក​ថា កីឡាករ​-​កីឡាការិនី​កម្ពុជា​មិន​ដែល​ប្រកួត​ដណ្ដើម​កៅអី​ដើម្បី​ចេញ​ទៅ​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​នោះ​ទេ ទើប​គណៈកម្មាធិការ​កីឡា​ពិភពលោក​មួយ​នេះ​ផ្ដល់​សិទ្ធិ​អនុគ្រោះ​ឲ្យ​ទៅ​ប្រកួត​តែ​លើ​វិញ្ញាសា​តិចតួច​ដូច​ជា​ហែល​ទឹក រត់ប្រណាំង និង​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ក៏​មាន​តេ​ក្វា​ន់​ដូ​តំណាង​ដោយ​ស៊ន ដា​វី​ន​ម្នាក់​ដែរ​។ លោក​ចាត់​ទុក​ថា នេះ​ជា​ការ​បើក​ប្រវត្តិសាស្ត្រ​ក្នុង​រយៈពេល​៦២​ឆ្នាំ​ដែល​កម្ពុជា​បាន​ក្លាយជា​សមាជិក​របស់​អូ​ឡា​ពិ​ក ដែល​មាន​ន័យ​ថា ក្រោយ​ពី ស៊ន សៀវ​ម៉ី ទទួល​បាន​កៅអី​ដោយ​ស្វ័យប្រវត្តិ​សម្រាប់​ទ្វីបអាស៊ី ក៏​ពិតជា​មាន​កីឡាករ និង​កីឡាការិនី​បន្ត​ទៀត​ផង​ដែរ ដែល​លោក​កំពុង​ផ្ដោត​ការ​រំពឹង​លើ​កីឡា​បោកចំបាប់​ដែល​នឹង​ធ្វើការ​ប្រកួត​ជម្រុះ​សម្រាប់​ទ្វីបអាស៊ី​ដូច​គ្នា​នៅ​ចុង​ខែមេសា​នេះ​។

យ៉ាងណា​ក៏​ដោយ​លោក​បាន​ថ្លែង​ថា​៖«៦២​ឆ្នាំ​គត់​ដែល​កម្ពុជា​មាន​កៅអី​ពេញ​សិទ្ធិ​នៅ​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក ប៉ុន្តែ​មេដាយមាស​នេះ​វា​មិន​អាច​ស្មើនឹង​មេដាយ​ដែល ស៊ន សៀវ​ម៉ី ដណ្ដើម​បាន​ពី​ការ​ប្រកួត Asian Games នោះ​ទេ វា​គ្រាន់តែ​ជា​ការ​ប្រកួត​ជើងឯក​ប៉ុណ្ណោះ ។ អ​ញ្ចឹ​ង​ហើយ​ទើប​យើង​មិន​ធ្វើ​ក្បួន​ដង្ហែ​ឲ្យ​គគ្រឹកគគ្រេង​សម្រាប់​ការ​ត្រឡប់​មក​វិញ​របស់​គាត់​ឲ្យ​ដូច​មុន​បាន ។ ម្យ៉ាង​មេដាយ​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​ជម្រុះ​ក្នុង​ទ្វីប និង​ប្រកួត​ជើងឯក​ប្រចាំ​ទ្វីប​អ​ញ្ចឹ​ង វា​អត់​មាន​ចែង​ថា​ត្រូវ​ឲ្យ​រង្វាន់​ប៉ុន្មាន​ដូចនឹង​មេដាយ​ពី​Games ទើប​យើង​អត់​ហ៊ាន​ថា​ការ​លើកទឹកចិត្ត​គាត់​ថ្ងៃ​ហ្នឹង​នឹង​បាន​ប៉ុន្មាន​នោះ​ទេ​!» ។ លោក​ថា ស៊ន សៀវ​ម៉ី នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ពី​ការ​ស្វាគមន៍​សម្រាប់​មេដាយមាស​មួយ និង​ប្រាក់​មួយ​ដែល​ទើប​ទទួល​បាន​នេះ ប៉ុន្តែ​បើ​ឲ្យ​កំណត់​ថា​៨០​លាន ឬ​១០០​លាន​រៀល​ដូច​គ្នា​នឹង​លើក​មុន គឺ​អត់​ទាន់​ដឹង​យ៉ាងម៉េច​នោះ​ទេ​!» ។ លោក​ថា ការ​ស្វាគមន៍​នាង​ដល់​ព្រ​លាន​យន្តហោះ​ថ្ងៃនេះ នឹង​មាន​ប្រតិភូ​ពី​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​ទៅ​ច្រើន ហើយ​សម្រាប់​ការ​សំណេះសំណាល​បន្ទាប់​ពី​មក​ដល់​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ក៏​នឹង​មាន​រដ្ឋមន្ត្រី​២​រូប គឺ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក​ថោ​ង ខុន ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​លោក ហង់ ជួនណា​រ៉ុ​ន ផង​ដែរ​។

លោក វ៉ា​ត់ ចំរើន បញ្ជាក់​ថា ស៊ន សៀវ​ម៉ី នឹង​ត្រូវ​បញ្ជូន​ឲ្យ​ទៅ​ហ្វឹកហាត់​នៅ​ក្នុង​ប្រទេស​កូរ៉េ​ចាប់ពី​២​ទៅ​៣​ខែ ដោយ​ខាង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​ត្រៀម​ស្នើ​សុំ​ទៅ​កាន់​ភាគី​កូរ៉េ​ដែល​ធ្លាប់​ជ្រោមជ្រែង​ឲ្យ​នាង​ហ្វឹកហាត់​មិន​ឲ្យ​យូរថ្ងៃ​នោះ​ទេ ។ លោក​មាន​ប្រសាសន៍​ថា​៖«​សម្រាប់​អូ​ឡាំ​ពិ​ក​នៅ​ខែសីហា​ហ្នឹង អា​សៀវ​ម៉ី ដាច់ខាត​ត្រូវ​តែ​ហ្វឹកហាត់​នៅ​បរទេស​យ៉ាង​ហោច​ជាង​២​ខែ​មុន​ទៅ​ប្រកួត ហើយ​កូរ៉េ​គេ​ពិតជា​ទទួល​ឱ្យ​ហ្វឹកហាត់​តាម​ការ​ស្នើ​សុំ​របស់​យើង ដោយសារ​តែ​នាង​ទើបតែ​ឈ្នះ​មេដាយ​បាន​កៅអី​ទៅ​ប្រកួត​នៅ​អូ​ឡាំ​ពិ​ក​ជា​លើក​ទី​១​បែប​នេះ​!» ។ លោក​ថា ក្ដី​សង្ឃឹម​សម្រាប់​សៀវ​ម៉ី ក្នុង​ការ​ប្រកួត​នៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​ត្រូវ​ផ្អែក​លើ​ការ​ហ្វឹកហាត់​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​មុខ​នេះឯង ហើយ​បើ​នាង​មានសំណាង​បាន​ឈ្នះ​មេដាយ​ណាមួយ​ត្រឡប់​មក​វិញ នោះ​ពិតជា​មុខ​មាត់ធំ​ណាស់​សម្រាប់​កម្ពុជា​នៅ​លើ​ពិភពលោក ដោយ​មិន​ចាំបាច់​តែ​មេដាយមាស​នោះ​ទេ ដោយសារ​តែ​អូ​ឡាំ​ពិ​ក​គឺជា​ព្រឹត្តិការណ៍​កម្រិត​ពិភពលោក​ដែល​ធំ​ជាង​ការ​ប្រកួត​ប្រចាំ​ទ្វីបអាស៊ី ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ស៊ន សៀវ​ម៉ី នឹង​ត្រូវ​បញ្ជូន​ទៅ​ ហ្វឹកហាត់​នៅ​កូរ៉េ

ស៊ន សៀវ​ម៉ី នឹង​ត្រូវ​បញ្ជូន​ទៅ​ ហ្វឹកហាត់​នៅ​កូរ៉េ

ស៊ន សៀវ​ម៉ី នឹង​ត្រូវ​បញ្ជូន​ទៅ​ ហ្វឹកហាត់​នៅ​កូរ៉េ

ស៊ន សៀវ​ម៉ី នឹង​ត្រូវ​បញ្ជូន​ទៅ​ ហ្វឹកហាត់​នៅ​កូរ៉េ

ស៊ន សៀវ​ម៉ី នឹង​ត្រូវ​បញ្ជូន​ទៅ​ ហ្វឹកហាត់​នៅ​កូរ៉េ

ស៊ន សៀវ​ម៉ី នឹង​ត្រូវ​បញ្ជូន​ទៅ​ ហ្វឹកហាត់​នៅ​កូរ៉េ